ភ្នំពេញ ៖ អគារការិយាល័យកណ្តាលថ្មី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតកម្ពស់១០ជាន់ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលថែមទៀតក្នុងការផ្តល់សេវាជួនដល់អតិថិជន។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានឱ្យដឹងថា អគារការិយាល័យកណ្តាលថ្មី កម្ពស់១០ជាន់ដែលសម្ពោធនាពេលនេះ គឺដើម្បីឆ្លើយតបចំពោះបុគ្គលិកខ្លួន ដែលបានខិតខំបំពេញការងារ អស់ពីកម្លាំងចិត្ត និងការ ទទួលខុសត្រូវ និងទំនុកចិត្តខ្ពស់ និងជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីប្រែក្លាយជាគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុដ៏រឹងមាំប្រកបដោយនិរន្តរភាព ពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ដល់ កសិករ សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមក៏ដូចជាមហាជនទូទៅ ខណៈបច្ចុប្បន្នអម្រឹតមាន បណ្តាញប្រតិបត្តិការចំនួន១៥៥សាខា ទូទាំងរាជធានី.ខេត្ត។
លោក ជាផល្លារិន បានសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឆ្លើយតប ទៅនឹងតម្រូវការ របស់ប្រជាជនកម្ពុជា។ ស្នាក់ការកណ្តាលថ្មី គឺជាការបោះជំហានទៅមុខ មួយជំហានទៀត របស់យើង ក្នុងការផ្តល់ ឲ្យអតិថិជនទាំងអស់ នូវជម្រើស និងដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុ កាន់តែប្រសើរឡើង។
លោកបានរំលឹកពីប្រវត្តិនៃការបង្កើតអម្រឹតថា ចាប់តាំងពីឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានអតិថិជនប្រមាណជាង៤០ម៉ឺននាក់ និងបានផ្តល់ ឱកាសការងារ ជាង៤ពាន់មុខតំណែងនៅទូទាំងប្រទេស ព្រមជាមួយនឹងការសម្រួល និងពង្រីកអាជីវកម្ម ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងក៏ដូចជាអតិថិជនដើម្បីបង្កើនកម្រិតជីវភាពរស់នៅកាន់តែប្រសើរ ផងដែរ។
លោកបានបន្ថែមទៀតថា ជាងនេះទៀត គិតត្រឹមខែឧសភាឆ្នាំ២០១៨ ផលប័ត្រប្រាក់កម្ចីរបស់អម្រឹត មានការកើនឡើង ជាវិជ្ជមានរហូតដល់ ៧៤៦លានដុល្លារអាមេរិក ហើយទំហំនៃប្រាក់បញ្ញើបានកើនដល់៣៦៨លានដុល្លា ជាមួយនឹងទ្រព្យសកម្មសរុបចំនួន៨៦៥លានដុល្លារអាមេរិក។
លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគទុនិកគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.អ ដែលបានបំពេញបេសកកម្ម និងមុខងារ ហិរញ្ញវត្ថុជនបទ បានយ៉ាងល្អ រួមចំណែកលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាទិសដៅអាទិភាព របស់រាជរដ្ឋាភិបាល។
លោកទេសាភិបាលបានចាត់ទុក អគារ ទីស្នាក់ការ ការិយាល័យថ្មីនេះ បានបង្ហាញពីភាពរឹងមាំ និងរីកចម្រើនថែមទៀត របស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុអម្រឹត ក៏ដូចជាបង្កើនទំនុកចិត្តរបស់សាធារណជនទូទៅ និងវិនិយោគិនជាតិ អន្តរជាតិ មកលើ វិស័យធនាគារនិងហិរញ្ញវត្ថុ ជាពិសេសវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងបរិបទសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។
លោកជាចាន់តូមានជំនឿមុតម៉ាំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.អ នឹងបន្តចូលរួមទ្រទ្រង់ ការអភិវឌ្ឍន៍ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាព្រមទាំងបង្កើនតួនាទី អន្តរការីយកម្មហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទាន ដល់ប្រជាជនមានចំណូលទាប ជាពិសេសប្រជាជនរស់នៅតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ហើយថាអនាគារជាតិនៃកម្ពុជា នៅតែបន្តគាំទ្រវប្បធម៌ប្រកួតប្រជែង ប្រកបដោយតម្លាភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ប្រកបដោយចីរភាព ស្របតាមការ វិវត្តន៍ជាក់ស្តែងនៃប្រព័ន្ធធនាគារ៕
Source: Kampuchea Thmey Daily
0 Comments