Ad Code

តារា​សំដែង​ទឹកភ្នែក​កញ្ញា​លី​ច័ន្ទ​សីហា​ស្ពាយ​ការ​គាំទ្រ​មក​ស្រុក​វិញ

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ​តារា​សំដែង​ទឹកភ្នែក​កញ្ញា​លី ច័ន្ទ​សីហា​បាន​វិលត្រឡប់​ពី​សំដែង​សិល្បៈ​ដើម្បី​ទ្រទ្រង់​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​មកដល់​ទឹកដី​កំណើត​វិញ​ហើយ​ដោយ​បាន​វេច​ស្ពាយ​មក​ជា​មួយ​នៅ​ការ​គាំទ្រ​និង​ទទួល​បាន​កាដូ​ពី​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

តារា​សំដែង​និង​ចម្រៀង​កញ្ញា​លី ច័ន្ទ​សីហា​បាន​និយាយ​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ​សប្បាយរីករាយ​ថា ក្នុង​រយៈពេល​នៃ​ការ​ស្នាក់នៅ​ច្រៀង​និង​សំដែង​ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​វប្បធម៌​សិល្បៈ​ខ្មែរ​នៅលើ​ទឹកដី​ប្រទេស​ជប៉ុន​រយៈពេល​១២​ថ្ងៃ​មកនេះ​គឺ​ទទួលបាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ជប៉ុន ជាពិសេស​បងប្អូន​ពុក​ម៉ែ​ខ្មែរ​យើង​ដែល​រស់នៅ​ទីនោះ​ដោយ​ពួកគាត់​ជូន​កាដូ​ដល់​នាង​គ្រប់ៗ​គ្នា​និង​បាន​ធ្វើ​ពិធី​ខួបកំណើត​ឲ្យ​នាង​ថែម​ទៀត​ផង​។

លី ច័ន្ទ​សីហា​បន្ត​ថា ចំពោះ​ការ​ចេញទៅ​សំដែង​សិល្បៈ​លើកទីមួយ​នៅ​ប្រទេស​ជប៉ុន​នេះ​គឺ​រួម​ដំណើរ​ជាមួយ​តារា​សិល្បៈ​លោក​រតនៈ ពិសិដ្ឋ ហើយ​បន្ទាប់ពី​ជោគជ័យ​ខ្លាំង​នោះ​ខាង​ស្ព​ន់​ស័​រដែ​ល​បាន​ធានា​នាង​ទៅ​ក៏បាន​សុំ​ឲ្យ​នាង​បន្ត​ស្នាក់នៅ​ច្រៀង​ពី​រយៈពេល​កន្លះ​ខែ​ទៅ​មួយ​ខែ​ទៀត​ដែរ​តែ​ត្រូវ​បាន​នាង​បដិសេធ​ដោយសារតែ​នាង​មានការ​នឹករលឹក​ស្រុកកំណើត ជាពិសេស​នោះ​គឺ​ចាំបាច់​ត្រូវ​មក​មើល​ការខុសត្រូវ​ហាង​សំអាងការ​របស់​នាង​ដែល​ត្រូវ​ទិញ​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ថ្មីៗ​ទាន់សម័យ​ចូល​បន្ថែម​ផង​នោះ។

ដោយឡែក​ទាក់ទង​នឹង​ការ​លេចឮ​ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ច្រៀង រាំ​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​មាន​បុរសៗ​រស់នៅ​ទីនោះ​ពេញចិត្ត​ពេញ​ថ្លើម​នោះ​តារា​សំដែង​ដែល​មាន​ឈ្មោះ​ល្បី​តាំងពី​កុមារ​តាមរយៈ​រឿង​«​មរណៈ​មាតា​»​កញ្ញា​លី ច័ន្ទ​សីហា​បាន​និយាយ​ដោយ​បង្ហាញ​មក​ជា​មួយ​នៅ​ស្នាមញញឹម​ស័ក្តិសម​នឹង​ចង្កា​ស្រួច​រំលេច​ដោយ​ទម្រង់​មុខ​មាន​មន្ត​ស្នេហ៍​របស់​នាង​ថា «​ចា​!​បង​តាម​ការពិត​ពួកគាត់​ស្រឡាញ់​រាប់អាន​និង​ចូលចិត្ត​នាង​ក្នុងនាម​ជា​អ្នកសិល្បៈ​ខ្មែរ​ម្នាក់​តែប៉ុណ្ណោះ ពោល​មិន​មាន​អ្វី​លើសពី​នេះ​នោះ​ឡើយ​»៕


តារា​សំដែង​ទឹកភ្នែក​កញ្ញា​លី​ច័ន្ទ​សីហា​ស្ពាយ​ការ​គាំទ្រ​មក​ស្រុក​វិញ

Post a Comment

0 Comments

Close Menu