Ad Code

ប្រតិបត្តិការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ ធ្វើ​មិន​គិត​ថ្ងៃ​សម្រាក



ភ្នំពេញ ​៖ ​បើ​ទោះ​បី​ថ្ងៃ​មិនមែន​ជា​ថ្ងៃ​រដ្ឋបាល​ក៏ដោយ ​នោះ​ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់​គឺជា​បញ្ហា​ចម្បង​សម្រាប់​រដ្ឋបាល​ខណ្ឌដូនពេញ​ ដែល​ត្រូវធ្វើ​ជាប្រចាំ ​ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៣​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ឲ្យ​កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​បន្តទៀត​។



ប្រតិបត្តិ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជាប្រចាំ​នោះ​ គឺ​ផ្តោត​សំខាន់​លើក​ផ្លូវ​សំខាន់ៗ​ទាំង​០៩​ខ្សែ ជា​គោលការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​រដ្ឋបាល​ខណ្ឌ​ចុះ​អនុវត្តន៍។ ក្នុង​នោះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ​នៅ​តីរវិថី​ព្រះស៊ីសុវត្ថិ​(​មុខ​ព្រះបរមរាជវាំង​) មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​លេខ​៤៧​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ផ្លូវ​លេខ​៩០​មុខ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា​ទី​៤ រា​ជាយ​ស្ម័យ​យាន​កម្ពុជា ផ្លូវ​លេខ​១០៦-១០៨ សួនច្បារ​អតីត​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ផ្លូវ​លេខ​៩៣ ផ្សារតូច ជុំវិញ​អតីត​ទ្រី​ម​លែ​ន សួនច្បារ​មុខ​សណ្ឋាគារ​ណាហ្គា​វើ​ល មហាវិថី​ព្រះ​សុរាម្រិត និង មហាវិថី​ព្រះ​សម្តេច​សុធារស។



ក្នុង​ការ​រៀប​ចំ​នេះ​ កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ​រដ្ឋបាល​ដូនពេញ បាន​ប្រកាស​សេចក្តី​ជូនដំណឹង ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រកប​អាជីវកម្ម​តាម​គំនូស ដែល​រដ្ឋបាល​ខណ្ឌ​បាន​កំណត់ កម្លាំង​យើង​ក៏បាន​ធ្វើការ​ស្ទូច​រថយន្ត​ដែល​ចត​នៅ​ផ្លូវ​ហាមឃាត់​បាន​ចំនួន​០១​គ្រឿង ម៉ូតូ​កង់​បី​ចំនួន​១៤​គ្រឿង និង រ​ទះ​លក់ដូរ​បាន​ចំនួន​៣​គ្រឿង យក​មក​រក្សា​ទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​។



ចំពោះ​ការងារ​បរិស្ថាន អនាម័យ និង​សោភ័ណភាព​ទីក្រុង វិញ លោក អភិបាលខណ្ឌ បាន​បញ្ជា​ឲ្យ​គ្រប់​គោលដៅ​ប្រជា​ការពារ​ធ្វើការ​សំអាត​សំរាម ដោយ​បាន​យក​ម៉ាស៊ីន​បាញ់​លាង​ចល័ត ធ្វើការ​សំអាត​តាម​ដេប៉ូ​សំរាម​, ធ្វើការ​ប្រមូល​សំរាម​ក្រោយពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមូល​រួច ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បញ្ចេញ​សំរាម​ខុស​ម៉ោង​ពេល​កំណត់ ដូចជា ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​១០៦-១០៨ និង​ផ្លូវ​ព្រះស៊ីសុវត្ថិ ជាពិសេស លោក អភិបាលខណ្ឌ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​យក​ម៉ូតូ​កង់​បី ធ្វើការ​បូម​បាញ់​លាង​សំអាត​តាម​សួនច្បារ​-​ច្រាំងទន្លេ ចាប់ពី​ខាងមុខ​ផ្សារ​រាត្រី​រហូតដល់​កំពង់ចម្លង​អរិយ​ក្សត្រ​, លាង​សំអាត​ថ្នល់​-​ការ៉ូឡា​សួន​សម្តេច​តេ​ជោ​ហ៊ុនសែន​, សួនច្បារ​ព្រះ​បរម​រតនៈ​រូប សួនច្បារ​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ មហាវិថី​ព្រះសីហនុ និង​មហាវិថី​ព្រះ​នរោត្តម ដើម្បី​ឲ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ ជូន​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត និង​ហាត់ប្រាណ​ជាដើម​-​ល​-៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu