Ad Code

អ្នកស្រី​ សួង​ ធី​ បោះ​ទុន​បើក​ផលិតកម្ម​ថត​ខ្សែភាពយន្ត

ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផ្នែក​ខាង​ល្ខោនបាសាក់​ប្រចាំ​នៅ​ទឹកដី​ខេត្ត​តាកែវ​នោះ អ្នកស្រី ​សួង ធី​ ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា ជា​ថៅកែ​វង់​ល្ខោន​ដ៏​ល្បី​«​ភី សុគ​ន្ធី​»​ បាន​ចំណាយ​ទុន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ពិធី​សែនព្រេន​កាលពី​ម្សិលមិញ​នេះ​ ដើម្បី​បើក​ដំណើរការ​ផលិតកម្ម​ភាពយន្ត​មួយ​ដែល​មាន​ឈ្មោះថា​«​ភី សុគ​ន្ធី​ភាពយន្ត​»។

អ្នកស្រី​ សួង ធី​ បាន​និយាយ​ថា ក្រោយពេល​រត់​ច្បាប់​ និង​ឯកសារ​អស់​រយៈពេល​ជាច្រើន​ខែ​មក ​គឺ​ទើបតែ​ពេលនេះ ​គាត់​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បើក​ផលិតកម្ម​ដែល​បាន​ដាក់​ឈ្មោះថា​«​ភី សុគ​ន្ធី​ភាពយន្ត​» ហើយ​គាត់​ក៏បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​សម្ភារៈ ​និង​ឧបករណ៍​ថត​កុន​ទំនើបៗ​ផង​ដែរ។ អ្នកស្រី​បញ្ជាក់​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ផលិតកម្ម​របស់​គាត់​ក៏​មាន​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង​ព្រម​ទាំង​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​ភាពយន្ត​ដើម្បី​សហការ​គ្នា​ផង​ដែរ។

ថៅកែ​វង់​ល្ខោនបាសាក់​នៅ​ភូមិ​ក្រាំង​ស្លែង​រូប​នេះ​បញ្ជាក់​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រូប​គាត់​សម្រេច​ចិត្ត​បោះ​ទុន​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន​នេះ​ក៏​ដោយសារតែ​គាត់​សម្លឹង​ឃើញ​ថា ​ទីផ្សារ​ភាពយន្ត​នៅ​ប្រទេស​យើង​កំពុង​តែ​មាន​សន្ទុះ ជាពិសេស​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​ផង​ដែរ។

អ្នកស្រី​ សួង ធី ​បញ្ជាក់​បន្ថែម​ថា ពេលនេះ​ផលិតកម្ម​របស់​គាត់​បាន​និង​កំពុងតែ​បើក​កាមេរ៉ា​ដំណើរការ​ថត​រឿង​ដំបូង​ដែល​មាន​ចំណងជើង​ថា «​បេះដូង​កូ​ពី​»​និពន្ធ​ដឹកនាំ​រឿង​ដោយ​អ្នកស្រី ​ប៉ុល ពិសី ព្រមទាំង​មាន​តួសំដែង​ប្រុស​/ស្រី​ល្បីៗ​ជា​ច្រើន​រូប​ចូលរួម​សំដែង ហើយ​សង្ឃឹមថា​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម​«​ភី សុគ​ន្ធី​»​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ជាក់​ជាមិនខាន៕​




អ្នកស្រី​ សួង​ ធី​ បោះ​ទុន​បើក​ផលិតកម្ម​ថត​ខ្សែភាពយន្ត

Post a Comment

0 Comments

Close Menu