Ad Code

អ្នក​ផ្ទុក​វីរុស HIV នៅ​មី​យ៉ាន់​ម៉ា គេច​ចេញពី​ការរើសអើង បើទោះជា​មានការ​អភិវឌ្ឍ​ន៍​ក្នុងការ​ព្យាបាល

គ្រាន់តែ​រយៈពេល​មួយ​ដ៏​ខ្លី​ប៉ុណ្ណោះ  បន្ទាប់ពី​ប្ដី​របស់Choបាន​ចែក​ឋាន​ទៅ នៅឯ​ផ្ទះ​របស់​ឪពុកម្ដាយ​ខាង​ប្ដី​នោះ ក្រុមគ្រួសារ​ខាង​ប្ដី​បាន​ហៅ​នាងChoតាម​ទូរស័ព្ទ ដោយ​ប្រាប់ថា  ប្ដី​របស់​នាង​បាន​ស្លាប់ទៅ ហើយ ដោយសារតែ​ជំងឺអេដស៍AIDS ​ព្រមទាំង​បាន​និយាយ​ប្រាប់ថា  ឲ្យ​នាង​ទៅធ្វើ​តេស្ដ​ដើម្បី​ស្វែងរក​វីរុស HIV។​

​    ​

ភ្លាមៗ​នោះ នាង​ក៏បាន​រូតរះ​ទៅកាន់​គ្លីនិក​មួយកន្លែង ដើម្បី​ធ្វើតេស្ដ​ឈាម​។  នាង​បាន​ដកដង្ហើម​វែង នៅពេលដែល​លទ្ធផល​បង្ហាញ​ប្រាប់ថា  អវិជ្ជមាន   (Negative)​។  ប៉ុន្ដែ​ចាប់តាំងពី​ពេល​នោះមក នាង​ក៏​ចាប់ផ្ដើម​ស្រក​ទម្ងន់​ចម្លែក  រួច​ហើយក៏​ចាប់ផ្ដើម​ធ្លាក់ខ្លួន​ឈឺ​។  នៅក្នុង​ខែកញ្ញា កន្លងទៅនេះ  អតីត​អ្នកលក់ដូរ​នៅក្នុង​ទីផ្សារ​រូបនេះ ក៏បាន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ដ​ឈាម​ម្ដងទៀត  រីឯ​លទ្ធផល​បែរជា​វិជ្ជមាន ទៅវិញ។


ស្ដ្រី​អាយុ ៤៣ ឆ្នាំ រូបនេះ បាន​និយាយថា គឺ​រំពេច​នោះ​ហើយ​ដែល​ខ្ញុំ​ដឹងថា ខ្លួនឯង​មាន​ផ្ទុក​វីរុសHIV ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ស្រងូតស្រងាត់​រកាំ​ចិ​ត្ដ​លែងធ្វើអ្វីកើត។


ក្នុង​រយៈពេល ២ ថ្ងៃ​តែប៉ុណ្ណោះ នាង​បាន​ចូលខ្លួន​ដោយ​ខ្លួនឯង ទៅកាន់​គ្លីនិក​មួយ​កន្លែង  ហើយ​ចូល​ព្យាបាល​ក្នុង​ឋានៈ​ជា​អ្នក​ជំងឺអេដស៍  ដែល​ឧបត្ថម្ភ​ដោយ​សមាជិកសភា​មួយរូប​មកពី​គណបក្ស  NLD (National League for Democracy)​។ ក្រុម​គ្រួសារ​របស់​នាង  ដែល​រស់នៅក្នុង​សង្កាត់  Hlaing Thar Ya នៃ​ក្រុង  Yangon ប្រទេស​មី​យ៉ាន់​ម៉ា​នោះ មិន​ចង់​ឲ្យ​នាង​រស់នៅ​ជួបជុំ​ជាមួយ​ពួកគេ​នោះឡើយ។


ថ្វីបើ​វីរុស​មិនអាច​ចម្លង​តាមរយៈ​ការប៉ះពាល់ និង​ការ ទំនាក់​ទំនងជា​ប្រចាំថ្ងៃ​យ៉ាងដូច​ម្ដេចក្ដី  ក៏​គេ​នៅតែ​ខ្លាចក្រែង​នាង​ចម្លង​វីរុស​នេះ​ទៅ​កូន​របស់​ប្អូនស្រី​ពៅ​របស់​នាង​ដែរ​។ គេ​ជួយ​ផ្គត់ផ្គង់​ថវិកា​ដល់​នាង  ប៉ុន្ដែ​គេ​ក៏​មិន​ចង់​ឲ្យ​នាង​វិល​មកកាន់​ផ្ទះសម្បែង​វិញ​ឡើយ​។  នេះ​ជាការ​លើកឡើង​របស់​នា​ង Cho ដែល​ឈ្មោះ​នេះ​ជាការ​សន្ម​ត់​ប្ដូរ​ពី​ឈ្មោះ​ពិត  ដើម្បី​ការពារ​អត្ដ​សញ្ញាណ​របស់​នាង។


នាង​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន  Myanmar Now ដែល​ជា​សេវាកម្ម​ព័ត៌មាន​ឯករាជ្យ​ឧបត្ថម្ភ ដោយ​មូលនិធិ  Thomson Reuters Foundation។


ទីកន្លែង​សម្រាក​ព្យាបាល​នោះ គឺជា​ជម្រក​នៃ​អ្នកជំងឺ​ដល់​ទៅជិត ៣០០ នាក់ ដោយ​ភាគច្រើន ពួកគេ​សុទ្ធ​តែមាន​ប្រ​វ​ត្ដិ​ត្រូវ​ក្រុម​គ្រួសារ​បោះបង់ចោល​។  នាង  Cho និយាយថា  សូម្បីតែ​កូនស្រី​របស់ខ្ញុំ​អាយុ ២១ ឆ្នាំ​ទៅហើយ  ក៏​មិនដែល​មក​សួរសុខទុក្ខ​ខ្ញុំ​ដែរ  ចាប់តាំងពី​ពេលដែល​ខ្ញុំ​មកដល់​ទីនេះ  ប៉ុន្ដែ​នាង​គ្រាន់តែ​និយាយ​តាម​ទូរស័ព្ទ​មក​ខ្ញុំ  ដែលជា​ម្ដាយ​ប៉ុណ្ណោះ។


មី​យ៉ាន់​ម៉ា ជា​ប្រទេស ដែលមាន​អត្រា​អ្នក​ផ្ទុក​វីរុស  HIV/AIDS ខ្ពស់បំផុត​នៅ​តំបន់​អាស៊ី​។  ដោយ​ស្ថិតនៅក្រោម​ការធ្វើកំណែទម្រង់​ដោយ​រដ្ឋាភិបាល​ពាក់កណ្ដាល​ស៊ីវិល តាំងពី​ឆ្នាំ ២០១១ មក​នោះ​។  ការផ្ដល់​ថ្នាំ​សម្រាប់​ព្យាបាល​ក៏បាន​ធ្វើ​ឲ្យ​ស្ថានភាព​នៅក្នុង​ប្រទេស​នេះ​ប្រសើរ​ឡើងវិញ​បាន​បន្ដិច​ទៅហើយ​ដែរ  បើ​ប្រៀបធៀប​ទៅនឹង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ  ដែល​តាម​មន្ទីរពេទ្យ​មានតែ​បណ្ដេញ​អ្នកជំងឺ​ចេញ​តែប៉ុណ្ណោះ។


ប្រជាជន​ប្រមាណ  ២១០,០០០ នាក់ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រស់នៅ​ជាមួយ​វីរុស  HIV/AIDS ដោយ​ក្នុងនោះ​មាន​អ្នកជំងឺ​ប្រមាណ ១៦០,០០០ នាក់ ត្រូវការ​ជា​ចាំបាច់​នូវ​ការព្យាបាល​សង្គ្រោះ​ជីវិត​ដោយសារ​ថ្នាំ​ពន្យារ​ជីវិត  ដោយ​អាស្រ័យ​ទៅតាម​ការណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​។  នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សប្បុរស​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF។


មិន​មាន​ទិន្នន័យ​ជា​ផ្លូវការ​នោះទេ ស្ដីអំពី​សមាមាត្រ​នៃ​អ្នកជំងឺ AIDS ដែល​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត  ART នោះ​។  អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ក៏​ជា​អ្នក​ផ្ដល់នូវ​ការ​ព្យាបាល​មេរោគ  HIV/AIDS នៅក្នុង​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ផង​ដែរ  ដោយបាន​និយាយថា ខ្លួន​តែងតែ​ផ្ដល់​ថ្នាំ​ពន្យារ​ជីវិត  ART នេះ​ជាប្រចាំ​ដល់​អ្នកជំងឺ  HIV/AIDS ចំនួន​៣ ៥,០០០ នាក់​។  ដោយឡែក​ការព្យាបាល​បែបនេះ​ក៏​កំពុង​តែមាន​ផងដែរ​នៅតាម​មន្ទីរពេទ្យ​របស់​រដ្ឋ។


វេជ្ជបណ្ឌិត​មកពី​អង្គការ  MSF លោក  Soe Yadanar បាន​លើក​យកមក​និយាយ​តាំងតែ​ពីមុន​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺAIDS ពិភពលោក កាលពី​ថ្ងៃទី ០១  ខែធ្នូ មក​នោះ​ថា  ឥឡូវនេះ​គេ​អាច​ទទួលយក​ថ្នាំ  ART នេះ​នៅក្នុង​មន្ទីរពេទ្យ​របស់​រដ្ឋាភិបាល​បាន នៅក្នុង​រដ្ឋ​ជាច្រើន  និង​ក្នុង​តំបន់​ជាច្រើន​ផងដែរ៕



អ្នក​ផ្ទុក​វីរុស HIV នៅ​មី​យ៉ាន់​ម៉ា គេច​ចេញពី​ការរើសអើង បើទោះជា​មានការ​អភិវឌ្ឍ​ន៍​ក្នុងការ​ព្យាបាល

Post a Comment

0 Comments

Close Menu