បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវខ្វះទឹក នៅក្នុងស្រុកថ្មគោល និងស្រុកបវេល។
ក្រសួងបានឲ្យដឹងថា នៅក្នុងពេលចុះពិនិត្យនោះ សម្តេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងថ្នាក់ក្រសួង ក៏ដូចជាថ្នាក់ខេត្ត ក្នុងការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។ តាមរយៈវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រុមការងារ មកដល់ពេលនេះ ដំណាំស្រូវរាប់ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយសារខ្វះទឹក ត្រូវបានសង្គ្រោះជាបន្តបន្ទាប់។
គួររំលឹកផងដែរថា ដោយពិនិត្យឃើញថា មានផ្ទៃដីដំណាំស្រូវ ១០.០០០ ហិកតា នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង បានជួបបញ្ហាខ្វះខាតទឹកស្រោចស្រព ក្រសួងធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារអន្តរាគមន៍ពិសេសមួយ ដើម្បីសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។
ក្រសួងបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ៖១. ការប៉ះពាល់ -ផ្ទៃដីប៉ះពាល់សរុបមានប្រមាណ ១០.០០០ ហិកតា ប៉ុន្តែតាមរយៈការអន្តរាគមន៍ជាង ១ សប្តាហ៍ កន្លងមកនេះ ផ្ទៃដីប្រមាណជាង ៤.០០០ ហិកតា ហើយ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។- ផ្ទៃដីដែលនៅសេសសល់មិនទាន់បានអន្តរាគមន៍ មានប្រមាណជាង ៥.០០០ ហិកតា ក្នុងនោះផ្ទៃដីប៉ះពាល់ធ្ងន់ធ្ងរ (អាចនឹងខូចខាតប្រសិន ១ សប្តាហ៍ទៀត គ្មានទឹកទៅដល់) មានចំនួនប្រមាណ ១.០០០ ហិកតា។ ២. មូលហេតុដែលបង្កឲ្យមានផលប៉ះពាល់ ៖- អ្នកនៅផ្នែកខាងលើ តែងតែធ្វើការទម្លាក់ទ្វារទឹកចុះ ដើម្បីបញ្ចាល់ទឹកឲ្យហូរហៀរលើខ្នងប្រឡាយចូលស្រែតែម្តង។ នៅពេលមានការអន្តរាគមន៍ពីមន្ទីរជំនាញ ពួកគាត់បានបើកទ្វារទឹកតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ រួចក៏លួចទម្លាក់ចុះវិញ។
-ប្រឡាយមួយចំនួន នៅពេលដែលដល់វេនត្រូវបានទទួលទឹក បងប្អូនប្រជាកសិករ បានធ្វើការបង្វែរទឹកទៅឲ្យទៅប្រឡាយផ្សេងៗទៀត ដើម្បីទទួលទឹកមុន។ ការមិនទទួលបានទឹកដែលដល់វេននេះ គឺមានរហូតដល់ទៅ ៣ ដង ស្មើនឹង ៩ ថ្ងៃ ដែលនេះក៏ជាផ្នែកមួយបណ្តាលឲ្យមានផលប៉ះពាល់ផងដែរ។
៣. ការដោះស្រាយ ៖- ក្រុមការងារ បានបញ្ជាឲ្យបើកទ្វារទឹកនៅផ្នែកខាងលើទាំងអស់ ដើម្បីឲ្យទឹកហូរចុះមកផ្នែកខាងក្រោម និងបញ្ជាឲ្យអធិការដ្ឋាននគរបាលស្រុក ត្រូវតែដាក់កម្លាំងការពារនៅតាមបណ្តាទ្វារទឹកដែលបើកទាំងនោះ មិនឲ្យមានការលួចទម្លាក់ចុះទៀតទេ។ -ទឹកដែលទម្លាក់មក គឺជាអាទិភាព ត្រូវបញ្ជូនទៅកាន់កន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរប្រមាណ ១.០០០ ហិកតា ជាមុន រួចទើបបន្តបញ្ជូនទៅកាន់តំបន់ប៉ះពាល់ដទៃទៀត។
៤. តាមរយៈការដោះស្រាយដោយប្រើប្រាស់វិធានការម៉ឺងម៉ាត់ក្នុងការបែងចែកទឹកនេះ បច្ចុប្បន្នស្រូវរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបានសង្គ្រោះទាន់ពេលវេលា មិនមានការខូចខាតទេ។
សូមរំលឹកថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០៤ គ្រឿង និងគ្រឿងចក្រមួយចំនួនបន្ថែមទៀត ត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួង បញ្ជូនទៅដល់មូលដ្ឋានស្រុកសង្កែ និងស្រុកមោងឫស្សី និងស្រុកមួយចំនួនទៀត នៅក្នុង ខេត្តបាត់ដំបង ដើម្បី អន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករដែលកំពុងជួបការខ្វះខាត៕
Source: Kampuchea Thmey Daily
0 Comments