នៅថ្ងៃសៅរ៍ ក្រុមជួយសង្គ្រោះរបស់ថៃ ដែលកំពុងស្វែងរកក្មេងប្រុស១២នាក់ដែលជាប់នៅក្នុងរូងភ្នំគឺបានហ្វឹកហាត់ការជម្លៀសនិងដំណើរការវេជ្ជសាស្ត្រ ខណៈដែលការស្វែងរកទាំងអស់សង្ឃឹមបានឈានដល់ថ្ងៃទី៧ហើយ។
យ៉ាងណាក្តី មិនមានទំនាក់ទំនងជាមួយក្មេងប្រុសទាំងនោះដែលមានអាយុ១១ទៅ១៦ឆ្នាំនិងគ្រូបង្វឹករបស់ពួកគេទេចាប់តាំងពីពួកគេបានចូលទៅក្នុងរូងភ្នំកាលពីចុងសប្តាហ៍មុនមក។
ភ្លៀងបានបន្តធ្លាក់ពេញមួយសប្ដាហ៍ដែលជាហេតុរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងធំធេងដើម្បីរកក្មេងៗនិងគ្រូបង្វឹកវ័យ២៥ឆ្នាំរបស់ពួកគេ។
ក្រុមវេជ្ជសាស្ត្របានធ្វើការហ្វឹកហាត់នៅថ្ងៃសៅរ៍ដើម្បីត្រៀមខ្លួនសម្រាប់ការជួយសង្គ្រោះរបស់ពួកគេខណៈពេលដែលមានការព្រួយបារម្ភថាតើក្មេងប្រុសទាំងនោះអាចត្រូវបានទាញចេញពីរូងភ្នំ Tham Luang ដោយរបៀបណាប្រសិនបើនិងនៅពេលពួកគេត្រូវបានរកឃើញ។
រថយន្តសង្គ្រោះនិងឧទ្ធម្ភាគចក្របានរង់ចាំសម្រាប់ការហ្វឹកហាត់នេះកាលពីព្រឹកថ្ងៃសៅរ៍នៅកន្លែងសង្គ្រោះបន្ទាន់នៃភាគខាងជើងខេត្តឈៀងរ៉ៃ។
លោក Narongsak Osottanakorn អភិបាលខេត្តឈៀងរ៉ៃបានថ្លែងកាលពីល្ងាចថ្ងៃសុក្រថា “វាគឺជាការបង្កើតប្រព័ន្ធមួយដើម្បីអនុវត្តអ្វីដែលត្រូវធ្វើរហូតដល់យើងអាចបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ”។
ខណៈដែលការស្វែងរកក្មេងប្រុសបានឈានដល់ថ្ងៃទី៧ហើយនោះ ការយកចិត្តទុកដាក់បានបង្វែទៅឱកាសនៃការរស់រានមានជីវិតនៅក្នុងរូងភ្នំដែលមានអាហារនិងពន្លឺតិចតួចឬគ្មានវិញ។
ក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកថៃ SEAL បានរុករកច្រកល្អាងដែលជាកន្លែងភក់និងទឹកហូរលឿនបានបង្កភាពស្មុគស្មាញដល់ការស្វែងរកហើយម៉ាស៊ីនបូមទឹកកំពុងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីព្យាយាមនិងរក្សាកម្រិតទឹកឲ្យនៅទាប។
ក្រុមអ្នកជំនាញបរទេសដោយរួមមានបុគ្គលិកយោធាអាមេរិកជាង៣០នាក់ផងដែរបានទៅដល់តំបន់ភ្នំដាច់ស្រយាលក្បែរព្រំដែនឡាវនិងមីយ៉ាន់ម៉ាមួយនេះដើម្បីចូលរួមជាមួយក្រុមជួយសង្គ្រោះថៃប្រមាណ១,០០០នាក់។
អ្នកជំនាញអូស្ត្រាលី ចិននិងជប៉ុនក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ។
សាច់ញាតិដែលមានទុក្ខព្រួយបានបួងសួងនៅក្រោមតង់ហើយព្រះសង្ឃបានធ្វើពិធីសូត្រមន្តអធិស្ឋាន៕ AFP
Source: Kampuchea Thmey Daily
0 Comments