ភ្នំពេញ ៖ រថយន្ដម៉ាកតូយ៉ូតាកាមរីបាឡែនមួយគ្រឿង ខណៈម្ចាស់ចតទុកមុខផ្ទះ ត្រូវបានក្រុមចោរលួចឆ្កឹះសោបើកយកទៅបាត់ លុះភ្ញាក់ពីដេកដឹងខ្លួនម្ដង ទើបដឹងថា បាត់ឡាន។ នៅចំណុចម្ដុំកើតហេតុនោះឧស្សាហ៍កើតមានអំពើចោរកម្មញឹកញាប់ណាស់ ពិសេសបាត់រថយន្ដតែម្ដង យ៉ាងណាមិញករណីនេះម្ចាស់ដឹងថា បាត់នៅវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នៅមុខបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសុខ រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើបោះដុំ ស្ថិតឃុំកណ្តឹង ស្រុកបាទីខេត្តតាកែវ។ រថយន្តដែល ជនសង្ស័យលួច ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AC-7350។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា រថយន្តរបស់គាត់ ត្រូវបានគាត់ចតទុកនៅមុខបន្ទប់ជួល នៅពេលថ្ងៃនិងមានដាក់ស្លាកឡានលក់។ នៅពេលដែលគាត់មិននៅផ្ទះគាត់តែងយកឡានទៅផ្ញើនៅយានដ្ឋានមួយកន្លែងក្បែរនោះដែរ។ មុនពេលបាត់ឡាន គាត់ទើបត្រឡប់មកពីលក់ធូរេននៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ នៅពេលមកដល់ម៉ោង១១យប់ទៅ ទម្រាំបានដេករហូតដល់ម៉ោង១រំលងអធ្រាត្រទៅហើយ។ នៅពេលដឹងថា បាត់ឡានដោយសារឮកូនស្រីរបស់គាត់បានដាស់ប្រាប់គាត់ថា ប៉ាៗឡានយើងបាត់ហើយ នៅពេលនោះគាត់បានភ្ញាក់ឡើងស្ទុះទៅមើលឡានបាត់មែន។
នៅពេលដឹងថា បាត់ភ្លាមៗគាត់បានដាស់អ្នកជិតខាងឲ្យជួយរកផងដែរ តែរកអស់រយៈពេលជាង១ម៉ោងនៅតែរកមិនឃើញ បន្ទាប់មកគាត់បានឆែកកាមេរ៉ាសុវត្ថិភាពផ្ទះជួលឃើញជនសង្ស័យមានគ្នា២នាក់ ចូលធ្វើសកម្មភាពទើបរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ផងដែរ។
ក្រោយមកជនរងគ្រោះនិងអ្នកជិតខាងបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ព្រោះមុខមាត់ចោរបានឃើញក្នុងកាមេរ៉ាសុវត្ថិភាពច្បាស់ហើយ យ៉ាងហោចណាស់ក៏ជាតម្រុយមួយដែរសម្រាប់ឲ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវខ្លះៗដែរ៕
Source: Kampuchea Thmey Daily
0 Comments