Ad Code

ខ្មាន់កាំភ្លើង​នៅ Annapolis ចង់ “​សម្លាប់​មនុស្ស​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​”



អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្មាន់កាំភ្លើង​អាយុ​៣៨​ឆ្នាំ​ម្នាក់ ​ដែល​បើក​ការវាយប្រហារ​ទៅលើ​ការិយាល័យ​កាសែត​មួយ​នៅ​ទីក្រុង Annapolis បាន​បិទ​ទ្វារ​ក្រោយ​ជាមួយនឹង​ក្តី​សង្ឃឹមថានឹង​សម្លាប់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​គាត់​អាចធ្វើ​បាន​។​

ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​អ្នករស់នៅ​ក្នុង​រដ្ឋ Maryland ឈ្មោះ Jarrod Ramos បាន​ប្រើប្រាស់​កាំភ្លើង​ដែល​ទិញ​ដោយ​ស្របច្បាប់​នៅក្នុង​ការវាយប្រហារ​នោះ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ចំនួន​៥​នាក់​របស់​កាសែត Capital Gazette ស្លាប់​ហើយពីរ​នាក់​ទៀត​រង​របួស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។​

ចៅក្រម Wes Adams បាន​ប្រាប់​សន្និសីទកាសែត​ថា ចៅក្រម​ម្នាក់​បាន​បង្គាប់​ឲ្យ​លោក Ramos ត្រូវ​ឃុំខ្លួន​ដោយ​គ្មាន​ការធានា​ឲ្យ​នៅក្រៅ​ឃុំ​លើ​ករណី​ឃាតកម្ម​កម្រិត​ទីមួយ​ចំនួន​ប្រាំ​ករណី​។​

លោក Adams បាន​និយាយថា ការសម្រេចចិត្ត​នេះ​គឺ​ផ្អែកលើ​ភស្តុតាង​ដែល​បង្ហាញ​ពី “​ការវាយប្រហារ​សម្រប​សម្រួល​” លើ​កាសែត​នេះ​នៅក្នុង​រដ្ឋធានី​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ Maryland ដែល​រួមមាន “​ការបិទទ្វារ​ក្រោយ​និង​ការប្រើ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រមាញ់​និង​បាញ់​ជនរងគ្រោះ​ដែល​គ្មាន​កំហុស​”​។​

មេ​ប៉ូលិស​ឈ្មោះ Timothy Altomare នៃ​តំបន់ Anne Arundel បាន​និយាយថា “​គាត់​នៅ​ទីនោះ​ដើម្បី​សម្លាប់​មនុស្ស​ជាច្រើន​តាម​ដែល​គាត់​អាច​សម្លាប់​បាន​”​។​

ប៉ូលិស​បាន​បញ្ជាក់ថា លោក Ramos មានការ​ខឹងសម្បា​ជា​យូរ​មកហើយ​ប្រឆាំងនឹង​កាសែត​នេះ​ដោយសារតែ​អត្ថបទ​កាលពី​ឆ្នាំ​២០១១​អំពី​ករណី​យាយី​ព្រហ្មទណ្ឌ​មួយ​ដែល​ត្រូវបាន​ចោទប្រកាន់​ប្រឆាំង​គាត់​ដោយ​អតីត​មិត្ត​រួម​ថ្នាក់​វិទ្យាល័យ​ម្នាក់​។​

អតីត​និពន្ធ​នាយក​ឈ្មោះ Thomas Marquardt បាន​ប្រាប់ MSNBC ថា លោក Ramos បាន​បន្តធ្វើ​ការគំរាមកំហែង​ចំពោះ​អ្នកយកព័ត៌មាន​និង​កាសែត​នេះ​ដូច្នេះ​បុគ្គលិក​ទាំងអស់​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ហៅ​ទូរស័ព្ទ​ទៅ​លេខ​បន្ទាន់​៩១១​ប្រសិនបើ Ramos ចូល​ការិយាល័យ​។​

លោក​បាន​បញ្ជាក់ថា លោក Ramos បាន​បដិសេធ​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ហើយ​បាន​ឈរ​ស្ងៀម​ខណៈពេលដែល​គាត់​បង្ហាញខ្លួន​នៅក្នុង​តុលាការ​តាមរយៈ videolink កាលពី​ថ្ងៃ​សុក្រ​៕ AFP




[caption id="attachment_939349" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu