ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ខណៈការបោះឆ្នោតកាន់តែជិតមកដល់ គ្មានអានុភាពណាមករារាំងបុគ្គល ប្រែត អាដាំ (Brad Adams) មិនឲ្យប្រឌិតរឿងទម្លាក់កំហុសមកលើឥស្សរជនយោធាកម្ពុជា១២រូប ដែលធ្លាប់មានស្នាដៃក្នុងការរួមចំណែកផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតបានឡើយ ដូច្នេះ Brad Adams គឺជាឧក្រិដ្ឋកម្មប្រឆាំងសិទ្ធិមនុស្ស ដែលត្រូវនាំខ្លួនយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ពីព្រោះគេធ្វើសកម្មភាពបំពានមកលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ប្រមាថដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា និងរំលោភលើសិទ្ធិរបស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងបែបនេះ ជាការឆ្លើយតបរបាយការណ៍របស់លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី (Human Rights Watch HRW) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលបានវាយប្រហារ ដោយគ្មានមូលដ្ឋានលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន១២រូប។
លោក សុខ ឥសាន លើកឡើងថា នៅពេលដែលកាលបរិច្ឆេទនៃការបោះឆ្នោតកាន់តែខិតជិតមកដល់ បុគ្គល ប្រែត អាដាំ បានខិតខំប្រឌិតរឿង ដោយដាក់កំហុសមកលើឥស្សរជនយោធា កម្ពុជាចំនួន១២ រូប ដែលធ្លាប់មានស្នាដៃក្នុងការរួមចំណែកផ្តួលរំលំរបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានកាប់សម្លាប់រង្គាល មកលើប្រជាជនកម្ពុជា អស់រាប់លាននាក់យ៉ាងអយុត្តិធម៌។ លោកបន្តថា ការចោទប្រកាន់របស់បុគ្គល Brad Adams បង្ហាញច្បាស់ថា ប្រែត អាដាំ កាន់ជើងពួកប្រល័យពូជសាសន៍ កាន់ជើងពួកប្រឆាំង និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីកម្ពុជា។
តាមលោក សុខ ឥសាន “សកម្មភាពរបស់ ប្រែត អាដាំ បំពារបំពានមកលើឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា មានន័យថា ប្រែត អាដាំ ប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់ប្រជាជនកម្ពុជា ប្រមាថដល់លទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជា និងរំលោភលើសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ប្រែត អាដាំ តែងតែធ្វើសកម្មភាពគាំទ្រពួកឧទ្ទាមខ្មែរក្រៅច្បាប់ ឲ្យធ្វើសកម្មភាពប្រឆាំងនឹងប្រទេសជាតិខ្លួនឯង បានសេចក្តីថា ប្រែត អាដាំ គឺសមាសភាពមួយនៅក្នុងរចនាសម្ព័ន្ធ នៃបដិវត្តន៏ពណ៌ដឹកនាំ ដោយមេខ្លោងបរទេស ដែលត្រូវបរាជ័យយ៉ាងអាម៉ាស់នៅលើឆាកអន្តរជាតិ។ សកម្មភាពរបស់ប្រែត អាដាំ ឆ្លុះបញ្ចាំងច្បាស់ថា ប្រែត អាដាំ គឺជាឧក្រិដ្ឋកម្មប្រឆាំងសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលគប្បីត្រូវនាំខ្លួនយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ទើបសម”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ អង្គការ HRW បានចេញផ្សាយរបាយការណ៍មួយ ដោយធ្វើការចោទប្រកាន់ទៅលើមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន៕
Source: Kampuchea Thmey Daily
0 Comments