Ad Code

ផ្ទុះ​អំពើ​ហិង្សា​ដេញ​កាប់​គ្នា​ ដោយសារ​ដណ្ដើម​ម៉ូយ​រ៉ឺម៉ក​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា


សៀមរាប ៖ ផ្ទុះ​អំពើ​ហិង្សា​ដេញ​កាប់​គ្នា​ពេញមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផ្នែក​អាគា​ខាងក្រោយ ពី​សំណាក់​អ្នក​រត់​រ៉ឺម៉ក បណ្ដាល​មកពី​ដណ្ដើម​ម៉ូយ​គ្នា និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ ខណៈ​ពេល​ដែល​ជំលោះ​ដោយ​ហិង្សា​ដេញ​កាប់​ប្រតាយប្រតប់​គ្នា មាន​ទាំង​អាវុធ​ជាប់​នឹង​ដៃ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ច្រក​អាគារ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា សកម្មភាព​ការ​ដណ្ដើម​ម៉ូយ​គ្នា​ជា​អានាធិបតេយ្យ ថែមទាំង​បង្ក​ជំលោះ​គ្នា​ជា​ញឹកញាប់ ជាក់ស្តែង​ការ​ផ្ទុះ​អំពើ​ហិង្សា​របស់​អ្នក​រត់​រ៉ឺម៉ក ក៏​ដោយសារតែ​ការ​ដាក់​វេន ដណ្ដើម​ម៉ូយ​គ្នា និង​បាន​ប្រកែក​គ្នា​រវាង​គូភាគី​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ថុល ដែល​បាន​តាំងខ្លួន​ជា​អ្នក​រៀបចំ​វេន​ដឹក​អ្នកជំងឺ​ត្រឡប់​ទៅ​ផ្ទះ បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុត​ឈាម​ឈាន​ដល់​ការប្រើ​អាវុធ​មាន​ពូថៅ​ដៃ​មួយ ដេញ​កាប់​ទៅលើ​លោក កែវ អ៊ី​ម រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​នោះ​សកម្មភាព​ប្រដាល់​ក្រៅ​សង្វៀន​បាន​ប្រយុទ្ធ​គ្នា​ចំនួន​២​លើក​ទើប​មានការ​បំបែក​។​

ក្រោយពី​កើតហេតុ​លោក កែវ អ៊ី​ម បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ក្នុង​នោះ​មហាជន​ទូទៅ​បាន​សំណូមពរ​ដល់​អធិការ​ក្រុង​សៀមរាប​ជួយ​រៀបចំ​ការពារ​សណ្ដាប់​ធ្នាប់​នៅ​ចំនុច​អាគារ​ច្រកចេញ​អ្នកជំងឺ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយសារតែ​ចំណុច​នេះ​មានរឿង​ជំលោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ព្រមទាំង​ជេរ​បញ្ជោរ​គ្នា​ស្ទើរ​រាល់ថ្ងៃ ពេលខ្លះ​ឈាន​ដល់​ការ​វាយ​តប​គ្នា​ទៀត និង​សូម​ឲ្យ​ថែរក្សា​ភាព​ស្ងប់ស្ងាត់ ព្រោះ​ទីនេះ​ជា​មន្ទីរពេទ្យ៕​

ប៊ុន រដ្ឋា


Post a Comment

0 Comments

Close Menu