Ad Code

ក្រុម​សម្ដែង​"អេ​ពិ​ក" ​ត្រៀម​ចេញ​VIDEO​ចម្រៀង​កាយវិការ​វ៉ុល​ថ្មី​


ក្រុម​សម្ដែង"​អេ​ពិ​ក" ដែល​ជា​ក្រុម​លាយ​ចម្រុះ​ដោយ​សិល្បករ-សិល្ប​ការិនី​ជា​ជន​ពិការ​គ.ថ្លង់ ស្វិតដៃជើង ត្រៀម​ចេញ​Video​ចម្រៀង​កាយវិការ​វ៉ុល​ថ្មី ដែល​មាន​ឈ្មោះថា (UP TOWN FUNK) នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​

កញ្ញា អុន សុខលី ប្រធាន​អង្គការ​អេ​ពិ​កអាត ( Epic Arts Cambodia ) បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃទី​១៣​ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា Video​ចម្រៀង​កាយវិការ​UP TOWN FUNK ឬ​ទីក្រុង​ទាន់សម័យ​ជា​បទ​អាមេរិកកាំង ត្រូវ​បាន​ថត​រយៈពេល​៤​ថ្ងៃ​នៅក្នុង​ខេត្តកំពត ដោយ​រួមការ​សម្ដែង​ដោយ​ក្រុម​សម្ដែង​អេ​ពិ​ក ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​UNICEF ហើយ​គ្រោង​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ តាម​ប្រព័ន្ធ​You​tube​។​

ប្រធាន​អង្គការ Epic Arts Cambodiar​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ថត​សម្ដែង​ចម្រៀង​វ៉ុល​ថ្មី​នេះ ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព និង​ភាព​ប៉ិនប្រសប់​របស់​ក្រុម​សម្ដែង​អេ​ពិ​ក ដែល​ពួកគេ​សុទ្ធ​តែ​ជា​អ្នក​ពិការ ក៏ដូចជា​ជំនះ​ទៅ​នឹង​ពាក្យ​ថា​ជន​ពិការ​មិនអាច​ធ្វើ​អ្វី​បាន​នោះ តែ​ធាតុ​ពិត​ជន​ពិការ​មាន​សមត្ថភាព​អាច​ធ្វើ​បាន​មនុស្ស​ធម្មតា​ដែរ​។​

ចំពោះ​បទ​ភ្លេង​ដែល​ក្រុម​សម្ដែង​អេ​ពិ​ក​យក​មក​ថត​នេះ ត្រូវ​បាន​លោក ​អ៊ូ ប៊ុន​ថេ​ង ​ដែល​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​អង្គការ​អេ​ពិ​ក​ប្រាប់​ថា គឺ​យក​តាម​របស់​គេ​ទាំងស្រុង ដោយ​សម្ដែង​ និង​ត្រាប់​កាយវិការ​តាម​មិន​ឲ្យ​ខុស​ទេ​។ ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​ដែរ​ថា តើ​ការ​យក​របស់​គេ​មក​ថត​នេះ មាន​ការ​ចោទប្រកាន់​អំពី​ការ​លួច​កម្មសិទ្ធិបញ្ញា​ឬ​យ៉ាងណា​នោះ កញ្ញា​ អុន សុខលី​ បញ្ជាក់​ថា គឺ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ ដោយសារ​ម្ចាស់​ដើម​ចម្រៀង​នេះ​គេ​ចង់​ឲ្យ​ចម្រៀង​របស់​គេ​មាន​ភាព​ល្បី​ដែរ​។​

អង្គការ​អេ​ពិ​កអាត ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​ជាមួយ​អ្នក​ពិការ និង​អ្នក​មិន​ពិការ ដោយ​បង្កើត​ឡើង​ក្នុង​គោលបំណង​៣ គឺ​ទី​១-​ការអប់រំ​បញ្ចូល​គ្នា​រវាង​អប់រំ​ និង​សិល្បៈ​ដល់​ជន​ពិការ​ឲ្យ​ពួកគេ​មាន​អាជីព​ជា​អ្នក​សម្ដែង​សិល្បៈ​ចម្រុះ ដូចជា​ការ​សម្ដែង​ល្ខោន ចម្រៀង គំនូរ​ជា​ដើម​។ ទី​២-​ដើម្បី​បញ្ចូល​សិល្បៈ​ទៅ​ក្នុង​សហគមន៍​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​បញ្ហា​សង្គម និង​ទី​៣-​ដើម្បី​រក​ប្រាក់​ចំណូល​តាម​រយៈ​អាជីវកម្ម​របស់​ក្រុម​សិល្បៈ​ជន​ពិការ​ចម្រុះ​នេះ ដែល​ចេញ​សម្ដែង​ទាំង​នៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​តាម​តំបន់​ផ្សេងៗ​ទូទាំង​ប្រទេស​។​

កញ្ញា​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការដែល​ក្រុម​សម្ដែង​អេ​ពិ​ក​មាន​ឧកាស​ចេញ​Video​កាយវិការ​ថ្មី​នេះ ក៏​ដោយសារតែ​ភាព​ជោគជ័យ​ពី​ការ​ចេញ​វ៉ុល​លើក​ទី​១Happy​របស់​ក្រុម​អេ​ពិ​ក​នេះ ដោយមាន​អ្នក​គាំ​ទ្រ​រហូត​ដល់​ជាង​១០​ម៉ឺន​នាក់ ខណៈ​បទ​ដើម​របស់​គេ​ចេញ​៦​ខែ មាន​អ្នកគាំទ្រ​ចំនួន​ជាង​២១១​លាន​នាក់​។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​អង្គការ​UNICEF បាន​លូកដៃ​ជួយឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ការផលិត​លើក​ទី​២​នេះ ដែល​គ្រោង​ចេញផ្សាយ​នៅ​ដើម​សប្ដាហ៍​ក្រោយនេះ​។​

គួរ​បញ្ជាក់​ថា អង្គការ​អេ​ពិ​កអាត បាន​បណ្តុះបណ្តាល​ជន​ពិការ​ចម្រុះ​ឲ្យ​មាន​អាជីព​ជា​អ្នក​សម្ដែង អ្នកចម្រៀង និង​សិល្បៈ​ផ្សេងៗ​បាន​២​ជំនាន់​ហើយ ដែល​លើក​ទី​១ បណ្ដុះ​បាន​៨​នាក់ និង​លើក​ទី​២ ដែល​នឹង​បញ្ចប់​នា​ដើមខែ​មីនា​ខាងមុខនេះ បណ្ដុះ​បាន​៦​នាក់ ដែល​ជា​ក្រុម​ដែល​កំពុង​ថត​Video​ទី​២​នេះ​៕

វិ​សិទ្ធ​

​ ​


Post a Comment

0 Comments

Close Menu