Ad Code

លោក​អនុ​ភូមិ​តា​នៃ​នៅ​​ពីក្រោយ​ខ្នង​ការ​ឈូស​ឆាយ​ដី​ព្រៃ​គ្មាន​ច្បាប់


កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​២៣​នាទី អ្នក​យក​ព័ត៌មាន​យើង បាន​ចុះ​ទៅដល់​កន្លែង​ឈូស​ឆាយ​ដី​នៅ​ចំណុច​ហុង​ទឹក​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង ដោយ​ប្រើ​គ្រឿងចក្រ​ប៊ុល D60 ឈូស​ឆាយ​ដី​ព្រៃ​យ៉ាង​អានាធិបតេយ្យ និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ការ​ឈូស​ឆាយ​ខាងលើ​គឺ​ឈូស​រំលោភ​ដី​ព្រៃ​ ដោយ​គេ​ស្គាល់​ថា ​អ្នក​ឈូស​ឆាយ​មាន​ឈ្មោះ ស ប៊ុនធឿន​(​ហៅ​រ៉ា​ន់​) ជា​មេការ អតីត​ទាហាន​បន្ទាយលង្វែក​ចូល​សោធន​និវត្ត​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​ខាង​លើ​នេះ មាន​ឈ្មោះ ឌុ​ច វ៉ាត ជា​អនុ​ភូមិ​តា​នៃ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​សកម្មភាព​ការ​ឈូស​ឆាយ​ខាង​លើ​នេះ និង ឈ្មោះ សួន សារ៉ាត់ ដោយ​ទទួល​បាន​លាភសក្ការៈ​ពី​ម្ចាស់​គ្រឿងចក្រ​ក្នុង​មួយ​ម៉ោង​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។ ការ​ឈូស​ឆាយ​នេះ គ្រឿងចក្រ​ប៊ុល d60 ខាងលើ​ដែល​ឈូស​ឆាយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រូវ​បាន​ប្រភព​បន្ត​ឲ្យ​ដឹង​ថា ​ពួកគេ​ទទួល​បាន​កម្រៃ​២៦​ទៅ​២៧​ម៉ឺន​រៀល​ក្នុង​១​ម៉ោង​។ ពុំនោះ​ទៀត​សាត​ក្នុង​ការ​ឈូស​ឆាយ​របស់​គ្រឿងចក្រ​នោះ គឺ​មាន​ការ​ចាំ​ជួយ​មើលផ្លូវ​ពី​លោក ឌុ​ច វ៉ាត ជា​អនុ​ភូមិ​តា​នៃ និង​លោក សួន សា​រ៉ា​ត ដើម្បី​រាយការណ៍​ឲ្យ​គ្រឿងចក្រ​ចេញពី​កន្លែង​ឈូស​ឆាយ​ពេល​មាន​សមត្ថកិច្ច​ទៅដល់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​យក​លេស​ថា ឈូស​ឆាយ​ពង្រាបដី​ក្បាល​ស្រែ​។ មិន​តែ​ប៉ុណ្ណោះ ការ​ឈូស​ឆាយ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ព្រំ​ដី​របស់​ប្រជាពលរដ្ឋ​ជិតខាង​មានការ​ថ្នាំងថ្នាក់​ក្តៅក្រហាយ។ អ្នក​នៅ​ជាប់​ព្រំ​ដី​ខាងលើ​បាន​និយាយ​ថា​ គ្រាន់តែ​ពង្រាប​ក្បាល​ដី​ស្រែ ​យក​ត្រាក់ទ័រ​កង់​កៅស៊ូ​ក៏​អាច​រុញ​ពង្រាប​បាន​ដែរ មិន​ចាំ​បាច់​ដល់​ថ្នាក់​គ្រឿងចក្រ​កង់​ច្រវាក់ D60 ទៅ​ឈូស​ឡើយ​។

មេឃុំ​ជៀប លោក គង់ គីម បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា សកម្មភាព​ការ​ឈូស​ឆាយ​ខាង​លើ​នេះ បាន​ចូល​មក​ឈូស​ឆាយ​ជាថ្មី កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ ដោយ​ក្រុម​ឈូស​ឆាយ​នេះ​ លោក​មិនបាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​គ្រឿងចក្រ ឬ​មានការ​សុំច្បាប់​អនុញ្ញាតិ​ត្រឹម​ត្រូវ​ឡើយ។ ទោះ​យ៉ាង​ណា​ក៏ដោយ​មជ្ឈដ្ឋាន​ទូទៅ​បាន​ដាក់​បន្ទុក និង​សង្ស័យ​ថា​ អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​ជំនាញ ប្រហែលជា​ធ្វើ​ពុត​ដេកលក់ ហើយ​ទទួល​បាន​លាភសក្ការៈ​សើម​មាត់​សើ​មក​ហើយ​មើលទៅ ទើប​សកម្មភាព​ឈូស​ឆាយ​នេះ​អាច​បន្ត​បានជា​ហូរហែ​ដូច្នេះ​។ មិនតែប៉ុណ្ណោះ មិន​ត្រឹមតែ​ចំណុច​ខាង​លើ​នេះ​ទេ នៅ​មាន​កន្លែង​ជាច្រើន​ទៀត​ក្នុងស្រុក​ទឹកផុស​ដែល​មាន​សកម្មភាព​ឈូស​ឆាយ​រាប់​រយ​ហិកតា​គ្មាន​ច្បាប់​ដូច​គ្នា​នេះ​ផង​ដែរ៕

ថ្លាង ទូច


Post a Comment

0 Comments

Close Menu