Ad Code

តូប​លក់ដូរ​តូច-ធំៗ​ចំនួន​១០​របស់​អាជីវករ​ផ្សារ​ពាណិជ្ជកម្ម​រង​ការខូចខាត​ដោយសារ​រថយន្ត​ក្រុម​អ្នក​ប្រមឹក​


ព្រះសីហនុ ៖ តូប​លក់ដូរ​តូច-ធំ​ចំនួន​១០​នៃ​ផ្សារ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​បាន​រង​ការខូចខាត​ខណៈ​ពេល​រថយន្ត​មួយ​គ្រឿង​ដែល​គេ​អះអាង​ថា​ មនុស្ស​ជិះ​នៅក្នុង​រថយន្ត​សុទ្ធ​សឹង​មាន​ស្ថានភាព​ស្រវឹង​ជោគជាំ​នោះ បាន​បើក​បុក​ទាំង​កំរោល​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​០៣​ទៀបភ្លឺ ​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​។​ ប៉ុន្តែ​សំណាង​ល្អ​នៅក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។​ ក្រុម​អ្នក​ប្រមឹក​ដែល​ជិះ​នៅក្នុង​រថយន្ត ​ក្រោយពេល​កើតហេតុ​ភ្លាម​ៗ គេ​ឃើញ​បើកទ្វារ​រថយន្ត​រួច​រត់​គេច​ខ្លួន​បាត់ស្រមោល​ក្នុងពេលនោះ​ផង​ដែរ​។​

ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ បើ​តាម​ប្រភព​សន្តិសុខ​យាម​ផ្សារ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ហេតុ​ខាង​លើ​នេះ​បាន​បើក​យ៉ាង​លឿន​មកពី​អតីត​មហោស្រព​ចាស់​គឺ​បើក​សំដៅ​មក​ផ្សារ​ពាណិជ្ជកម្ម​ លុះ​បើក​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៣​ ក៏​ស្រាប់តែ​រថយន្ត​នោះ​មិនបាន​កាច់ចង្កូត​បទ​ទៅ​ផ្លូវ​ណាមួយ​នោះ​ទេ ​គឺ​បែរជា​បើក​តម្រង់​ចូល​ផ្សារ​ពាណិជ្ជកម្ម​តែម្តង​ ដោយ​បាន​បុក​រះ​បណ្ដាល​ឲ្យ​តូច​-ធំ​ចំនួន​ប្រមាណ​១០​តូប​ ​រួម​នឹង​សម្ភារៈ​នៅក្នុង​តូប​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​រហូត​បើក​ទៅមុខ​លែង​រួច​ទើប​ឈប់​។ ​ក្រោយ​បុក​រួច​គេ​បានឃើញ​យុវជន​ចំនួន​២​នាក់​បើកទ្វារ​រថយន្ត​ចេញ​មក​ក្រៅ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​ បន្ទាប់មក​ក៏​បាន​ដើរចេញ​បាត់​ទៅ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។​

សមត្ថកិច្ច​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​ហេតុ​ម៉ាក​តូ​យូ​តា​ហាយ​ព្រិត​ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q៣៤១៥ ​បើកបរ​ដោយ​យុវជន​ម្នាក់​និង​អ្នក​រួម​ដំណើរ​ម្នាក់​(​មិន​ស្គាល់ឈ្មោះ​)​បាន​រត់​គេច​ខ្លួន​។​ លុះ​ក្រោយមក​ខណៈ​ពេល​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ចាប់ផ្តើម​យក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ​ក្នុង​គោលដៅ​នាំ​យក​ទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ​ក៏​ស្រាប់តែ​លេចមុខ​យុវជន​២នាក់ ​ដោយ​ម្នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​បាន​មក​ស្រែក​ឡូឡា​គំរាម​សមត្ថកិច្ច​ប៉ូលិស​ហាម​មិន​ឲ្យ​យក​រថយន្ត​ពួកគេ​ចេញទៅ​ណា​នោះ​ឡើយ ​ព្រមទាំង​ធ្វើការ​ធ្វើការ​ហាម​ប្រាម​ដល់​អ្នក​កាសែត ​ទូរទស្សន៍​ មិន​ឲ្យ​ទៅ​ក្បែរ​ថតរូប​យក​ព័ត៌មាន​ផង​ដែរ​។ បើ​ទោះ​ជា​មាន​ការ​គំរាមកំហែង​ពី​សំណាក់​ជន​ប្រមឹក​ទាំងពីរ​ដែល​អះអាង​ថា ​ជា​ម្ចាស់​រថយន្ត​បង្ក​ហេតុ​នោះ​យ៉ាង​ណា​ក៏ដោយ ​ក៏​សមត្ថកិច្ច​ប៉ូលិស​នៅតែ​បន្ត​អនុវត្តន៍​ច្បាប់​ដោយ​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​។ ​ចំណែក​ជន​ប្រមឹក​ទាំងពីរ​នាក់​ខណៈ​ពេល​សមត្ថកិច្ច​ប៉ូលិស​កំពុង​នាំ​យក​រថយន្ត​បង្ក​ហេតុ​ទៅ​រក្សាទុក​ហើយ​ធ្វើ​អ្វី​ប៉ូលិស​មិនបាន​ពួកគេ​ក៏បាន​ស្រែក​ស្តី​ឌឺដង​ថា​ ពួក​ឯង​យក​ទៅ​ ចាំ​អញ​ទៅ​យក​មកវិញ​មិន​ទុក​ឲ្យ​លើស​រយៈពេល​១​ថ្ងៃ​នោះ​ទេ​ ហើយ​បញ្ហា​នេះ​បើ​អញ​ថា​ហើយ​ធ្វើ​មិនបាន​ អញ​នឹង​កោ​សក់​មួយ​ចំហៀង ​ព្រោះ​អញ​មាន​ខ្សែ​សុទ្ធ​សឹង​អ្នកធំៗ​៕​

កោះពស់


Post a Comment

0 Comments

Close Menu