ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ហាញខ្លួនជនជាតិវៀតណាមម្នាក់ ដោយជាប់ចោទពីបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានច្បាប់អនុញ្ញាត និង ដកហូតបានកាំភ្លើងAK47មួយដើម។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ករណីចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងទៀតថា ដោយទទួលបានព័ត៌មានរាយការណ៍ថា នៅចំណុចខាងលើមានករណីរក្សាទុកអាវុធខុសច្បាប់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនិងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ដែលមានឈ្មោះ ទ្រឿង មិញថុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុង ធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។
តាមការឆ្លើយរបស់ជនសង្ស័យកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅក្រុងបាវិត។ វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួម ទី១.កាំភ្លើងAK47មួយដើម ទី២.បង់ចំនួន២បង់ ទី៣.គ្រាប់៥៦គ្រាប់ ទី៤.សឺមែល១ ទី៥.សាងសម្រាប់ដាក់គ្រាប់១ខ្សែ ទី៦.ពិល១ ទី៧.ឡាស៊ែដាក់ជាប់កាំភ្លើង១ខ្សែ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួន រួមនឹងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments