ក្រសួងសុខាភិបាលរបស់ទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួនពីរនាក់ក្នុងការប៉ះទង្គិចគ្នានៅព្រំដែនកាលពីថ្ងៃសុក្រនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qudra បានប្រាប់ AFP ថា យុវជនប៉ាឡេស្ទីនម្នាក់អាយុប្រហែល១៣ឆ្នាំត្រូវបានបាញ់ចំក្បាលនៅក្បែរទីប្រជុំជន Khan Yunis ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះនិងអាយុពិតរបស់គាត់មិនត្រូវបានគេបញ្ជាក់នោះទេ។
អ្នកនាំពាក្យដដែលបានបន្ថែមថា លោក Mohammed al-Hamayda អាយុ២៤ឆ្នាំបានស្លាប់ដោយសាររបួសចំត្រង់ពោះបន្ទាប់ពីត្រូវបាញ់ដោយអ៊ីស្រាអែលនៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀតនៅភាគខាងកើតទីក្រុង Rafah។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅពេលរសៀលថា “ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់បានចូលរួមក្នុងកុបកម្មហិង្សាខ្លាំងក្លាហើយបានប្រព្រឹត្តអំពើភេរវកម្មនៅក្នុងតំបន់ជាច្រើននៅតាមរបងសន្តិសុខហ្គាហ្សាស្ទ្រីប”។
សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសបាននិយាយថា គ្រាប់បែកដៃនិងដុំថ្មត្រូវបានគប់ដាក់ទាហាន។ វាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយគ្រាប់កាំភ្លើងពិត។
កងទ័ពបាននិយាយថា ការស្លាប់របស់ក្មេងប្រុសម្នាក់នេះនឹងត្រូវបានពិនិត្យ។
គួរបញ្ជាក់ថា ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនហ្គាហ្សាកាលពីថ្ងៃទី ៣០ខែមីនាមក ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១៣៧នាក់ត្រូវបានសម្លាប់ដោយការបាញ់របស់អ៊ីស្រាអែល។
ភាគច្រើនគឺជាអ្នកដែលចូលរួមក្នុងការតវ៉ាប៉ុន្តែអ្នកផ្សេងទៀតគឺជាអ្នកដែលព្យាយាមរំលោភឬបំផ្លាញរបងព្រំដែន។
គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់ត្រូវបានសម្លាប់ទេ៕ AFP
[caption id="attachment_939157" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments