Ad Code

ឆេះ​កម្ទេច​ក្រណាត់​ក្នុង​រោងចក្រ​កាត់ដេរ"​ធាន​យាន" ​ផ្អើល​កម្មករ​រត់​ជាន់​ជើង​គ្នា(Update)​


ភ្នំពេញ​ ៖ ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ (​យីហោ​) ធាន យាន បាន​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក ដោយ​សារ​ការ​ឆេះ​កម្ទេច​ក្រណាត់​ក្នុង​រោងចក្រ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា បង្កឡើង​ដោយសារតែ​ឡ​កម្ដៅ​យក​ចំហាយ​សម្រាប់​អ៊ុតខោអាវ​នៅ​ក្បែរ​នោះ​ខ្ទាត​កម្ទេច​ភ្លើង​ទៅ​ប៉ះ​គំនរ​ក្រណាត់។​

រោងចក្រ​កាត់ដេរ (​យីហោ​) ធាន យាន ដែល​បង្ក​ការ​ឆេះ​កម្ទេច​ក្រណាត់​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​មានការ​ភ្ញាក់ផ្អើល​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក​នោះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

កម្មករ​ដែល​បម្រើការ​ក្នុង​រោងចក្រ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ពួកគាត់​មាន​គ្នា​បី​ទៅ​បួន​នាក់ បាន​កំពុងធ្វើការ​នៅ​ក្បែរ​នោះ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​កម្ទេច​ភ្លើង​ហុយ​ចេញពី​បំពង់ផ្សែង​ឡ​កម្ដៅ ដែល​ដុត​សម្រាប់​យក​កម្ដៅ​អ៊ុតខោអាវ​នោះ​ហុយ​ទៅ​ប៉ះ​នឹង​កម្ទេច​គំនរ​ក្រណាត់​នៅ​ជិត​នោះ បណ្ដាល​ឲ្យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្មករ-កម្មការិនី​ដែល​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​រត់​ជាន់​ជើង​គ្នា​រក​ទីកន្លែង​សុវត្ថិភាព។

កម្មករ​រោងចក្រ​ប្រាប់​បន្ត​ថា ដោយ​ឃើញ​បែប​នេះ​ពួកគេ​បាន​រាយការណ៍​ប្រាប់​ថៅកែ និង​បុគ្គលិក​រោងចក្រ​នាំគ្នា​ទាយ​ទុយោ​ទឹក ក៏ដូចជា​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ទើប​អណ្ដាត​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​មិនអាច​រាលដាល​ដល់​ផ្ទៃ​រោងចក្រ​ទាំងមូល​នោះ​ទេ។​

កម្មករ​រោងចក្រ​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា នៅក្នុង​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​គំនរ​ក្រណាត់ នៅ​ក្នុង​រោងចក្រ យីហោ ធាន យាន នេះ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រចាំ ខណ្ឌ​ដង្កោ​ចុះ​អន្តរាគមន៍​ចំនួន​០២​គ្រឿង​ផង​ដែរ ប៉ុន្តែ​មិនបាន​បាញ់​ទឹក​នោះ​ទេ គឺ​ដោយសារ​ពួកគេ​ទាយ​ទុយោ​ទឹក ក៏ដូចជា​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំង​ស្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក។​

នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​ផង​ដែរ​ សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា បង្កឡើង​ដោយសារ​ការ​ធ្វេស​ប្រហែង​របស់​រោងចក្រ គឺ​ផ្ទុក​គំនរ​ក្រណាត់​នៅ​ជិត​ឡ​កម្ដៅ ទើប​បាន​ជា​ហុយ​កំទេច​ភ្លើង​បណ្ដាល​ឆាបឆេះ​យ៉ាងនេះ​។ ករណីនេះ​សំណាង​ហើយ​ដែល​មិន​ឆាប​ឆេះ​រោងចក្រ​ទាំងមូល​នោះ​ ប្រសិនបើ​អណ្ដាតភ្លើង​ឆេះ​ផ្ទៃ​រោងចក្រ​ទាំងមូល តើ​ត្រូវ​ខាតបង់​ទ្រព្យ​សម្បត្តិ​អស់​លុយកាក់​ចំនួន​ប៉ុន្មាន​? ប្រការ​ទាំងនេះ​ថៅកែ​រោងចក្រ​ត្រូវ​គិត​ឲ្យ​មែនទែន គួរ​រៀបចំ​កន្លែង​ទុកដាក់​របស់របរ​ក្នុង​រោងចក្រ​ឲ្យ​មាន​សុវត្ថិ​ភាពល្អ ចៀសវាង​កើតមាន​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ដូច​ខាង​លើ​បន្ត​ទៀត៕

រ៉ា​វុ​ទ្ធ

Post a Comment

0 Comments

Close Menu