Ad Code

ដួង ស្រី​ពេជ្រ វិលក្បុង​នឹង​អាជីព​កាច់រាង​នៅមុខ​កាមេរ៉ា

ភ្នំពេញ ៖ តារា​សំដែង​ដែល​និយម​បង្ហាញ​នៅ​ភាព​សិច​ស៊ី​មិន​ខ្លាច​ការរិះគន់​កញ្ញា​ ដួង ស្រី​ពេជ្រ ​បាន​និយាយ​ប្រាប់​«​កម្ពុ​ជាថ្មី​»​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​៧​ខែ ​ឆ្នាំ​២០១៥​នេះ ​សន្ទុះ​ការងារ​សិល្បៈ​របស់​នាង​ឡើង​ស្រឺតៗ​តែម្ដង ពោល មាន​ខ្សែភាពយន្ត​ភាគ​ និង​ខ្សែភាពយន្ត​ខ្នាត​ធំ​ចំនួន​១០​រឿង​ ដែល​នាង​បាន​ថត​សំដែង​រួច​មក​ហើយ ព្រមទាំង​មានរឿង​មួយ​ចំនួន​ទៀត​កំពុង​ចុះ​កុងត្រា​ជាមួយ​ម្ចាស់​ផលិតកម្ម​ផង​ដែរ។​

ដួង ស្រី​ពេជ្រ​ និយាយ​បន្ត​ថា ចំពោះ​ខ្សែភាពយន្ត​ទាំង​១០​រឿង ​ដែល​នាង​បាន​ថត​សំដែង​នោះ​រួម​មានរឿង​«​មាស​សុទ្ធ​» «​អមតៈ​បេះ​ដូង​» «​បុប្ផា​៤​ទង​» «​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍​» «​ខ្មោច​ទឹក​» «​ព្រលឹង​ហ្វេ​ស​ប៊ុ​ក​» «​អាណា​នាំ​ខ្មោច​ចូល​ភូមិ​» «​ហ្វេ​ស​ប៊ុ​ក​ផ្ដាច់​វិញ្ញាណ​» «​ក្រមុំ​សៅកែ​» ​និង​រឿង​«​អាមោក​លក់​មុំា»។

នាង​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំនេះ​ នាង​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ​ដោយ​មួយ​ថ្ងៃៗ​រវល់​នឹង​ការងារ​ថតកុន​ ដែល​ពេលខ្លះ​ថត​តាំងពី​ព្រឹក​ដល់​យប់ ពី​យប់​ដល់​ភ្លឺ​ ក៏​មាន​ដែរ ព្រមទាំង​ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ និង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ជា​ដើម​។

តារា​សំដែង​ដែល​កំពុងតែ​ឡើង​កូដ​ដ៏​ស្រស់​សោភា​រូប​នេះ​និយាយ​បន្ថែម​ថា កត្តា​សំខាន់​ដែល​ធ្វើ​អាជីព​សិល្បៈ​របស់​នាង​ទទួល​បាន​នៅ​ភាព​ជោគជ័យ​នោះ ​ក៏​ដោយសារតែ​ការ​តស៊ូ​ព្យាយាម ការ​គោរព​ពេលវេលា មិន​ប្រកាន់​ការងារ​តូច​ ឬ​ធំ បូករួម​នឹង​ទេពកោសល្យ​សិល្បៈ​របស់​នាង​ ទើប​អ្វីៗ​មាន​ភាព​រលូន​រហូត​មកដល់ពេលនេះ។

បន្ទាប់​ពី​អាជីព​សិល្បៈ​ទទួល​បាន​នៅ​ផ្លែផ្កា​ដែល​អាច​រក​ប្រាក់​កម្រៃ​បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​នោះ​ កញ្ញា​ ដួង ស្រី​ពេជ្រ​ ក៏បាន​ឆ្លើយតប​នឹង​សំណួរ​របស់​«​កម្ពុ​ជាថ្មី​»​ ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​ថា រហូតមកដល់​ពេលនេះ ​ចំណង​ស្នេហ៍​រវាង​នាង​ជា​មួយ​នឹង​អ្នក​សំបូរ​ទ្រព្យ​ម្នាក់​បាន​បែកបាក់​ចែក​ផ្លូវ​គ្នា​ជា​យូរ​មក​ហើយ។ ចំពោះ​រឿង​នេះ​ដែរ ​នាង​មិនដែល​គិត​នោះ​ទេ​ពីព្រោះ​នាំ​តែ​អំពល់​ចិត្ត ហើយក៏​មិនទាន់​ទទួលយក​អ្នកថ្មី​ដើម្បី​មក​ស្អំ​ថែ​បេះដូង​នោះ​ដែរ៕


ដួង ស្រី​ពេជ្រ វិលក្បុង​នឹង​អាជីព​កាច់រាង​នៅមុខ​កាមេរ៉ា

Post a Comment

0 Comments

Close Menu