Ad Code

ហេតុអ្វី​បានជា​គេ​ថា​ព្រះ​នារាយណ៍​ជា​អាទិទេព ទឹក​?

ប្រាង្គ​ប្រាសាទបុរាណ​ដែល​បាន​បន្សល់ទុក​មកដល់​បច្ចុប្បន្ននេះ គឺជា​ភស្តុតាង​បង្ហាញថា​ដូនតា​ខ្មែរ​មាន​ជំនឿ​ទៅលើ​សាសនា ជាពិសេស​ក្នុង​ជំនឿ​ដ៏​ខ្ពង់ខ្ពស់​ទៅលើ​ព្រះអាទិទេព​ពិត ប្រាកដ។ ជុំវិញ​បញ្ហា​ជំនឿ​និង​ការគោរព​បូជា​ព្រះអាទិទេព​នោះ មានដូចជា ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍​ជាដើម​។ ប៉ុន្តែ​មតិ​ទូទៅ​បានកត់សំគាល់​តាម​ចម្លាក់​នៃ​ប្រាង្គ​ប្រាសាទ​នានា​ភាគច្រើន​និង​បដិមា​ព្រះ​នារាយណ៍​ឬ​ព្រះ​វិស្ណុ​ផង​នោះ គេ​បានដាក់​ព្រះនាម​ព្រះអង្គ​ថា ជា អាទិទេព​ខាង​ទឹក​។ តើ​មូលហេតុ​អ្វីដែល​គេ​និយាយថា ព្រះ​នារាយណ៍​ជា​អាទិទេព​ទឹក​?

បើតាម​ការកត់សំគាល់​តាមរយៈ​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ដែល​ភាគច្រើន​ប្រាសាទ​ក្នុងសម័យ​នោះ គេ​បានឃើញ​បដិមា​ព្រះ​វិស្ណុ​ឬ​ព្រះ​នារាយណ៍​ក្នុង​ឥរិយាបថ​ពីរបែប​ដែល​សុទ្ធតែ​ឋិត​ក្នុង​នៅក្នុង​មូលដ្ឋាន​នៃ​ទឹក​គឺ​៖
ទី​១-​ព្រះ​វិស្ណុ ទ្រង់​ផ្ទំ​លើ​នាគ​មានឈ្មោះ​អានន្ទ ជា​គ្រែ​ដែល​បាន​អណ្តែត​លើ​ជលសា​។ បដិមា​នេះ​គេ​ឃើញ​នៅ​ប្រាសាទបារាយណ៍​ខាងលិច​និង​មាន​ចម្លាក់​ជាច្រើន​ទៀត ដូចជា​ចម្លាក់​នៅ​ក្បាលស្ពាន​ជាដើម​។ ព្រះ​នារាយណ៍​ទ្រង់​ផ្ទំ​ជា​លក្ខណៈ​នៃ​ភាពសុខសាន្ត កណ្ដាល​ផ្ទៃ​ទឹក ហើយ​ដែលមាន​ដើម​ឈូក​ដុះ​ចេញពី​ផ្ចិត​ព្រះអង្គ បង្កើតបានជា​ផ្កាឈូក​ដ៏​ធំ​មួយ​សម្រាប់​ជា​បល្ល័ង្ក​នៃ​ព្រះព្រហ្ម ដែល​ទ្រង់​គង់​ពែនភ្នែន​ពីលើ​នេះ​។ អ្នកវិភាគ​អំពី​បញ្ហា​ចម្លាក់​ដ៏​មានន័យ​នេះ​បានអោយដឹងថា​៖ ចំណុច​សម្រាប់​សំគាល់ថា​ទឹក​នោះ​គឺ​នាគ ព្រោះ​នាគ​ជា​ជំនិះ​របស់​ព្រះ​ពិរុណ​។ នៅក្នុង​ឧ​ត្ត​ម​គតិ​ដូនតា​បានចាត់ទុក​នាគ​ជា​តំណាង​ទឹក​ដូច​ពាក្យ​ថា នាគ​លេង​ទឹកជា​ដើម​។ លើសពីនេះទៅទៀត បញ្ហា​នាគ​គឺជា​អំបូរ​របស់​ជនជាតិខ្មែ​រ​ដែល​បាន​បន្ដ​មក​តាំងពី​រឿងព្រេង​ព្រះថោង​នាងនាគ​មកម្ល៉េះ​។ នៅ មាន​បញ្ហា​មួយទៀត​តាមរយៈ​ការវិភាគ​អំពី​ដើម​ឈូក​ដែល​ដុះ​ចេញពី​ផ្ចិត​របស់​ព្រះ​នារាយណ៍​ដែល​តាម​ធម្មតា​ឈូក​តែង​ដុះ​ក្នុង​ទឹក ឬ​មាន​ដីល្បាប់​ទើប​មានការ​លូតលាស់​។ គេ​ថា ឈូក​មិនដែល​ដុះ​ចេញពី​ដីគោក​នោះឡើយ​។ ត្រង់​នេះហើយ​ដែល​គេ​បាន​អះអាងថា ក្នុង​ព្រះកាយ​របស់​ព្រះ​វិស្ណុ​ឬ​ព្រះ​នារាយណ៍​នោះ ក៏​ជា​ទឹក​ដែរ​ទើប​ដើម​ឈូក​ចេះតែ​ដុះ​មក​បាន​ថែមទាំង​មានការ​បញ្ចេញ​ផ្កា​យ៉ាងនេះ​។​
ទី​២-​ជា​រឿង​សាមញ្ញ​ទៅហើយ​ព្រោះ​គេ​តែង​ជួបប្រទះ​ក្បាច់ចម្លាក់​តាម​ប្រាសាទ​នានា​ដូចជា​តាមរយៈ​ផ្តែរ​និង​ហោជាងប្រាសាទ​ជាដើម​នោះបាន​បង្ហាញ​អំពី​ទេវ​កថា​មហា​បេសកកម្ម​កូរ​សមុទ្ទ​ទឹកដោះ​។ បើ​គេ​ពិនិត្យ​ទៅតាម​រូបចម្លាក់​នោះ បញ្ហាសំខាន់​ដែលជា​ឧបករណ៍​ឬ​ជា​សម្ភារៈ​សម្រាប់​បង្កើត​នូវ​ចលនា​កូរ​សមុទ្ទ​អោយ​ពុះពោរ​ឬ​កញ្ជ្រោល​ឡើង​នោះ គឺ​នាគ​វា​៉​សុ​គី​តែម្តង​ដែល​បាន​ដើរតួ​ជា​ខ្សែព្រ័ត្រ​។ នាគ​ដែល​ដើរតួ​ដ៏​សំខាន់​សម្រាប់​ធ្វើអោយ​ភ្នំ​ម​ន្ទ​រៈ​ជា​ស្នូល​បាន​វិលខ្ញាល់​នោះ គឺ​នាគ​នោះ​ក៏​តំណាងអោយ​ទឹក​ឬក៏​តំណាងអោយ​ប្រព័ន្ធ​នៃ​ការប្រើប្រាស់​ទឹក​។ ម្យ៉ាងទៀត​សមុទ្ទ​ទឹកដោះ​ក៏​ជា​ផ្ទៃ​ទឹក​ដ៏​ធំ​មួយ​ដែលមាន​ទឹកអម្រឹត​កប់​នៅក្នុង​នោះ ដែល​ភាគី​នៃ​អ្នក​កូរ​សមុទ្ទ​មានបំណង​ចង់បាន​ទឹកអម្រឹត​។ មានន័យថា ជាការ​ស្វែងរក​ទឹក​ដែល​នៅក្នុង​ផ្ទៃ​ទឹក​។ យ៉ាងនេះ​ហើយ​ទើប​បេសកកម្ម​នៃ​ព្រះ​វិស្ណុ​ក្នុងការ​ចាត់ចែង​ដឹកនាំ​ភាគី​ខាង​អសុ​រៈ​និង​ភាគី​ខាង​ទេវៈ​អោយ​បញ្ចេញ​ពលកម្ម​កូរ​សមុទ្ទ នេះ គេ​ចាត់ទុក​ព្រះ​វិស្ណុ​ជា​អាទិទេព​ទឹក​។​
សរុបសេចក្តី​មក តាមរយៈ​នៃ​ការកត់សំគាល់​អំពី​ព្រះបេសកកម្ម​របស់​ព្រះ​វិស្ណុ​តែងមាន​ព្រះ​វត្តមាន​លើ​ផ្ទៃ​ទឹក​តាមរយៈ​កិច្ចការ​ទឹក​ឆ្ពោះទៅរក​គោលដៅ​គឺ​ទឹកអម្រឹត​នោះ ទើប​មជ្ឈដ្ឋាន​ជាច្រើន​យល់ថា ព្រះអង្គ​ជា​អា​ទេព​ទឹក​ពិតប្រាកដ​៕
ឥន្ទ្រី​យ៍​ខ្មៅ​

Post a Comment

0 Comments

Close Menu