Ad Code

ឡើង​ជែង​មិន​ប្រយ័ត្ន បុក​ជាមួយ​ឡាន​ដឹក​ដី ស្លាប់​ខ្លួនឯង



បាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់ពី​យុវជន​រូប​នេះ​បាន​ធ្វើ​ការ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំង​ហ៊ាន​ឡើង​ជែង​ដោយ​មិនបាន​មើលមុខ មើល​ក្រោយ​ឲ្យ​បាន​ច្បាស់លាស់ ទើប​មានការ​ប៉ះទង្គិច​ជាមួយនឹង​រថយន្ត​ធុនធ្ងន់ ​ដែល​កំពុង​បើក​មកពី​មុខ។



​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ និង ៣០នាទី ព្រឹក​ ត្រង់​ចំណុច​ក្រុមទី​១២ ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ រវាង​រថយន្ត និង​ម៉ូតូ ។



​បើ​យោងតាម​សាក្សី​មួយចំនួន​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​ភាគី​ម៉ូតូ​បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង គឺ​នៅពេល​នោះដែរ​ដោយសារ​ខាងមុខ​មាន​រថយន្ត​តូរីស​កំពុង​បើកបរ​ស្រប​ទិស​គ្នា ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ឡើង​ជែង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​បន្តិច​សោះឡើយ។



​សាក្សី​បាន​បន្ត​ថា នៅ​ពេល​នោះ​ហើយ​ដែល​ម៉ូតូ​បាន​ជួបនឹង​ឧបសគ្គ ដោយសារ​តែ​មាន​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ពាក់​ស្លាក​លេខ ០៨២៧ ទើប​ធ្វើ​ឲ្យ​ភាគី​ម៉ូតូ​មិនអាច​គេច​ទៅណា​បាន ក៏​បុក​នឹង​រថយន្ត​នោះ​តែម្តង បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម ដោយឡែក​ម៉ូតូ​បាន​រុល​ទៅ​នៅ​ពីក្រោម​រថយន្ត។

អ្នកបើកបរ​រថយន្ត​ដែល​បាន​រត់​គេច​ខ្លួន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ផាន់ សា​វឹង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សេង វិបុល ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ( ស្លាប់​នៅនឹងកន្លែង​កើតហេតុ )។

បច្ចុប្បន្ន​មធ្យោបាយ​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ចំណែក​សព​ក៏​ត្រូវ​បាន​កំលាំង​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu