ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ត្រូវប៉ះក្រុមវិសាខា ហើយក្រុមវេស្ទើនភ្នំពេញ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ទ័ព) ទទួលក្រុមអង្គរថាយហ្គឺរ នៅល្ងាចថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី១២នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018។
ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា នឹងត្រូវទទួលក្រុមវិសាខា នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា របស់ខ្លួន ព្រមទាំងមានផ្សាយតាមទំព័រហ្វេសប៊ុករបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC)។ ក្រុមអគ្គីសនីកម្ពុជា មិនទាន់គេចផុតពីតំបន់បាតតារាងនៅឡើយនោះទេ ក្រោយប្រកួតឈ្នះបាន១លើក ស្មើគ្នា២លើក និងចាញ់៨លើកក្នុងប្រកួតកន្លងមក។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមនេះធ្លាប់លើកឡើង «ឆ្នាំនេះថ្នាក់ដឹកនាំក្លិប ចង់ឲ្យក្រុមឡើងយ៉ាងហោចណាស់គឺដល់វគ្គពាក់កណ្ដាលលផ្ដាច់ព្រ័ត្រក្នុងពានសម្ដេចតេជោ ព្រោះលេងតែកីឡាករខ្មែរសុទ្ធដូចអ្វីដែលក្រុមមាន។ ចំណែកក្នុងពានលីគវិញ គោលដៅរបស់យើងគឺរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់»។
ចំពោះក្រុមវិសាខា វិញកំពុងតែត្រូវការពិន្ទុជាខ្លាំងដើម្បីប្រជែងនៅតំបន់កំពូលតារាងក្រោយប្រកួតបាន១១លើកឈ្នះបាន៧លើក ស្មើគ្នាបាន២លើកនិងចាញ់២លើកមាន២៣ពិន្ទុ និងកំពុងតែឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២។ លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់វិសាខា បានរំពឹងថាកូនក្រុមអាចបន្តជ័យជម្នះថែមទៀតដើម្បីដណ្តើមកៅអីកំពូលតារាង។
*វេស្ទើនភ្នំពេញ ទទួលអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រុមវេស្ទើនភ្នំពេញ ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៣រសៀល លើទីលានកីឡដ្ឋានវេស្ទើន ហើយប្រកួតនេះមានផ្សាយផ្ទាល់លើប៉ុស្តិ៍ BTV News។ ម្ចាស់ផ្ទះវេស្ទើន នៅមិនទាន់ស្គាល់រស់ជាតិជ័យជម្នះ ឬស្មើគ្នានៅឡើយនោះទេនាពេល១១ប្រកួតកន្លងមកនេះ ពោលគឺចាញ់រហូត ឈរបាតតារាង។ ក្រុមនេះកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក FIZOL BIN A.RAZAK។ ឆ្លងកាត់ការប្រកួតមួយរយៈពេលនេះមកលោកបានមើលឃើញពីកម្រិតប្រកួតប្រជែងនិងតម្រូវការទាមទារនៅក្នុងលីគកម្ពុជា ដែលជាបទពិសោធល្អសម្រាប់កីឡាករក្មេងៗរបស់លោកក៏ដូចជាសម្រាប់លោកផ្ទាល់ផងដែរ។
ចំណែកក្រុមប៉ូលីស វិញកំពុងឈរលេខ៧ ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៥លើក ស្មើគ្នា២លើកនិងចាញ់៤លើក។ លោក នុត សូនី គ្រូបង្វឹកក្រុមនេះរំពឹងថាកូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។ ម្យ៉ាងទៀតក្លិបមានកីឡាករសំខាន់ម្នាក់បានផ្ទេរចេញ គឺ ទិត្យ ឌីណា ទៅចូលរួមវិសាខា ខណៈក្លិបបានបន្ថែមកម្លាំងចំនួន២នាក់វិញគឺ សុះ ប្រុស ហ៊ីម និងកីឡាករកូរ៉េខាងត្បូង No Dae-ho។
*ក្រសួងការពារជាតិ ប៉ះអង្គរថាយហ្គឺរ
ក្រុមក្រសួងការពារជាតិ ត្រូវទទួលក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ របស់ខ្លួន ហើយប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ លោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ បានត្រឡប់ចូលទីលានវិញហើយក្រោយផុតពិន័យមិនឲ្យដឹកនាំក្រុមលើទីលានប្រកួតចំនួន៤ប្រកួត។ កីឡាកររបួសនិងកីឡាករមួយចំនួនចាកចេញជាបញ្ហាប្រឈមរបស់ក្រុមក្រសួងការពារជាតិ នាពេលបច្ចុប្បន្ន។ ងាកទៅមើល១១ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន៧លើក និងចាញ់៤លើក ឈរលេខ៤ បណ្តោះអាសន្ន។
ដោយឡែកក្រុមអង្គរថាយហ្គឺរ វិញឆ្លងកាត់ប្រកួត១១លើកមកនេះឈ្នះបាន៣ លើកស្មើគ្នាបាន២លើក និងចាញ់៦លើកមាន១១ពិន្ទុ។ ក្រុមនេះកំពុងតែដឹកនាំដោយលោក Oriol Mahedano ដែលជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A licence ដែលមានសមាជិក២៥នាក់។ លោក Akihiro Kato ដែលជាប្រធានក្លិបបានដាក់គោលដៅយកកៅអីនៅតំបន់ក្រុមខ្លាំងទាំង៤ប្រចាំរដូវកាល (Top4) នៅឆ្នាំនេះ ខណៈនៅឆ្នាំ២០២០ ក្លិបចង់ប្រជែងយកជើងឯក៕
Source: Kampuchea Thmey Daily
0 Comments