Ad Code

ក្រុម​បឹងកេត ប្រកាស​ចុះកិច្ចសន្យា​នាំយក​តារាចម្រៀង​ម្នាក់​មក​ធ្វើជា​សមាជិក​ក្រុម



ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ដែល​កំពុង​ឈរ​កំពូល​តារាង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បានប្រកាស​ចុះកិច្ចសន្យា នាំយក​តារាចម្រៀង​បែប​យុវវ័យ​ម្នាក់​ចូលរួម​ជា​សមាជិក​ក្រុម ខណៈ​ក្រុម​មួយ​នេះ​ត្រូវការ​ពិន្ទុ​បន្ថែម​នៅ​ជើង​ទី​២ ដើម្បី​ការពារ​តំណែង​ជើងឯក​ផងដែរ​។

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្លិប​នៅ​ល្ងាច​សុក្រ សប្ដាហ៍​នេះ​បាន​បញ្ជាក់ថា​៖«​ក្លិប​មាន​កិត្តិយស​សូម​ជម្រាបជូន​ពី​ការចុះ​កិច្ច​ហត្ថលេខា​ជាមួយ​កីឡាករ​ចំណូល​ថ្មី ចេ​ន មក​ចូលរួម​ជាមួយ​យើង​។​ចេ​ន ត្រូវបាន​មហាជន​ស្គាល់​ថា​ជាតា​រាង​ចម្រៀង​វ័យក្មេង​ដែល​សំឡេង​ពីរោះ​គ្រប់​បទ​ចម្រៀង​របស់ ចេ​ន សុទ្ធតែ​ចាក់​ចំ​បេះដូង​យុវវ័យ​នាពេល​បច្ចុប្បន្ន និង​ទទួលបាន​ការគាំទ្រ​ជានិច្ច​។ ក្រៅពី​អាជីព​ជា​តារាចម្រៀង​នៅ​ក្រុម​តន្ត្រី Mustache Band ចេ​ន មាន​ទេពកោសល្យ​និង​ចំណូល​ចិត្តខ្លាំង​លើ​វិស័យ​កីឡា​ជាពិសេស​គឺ​កីឡាបាល់ទាត់​តែម្ដង​»​។

​ក្លិប​បឹងកេត បាន​សំណូមពរ​ដល់​អ្នកគាំទ្រ​ថា​៖«​ក្លិប​សង្ឃឹមថា​អ្នកគាំទ្រ​ទាំងអស់​នឹង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូបគេ​ដើម្បី​ជំរុញ​ឲ្យ​ខ្លួនគេ​កាន់​តែមាន​កម្លាំងចិត្ត​ក្នុង​ការវិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​យ៉ាងពិត​ប្រាកដ​នាពេល​ដ៏​ខ្លី​ខាងមុខ​»​។ ក្រុម​តន្ត្រី Mustache Band មាន​សមាជិក​៥​នាក់ ខណៈ ចេ​ន ជា​សមាជិក​ម្នាក់​ដែរ​។ ក្រុម​តន្ត្រី​បែប​យុវវ័យ​នេះ​ធ្លាប់​ចេញ​បទ​ចម្រៀង​ពីរោះៗ​ជាច្រើន​បទ​ដូចជា ពាក្យ​ថាស​ង្សា​រចាស់​, មិនអាច​ទៅរួច​, ប្រុស​ម្នាក់នេះ​សំខាន់​នៅពេលណា ជាដើម​។​

​ក្រុម​បឹងកេត មាន​កីឡាករ​ចេញចូល​ច្រើន ដោយ​ក្នុងនោះ​កីឡាករ​ដែល​សម្រេច​ចាក​ចេញពី​ក្លិប​មានដូចជា រស់ សំអឿន ទៅកាន់​វិសាខា ស៊ូ យ៉ា​ទី ទៅ​ណាហ្គា​វើ​ល សុខ សុវណ្ណ ទៅ​វិសាខា ឃួន ឡា​បូ​រ៉ាវី ទៅ​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ​។ ងាក​មក​មើល​កីឡាករ​ដែល​សម្រេច​ចូលរួម​ជាមួយ​ក្រុម​មាន​ដូចជា ចាន់ វឌ្ឍនាកា​, យុគ្គ អៈ​អា​រី​, កែ វណ្ណៈ​, ពុំ បារាំង ជាដើម​។​

​ឆ្លងកាត់​១១​ប្រកួត​ក្នុង​ជើង​ទី​១​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា កន្លងទៅ​ក្រុម​បឹងកេត ឈ្នះ​បាន​៨​លើក ស្មើគ្នា​៣​លើក និង​មិន​ធ្លាប់​ចាញ់​នោះទេ ខណៈ​ក្រុម​នេះ​កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។ ចំណែក​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​១២ ចុង​សប្ដាហ៍​នេះ​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១ ខែមិថុនា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ដូច្នេះ​កីឡាករ​ថ្មីៗ​នៅក្នុង​ក្រម​បឹងកេត បូក​ទាំង​ចេ​ន ផង​គឺ​សុទ្ធតែ​អាច​បង្ហាញខ្លួន​នៅលើ​ទីលាន​ជា​ផ្លូវការ​បាន​ចាប់ពី​ប្រកួត​នេះ​តទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu