Ad Code

បែក​ធ្លាយ​រូបភាព​កញ្ញា​សា​សា​នៅ​ក្នុង​អាហារដ្ឋាន ​តោ​ពីរ

បាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥​នេះ តុលាការ​ខេត្ត​បាត់ដំបង​បាន​កោះហៅ​មនុស្ស​មួយ​ចំនួន ដែល​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណើររឿង នៃ​ការ​ផឹកស៊ី​ជាមួយ​នឹង​កញ្ញា​សា​សា ហើយ​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មក​ចូលខ្លួន​បំភ្លឺ​។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​ពុំបាន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ទេ​។ ដូច្នេះ​តុលាការ​ខេត្ត​បាត់ដំបង​នឹង​មាន​វិធានការ​ក្ដៅ​សាជាថ្មី​ចំពោះ​ពួកគេ​ទាំងនោះ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុននឹង​ធ្វើការ​កោះហៅ​នោះ​គឺ​ខាង​សមត្ថកិច្ច​ក៏​ដូច​តុលាការ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​រួច​អស់ហើយ ដោយ​មាន​រូបភាព​យក​ចេញពី​វីដេអូ​ដែល​ថត​កញ្ញា​សា​សា​នៅ​ក្នុង​ភោជនីយដ្ឋាន​តោ​ពីរ​ទៀត​ផង។ ចំណែក​វីដេអូ​នៅ​ចំណុច​កើតហេតុ​នោះ​ក៏​មាន​ដែរ ដោយ​ឃើញ​មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់ ដោយ​ស្ត្រី​ម្នាក់​នោះ​ដូច​នឹង​ភិនភាគ​កញ្ញា​សា​សា​នៅ​ក្នុង​ហាង​តោ​ពីរ​នេះ។ ករណី​នេះ​អាច​សន្និដ្ឋាន​បានថា​កញ្ញា​សាសា​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​យ៉ាង​ច្បាស់។ តែ​ទោះ​យ៉ាងណា​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​បន្តទៀត ព្រោះ​ភាគី​ពាក់ព័ន្ធ​មិនបាន​ចូលខ្លួន​តាម​ការ​កោះហៅរ​បស់​តុលាការ​នោះទេ។

គួរ​រំលឹក​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​កញ្ញា​សា​សា មាន​វត្តមាន​នៅក្នុង​អាហារដ្ឋាន តៅ​ពីរ ព្រម​ទាំង​មាន​គ្នីគ្នា​ប្រមាណ​១០​នាក់ ដោយ​ពេលនោះ​កញ្ញា​សា​សាបាន​ផឹកស្រា​បា​ឡង់​ទីន​ដូច​ផឹកទឹក ព្រមទាំង​បាន​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​របស់​នាង​ម៉ាក​Porsche ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-7888 ផង​ដែរ។ បន្ទាប់ពី​ពួកគេ​បាន​ផឹក​ស៊ី​ស្រវឹង​ហើយ​នោះ ពួក​គេ​ ក៏​មាន​គម្រោង​បន្ត​ការ​រាំរែក​នៅ​ក្លិប​កម្សាន្ត​ស្តារ​ឡាយ​ជា​បន្ត​ទៀត ប៉ុន្តែ​នៅ​ពេល​នោះ​ ហើយ​ដែល​រថយន្ត​របស់​កញ្ញា​សា​សា ត្រូវ​ជួប​នឹង​ឧបទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ នៅត្រង់​ចំណុច​​​​​​​​​ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​២ ​ខែ​សីហា ​ឆ្នាំ​២០១៥​នោះ​​​តែម្តង ដោយ​បាន​បើក​ទៅ​បុក​លើ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ទឹកកក។

ក្នុង​ហេតុការណ៍​នោះ​ដែរ ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ចរាចរណ៍​ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​គឺ​ពុំបាន​ធ្វើការ​វាស់​វែង​ដើម្បី​រក​ចំណុច​ខុសត្រូវ​ឡើយ បែរជា​បណ្តោយ​ទុក​ឲ្យ​តំណាង​ភាគី​រថយន្ត​បង្ក​ធ្វើការ​ដោះស្រាយ​​ជាមួយ​ជនរងគ្រោះ​ដោយ​ខ្លួនឯង នូវ​សំណង​ជា​ទឹកប្រាក់​ចំនួន​៣​លាន​រៀល ហើយក៏​មាន​អ្នក​ទៅ​ជម្លៀស​កញ្ញា​សា​សា​ចេញពី​ចំណុច​កើតហេតុ​ភ្លាមៗ​ដោយ​ទុក​ឲ្យ​ឈ្មោះ​ឡូ ប៊ុន​រិ​ទ្ធ ហៅ​តូ ថៅកែ​ផ្ទះសំណាក់​ស្តារ​វីឡា ជា​អ្នក​ចេញមុខ​ដោះស្រាយ​ជំនួស​វិញ​ រីឯ​រូប​នាង​បាន​ទៅ​សម្ងំ​ដេក​នៅក្នុង​សណ្ឋាគារ ភ្លាស់​ស៊ី​យ៉ាង​រំភើយ ព្រោះ​រថយន្ត​ដែល​រង​ការខូចខាត​មិន​អាច​បើកបរ​បាន​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​លក់​រថយន្ត​យីហោ​ហេង ហ៊ុយ ជា​អ្នកចាត់ចែង​ជួល​ឡានស្ទូច​របស់​លោក អាន មក​ស្ទូច​ចេញពី​ចំណុច​កើតហេតុ​ដែរ។

បន្ទាប់ពី​មានការ​លាក់លៀម​ពី​សំណាក់​សមត្ថកិច្ច​ចរាចរណ៍​ ដែល​មិន​មានការ​រាយ​ការណ៍​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដែល​សុទ្ធ​សឹង​ជា​ករណី​ធ្ងន់ធ្ងរ និង​បន្ទាប់ពី​មានការ​វាយបក​មក​លើ​អ្នកសារព័ត៌មាន​ពី​សំណាក់​កញ្ញា​សា​សា​រួចមក លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ចេញ​ដីកា​កោះ ព្រមទាំង​បាន​បញ្ជា​ទៅ​លោក​ស្នង​ការរង ជេ​ត វណ្ណ​នី ដែល​ទទួល​ការងារ​យុត្តិធម៌​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ប្រមូល​ឯកសារ​ទាំងអស់​ដែល​ពាក់ព័ន្ធ និង​កោះហៅ​មនុស្ស​មួយចំនួន​ ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ផឹក​ស៊ី​ជាមួយនឹង​កញ្ញា​សា​សា ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅក្នុង​តុលាការ​នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៥​ ក្រោម​ការសាកសួរ​ពី​លោក​ព្រះរាជអាជ្ញារង តូច ភក្តី ដើម្បី​ចង់​ដឹង​ពី​ការពិត និង​ការ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ​អ្នកសារព័ត៌មាន ដែល​ជា​កាសែត​អាជីព មាន​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ហើយ​លោក​ក៏​ចង់​ដឹង​ដែរ​ថា​តើ​រថយន្ត​ដែល​បង្ក​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នកណា​? ជៀសវាង​នូវ​ការ​បដិសេធ​របស់​កញ្ញា​សា​សា ដែល​បច្ចុប្បន្ន​រឿង​ក្តីក្តាំ​របស់​នាង​មិនទាន់​ត្រូវ​បាន​បញ្ចប់​នោះ។

លោក ស្នងការ​រង ជេ​ត វណ្ណ​នី ក្រោយពី​បាន​ទទួល​នូវ​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​រួចមក លោក​ក៏បាន​លើក​ឡើង​ថា បញ្ហា​ដែល​តារា​មួយ​រូប​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​ល្បី​រន្ទឺ​នេះ លោក​បាន​បញ្ជូន​ដីកា​កោះហៅ​ទៅលើ​មនុស្ស​មួយ​ចំនួន​ ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ ដោយ​កំណត់​ឲ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ចំណែក​ឯកសារ និង​សម្ភារៈពាក់ព័ន្ធ​ដូចជា​ហាត​ឌី​ស និង​កាមេរ៉ា​សុវត្ថិភាព​ចំនួន​ពីរ​កន្លែង។ លោកក៏​បាន​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ រួចរាល់​ហើយ​ដែរ​រួម​ជាមួយ​នឹង​លោក​ព្រះរាជអាជ្ញា គឺ​នៅ​ក្នុង​ចំណុច​អាហារដ្ឋាន​តោ​ពីរ និង​នៅ​ចំណុច​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ដែល​ស្ថិត​នៅត្រង់​ផ្លូវបំបែក​ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ ដោយ​សង្កេត​ឃើញថា​កញ្ញា​សា​សា ក៏មាន​វត្តមាន​នៅក្នុង​រូបភាព​ទាំង​នោះ​ដែរ។

ដោយឡែក​ខាង​ជំនាញ​ចរាចរណ៍​ក៏​ត្រូវ​តែ​បញ្ជូន​ឯកសារ​ដែល​ពាក់ព័ន្ធ​ ទាំងអស់​ទៅកាន់​តុលាការ​ដែរ​បើ​ទោះ​បីជា​មានតែ​កំណត់ហេតុ​មួយ​សន្លឹក ហើយ​គ្មាន​ឈ្មោះ​ម្ចាស់​រថយន្ត​បង្ក គ្មាន​គំនូស​ប្លង់​នៅ​កន្លែង​កើតហេតុ និង​គ្មាន​កម្រិត​វាស់​នូវ​សារធាតុ​អាល់កុល ​ក៏ដោយ នេះ​គឺជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​ជំនាញ ដែល​បញ្ហា​នេះ ​ធ្លាប់​បាន​កើតមាន​ឡើងជា​ញឹកញាប់​រួច​មកហើយ​ក្នុង​ក្រុង​បាត់ដំបង​ដូចជា​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​អាស៊ាន​បៀរ​ជាដើម​។​ល​។​

ក្នុង​ការ​អនុវត្ត​​តាម​នីតិ​វិធី​នេះ​ដែរ លោក​ព្រះរាជអាជ្ញារង តូច ភក្តី បាន​មានប្រសាសន៍ថា នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​គឺ​លោក​បាន​ធ្វើ​ការ​កោះហៅ​មនុស្ស​ចំនួន​ពីរ​នាក់​ឲ្យ​ចូល​មក​បំភ្លឺ​សិន​ជុំវិញ​បញ្ហា​នៃ​ការ​​បង្ក​គ្រោះថ្នាក់​ចរាចរ​ដោយ​កញ្ញា​សា​សា ចំណែក​ពីរ​នាក់​ទៀត​លោក​នឹង​ធ្វើ​ការ​កោះ​ហៅ​ជា​ក្រោយ​​ក្រោយពី​ស្រាវជ្រាវ​បាន​សាវតារ​ច្បាស់លាស់​រួចមក។ ប៉ុន្តែ​ពួកគេ​ពុំ​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​នោះ​ឡើយ។

ដោយឡែក​ចំពោះ​ការពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព លោក​ព្រះរាជអាជ្ញារង តូច ភក្តី បាន​បញ្ជាក់​ថា រូបភាព​របស់​កញ្ញា ឯក សុជាតា​ហៅ​សា​សា គឺ​ស្ថិត​នៅក្នុង​កម្មវិធី​ផឹក​ស៊ី​នោះ​ដែរ​នៅ​មុន​ពេល​កើតហេតុ ហើយ​ក៏​មាន​វត្តមាន​របស់​នាង​ដែរ​ក្នុង​ពេល​ចាកចេញ​ពី​កន្លែង​កើតហេតុ ចំណែក​រូបភាព​នៃ​ការបង្ក​គ្រោះថ្នាក់​ចរាចរ​គឺ​បាន​បុក​យ៉ាង​ពេញទំហឹង​ទៅលើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក រហូត​ធ្វើឲ្យ​ក្បាល​រថយន្ត​មានការ​រួញ​ចូល​ទៅ​ជាប់​នឹង​កង់​មុខតែ​ម្តង។

រាល់​ចំណាត់ការ និង​នីតិវិធី​ផ្លូវច្បាប់​ទាំងនេះ លោក​ព្រះរាជអាជ្ញា នួន សាន បាន​សង្កត់ធ្ងន់​ថា លោក​គឺជា​អ្នក​ចេញ​បទ​បញ្ជា ដូច្នេះ​លោក​ក៏​ជា​អ្នកឃ្លាំមើល​ផង​ដែរ​រាល់​ការងារ​ទាំងនេះ ដើម្បី​កញ្ញា ឯក សុជាតា​ហៅ​កញ្ញា​សា​សា ស្គាល់​ថា​តើ​ច្បាប់​ជា​អ្វី ហើយ​អ្នក​ដែល​បំពាន​នឹង​ផ្លូវច្បាប់​នោះ​នឹង​ទទួល​នូវ​លទ្ធផល​បែប​ណា ជៀសវាង​នូវ​ការ​បំភ្លៃ​តាមតែ​ទំនើងចិត្ត​ហើយ​ធ្វើការ​រិះគន់ និង​ប្រមាថ​ដល់​អ្នក​សារព័ត៌មាន​ដែល​គេ​មាន​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​ត្រឹមត្រូវ​សមជា​អ្នកកាសែត​អាជីព និង​សេចក្ដីថ្លៃថ្នូរ៕

M10-08-15-o1


បែក​ធ្លាយ​រូបភាព​កញ្ញា​សា​សា​នៅ​ក្នុង​អាហារដ្ឋាន ​តោ​ពីរ

Post a Comment

0 Comments

Close Menu