Ad Code

សេចក្តីរាយការណ៍​ ៖ អាមេរិក​ពិចារណា​ដកទ័ព​ចេញពី​ប្រទេស​អាល្លឺម៉ង់



កាសែត Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទីរ​បញ្ច​កោណ​កំពុង​វាយតម្លៃ​អំពី​ការ​ចំណាយ​នៃ​ការផ្ទេរ​ ឬ​ដក​កងទ័ព​ចេញពី​ប្រទេស​អាល្លឺម៉ង់​ ដែល​នៅ​ទីនោះ សហរដ្ឋអាមេរិក​មាន​កម្លាំង​ទ័ព​ជំនួយ​ធំ​បំផុត​របស់ខ្លួន​នៅក្រៅ​ប្រទេស។

ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ពិភាក្សា​អំពី​សំណើរ​នេះ​រួចទៅហើយ​ជាមួយ​មន្ត្រី​យោធា​។​សំណើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​។​
​​
កាសែត​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជម្រើស​ដែល​កំពុង​ត្រូវបាន​ពិចារណា​គឺ​រួម​មានការ​មាតុភូមិនិវត្តន៍​នូវ​កងទ័ព​ជំនួយ​យ៉ាងច្រើន​ក្នុងចំណោម​កងទ័ព​បំពេញភារកិច្ច​សកម្ម​ប្រហែល​៣៥,០០០​នាក់​ឬ​ការដក​កងទ័ព​ទាំងស្រុង​ឬមួយ​ចំនួន​ចេញពី​ប្រទេស​អាល្លឺម៉ង់​ទៅ​ប៉ូឡូញ​។​

ដោយ​លើកឡើង​ពី​ប្រភព​អនាមិក​, កាសែត​នេះ​បាន​សង្កត់ធ្ងន់ថា ការសិក្សា​នេះ​គ្រាន់តែ​ជាការ​ពិនិត្យ​ជម្រើស​ផ្ទៃក្នុង​នៅ​ដំណាក់កាល​នេះ​ប៉ុណ្ណោះ​។​

ទន្ទឹម​នោះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​បាន​បដិសេធ​ការវិភាគ​បែបនេះ​។​
​ស្របពេល​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Eric Pahon ក៏បាន​បដិសេធ​ផែនការ​ណាមួយ​សម្រាប់​ការដក​ទ័ព​នេះ​ផងដែរ​។

លោក​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មន្ទីរ​បញ្ច​កោណ​តែងតែ​ពិនិត្យឡើងវិញ​អំពី​កម្លាំង​និង​អនុវត្ត​ការវិភាគ​ដែលមាន​តម្លៃ​និង​អត្ថប្រយោជន៍​។ នេះ​មិនមែនជា​អ្វី​ថ្មី​ទេ​។ ប្រទេស​អាល្លឺម៉ង់​បានទទួល​វត្តមាន​កងកម្លាំង​អាមេរិក​ដ៏​ធំ​បំផុត​នៅ​ទ្វីបអឺរ៉ុប​។ យើង​នៅតែមាន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តម្លៃ​រួម​និង​ទំនាក់ទំនង​រឹងមាំ​រវាង​ប្រទេស​យើង​ទាំងពីរ​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​សម្ព័ន្ធមិត្ត​ណា​តូ​របស់​យើង​”​។​

គួរ​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​គ្រោង​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​នាយ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅក្នុង​ទីក្រុង Brussels នៅ​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១២​ខែកក្កដា​។ នៅពេលនោះ គាត់​នឹងដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ឲ្យ​ចំណាយ​យ៉ាងហោចណាស់​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពួកគេ​លើ​ការការពារ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu