Ad Code

មួក​សុវត្ថិភាព​ចំនួន​៨៩៤​ ត្រូវ​បាន​ចែក​ជូន​ដល់​សិស្សសាលា​បឋមសិក្សា​កុលាប​ទី​១



ភ្នំពេញ​ ៖​ ដោយមាន​កិច្ចសហការ​គ្នា​រវាង​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ ,​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ត​រ​ជាតិ​កូរ៉េ (​ក​យ​កា​) និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​រួម​គ្នា​បើក​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​កុមារ​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​អប់រំ​អំពី​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ក្នុងន័យ​បញ្ចៀស​នូវ​គ្រោះថ្នាក់​។



យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​កុមារ​កម្ពុជា​នេះ​គឺ​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​បរិវេណ​សា​លាបឋមសិក្សា​កុលាប​ទី​១​ក្រោម​វត្តមាន​លោកជំទាវ មិន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​,​លោក ចុង យុន​ហ្គី​ន ប្រធាន​តំណាង​អង្គការ​KOICA​និង​លោក Brian Ko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​កាំ​កូ​ម៉ូ​ទ័​រ​ប្រចាំ​កម្ពុជា​។



ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រៀបចំឡើង ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ក្នុងចំណោម​កុមារ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ និង​ជា​ជន​ងាយ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​និង ដើម្បី​កាត់បន្ថយ​ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។



មិនតែប៉ុណ្ណោះ​សម្រាប់​គោលបំណង​សំខាន់​គឺ​កាត់បន្ថយ​ការ​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងចំណោម​កុមារ​ទាំងឡាយ​តាមរយៈ​ការ​យល់​ដឹង​និង​យុទ្ធនាការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ គោលដៅ​ផ្សេងទៀត​រួមមាន ៖ កែលំអ​អាកប្បកិរិយា​របស់​អ្នកប្រើប្រាស់​ផ្លូវគោក​ដើម្បី​កែលំអ​កន្លែង​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់​សម្រាប់​កុមារ​និង​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ក្នុងចំណោម​កុមារ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​។



បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់​លោកជំទាវ មិន មាណវី បាន​លើកឡើងថា​ ការផ្តល់​មួកសុវត្ថិភាព​សម្រាប់​កុមារ​និង​ឯកសារ​អប់រំ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ជូន​ដល់​សិស្សសាលា​បឋមសិក្សា​កុលាប​ទី​១​នៅ​ពេល​នេះ​ គឺជា​ការ​ឆ្លើយ​តប​យ៉ាង​ស័ក្តិសិទ្ធិ​ចំពោះ​ហានិភ័យ​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ជាពិសេស​ចំពោះ​កុមារ​ដែល​ជា​គោលដៅ​ងាយ​រងគ្រោះ​និង​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​នឹង​ត្រូវ​ក្លាយជា​យុវជន​និង​ជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍន៍ និង​ការ​រក្សា​ការពារ​សុខ​សន្តិភាព និង​អធិបតេយ្យភាព​ទឹកដី​របស់​សង្គមជាតិ​កម្ពុ​ជា​។



សូម​បញ្ជាក់​ថា ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ក្រុមហ៊ុន​Hyundai Camko Motor និង KOICA​ក៏បានផ្តល់​មួកសុវត្ថិភាព​ចំនួន​៨៩៤​មួក​ស្លាក​ចំណាំងផ្លាត​សម្រាប់​កង់​និង​ម៉ូតូ​ចំនួន​១០០០០​ផ្ទាំង​និង​ផ្លិត​សុវត្ថិភាព​ចរាចរណ៍​ចំនួន​២១៦០០​ផ្លិត​ទៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​ រាល់​សម្ភារៈ​សុវត្ថិភាព​ចរាចរណ៍​ទាំងអស់​ក្រុមហ៊ុន Hyundai Camko Motor,KOICA​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានផ្តល់​ដល់​សិស្ស​នៅ​សាលាបឋមសិក្សា​កុលាប​ទី​១​។ ចំណែកឯ​សម្ភារៈ​សុវត្ថិភាព​ចរាចរណ៍ ដែល​នៅ​សេសសល់​នឹង​ត្រូវ​បាន​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​រហូតដល់​ចុងខែធ្នូ ​ឆ្នាំ ២០១៨៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu