Ad Code

និស្សិត​ម្នាក់​ ជិះ​កង់​មក​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​ ៥​ថ្ងៃក្រោយ​ទើប​ឃើញ​សព​អណ្តែត



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​បាន​ជិះ​កង់​មក​លោតទឹក​នៅលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​៥​ថ្ងៃមុន​នោះ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​រកឃើញ​សព​ហើយ ​កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោម​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ សព​ជនរងគ្រោះ​មានឈ្មោះ យ៉ង់ ចន្ថា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ ជា​និស្សិត​ឆ្នាំ​ទី​៣ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ គេ​បានឃើញ​ជនរងគ្រោះ​ បាន​ជិះ​កង់ មួយ​គ្រឿង​ឡើង​មក​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​ជិះ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ខណៈ​ពេល​ជិះ​មកដល់​ចំណុច​ពាក់​កណ្តាល​ស្ពាន ស្រាប់តែ​ជនរងគ្រោះ​បាន​ផ្តួល​កង់​ចោល ហើយ​បាន​ដើរ​ឡើងលើ​បង្កាន់ដៃស្ពាន​ជ្រោយចង្វារ ក៏​លោតទឹក​បាត់​តែម្តង។

ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ​បាន​ដើរ​ស្វែងរក​ជនរងគ្រោះ​រហូត និង​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វារ ដើម្បី​ឲ្យ​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​ជនរងគ្រោះ។

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ​រហូតមកដល់​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ បាន​ជួល​ទូក​អ្នកនេសាទ​ជនជាតិ​ខ្មែរ​ឥស្លាម ដើម្បី​ជួយ​ស្វែងរក​សាកសព​របស់​ជ​ន​រងគ្រោះ​ ដែល​បាន​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ ខណៈនោះ ក៏បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​ជាប់​នៅ​នឹង​សសរ​ស្ពាន​ខាងក្រោម​។ ភ្លាមៗ​នោះ អ្នកនេសាទ​បាន​នាំគ្នា​ស្រង់​សាកសព​របស់​ជនរងគ្រោះ​នោះ​ឡើងមក​លើគោក ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​កោសល្យវិច័យ។

ក្រោយពី​សមត្ថកិច្ច​ជំនាញ ​បាន​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួចមក បាន​បញ្ជាក់​ប្រាប់​ថា ជនរងគ្រោះ​ខាងលើ​ ពិតជា​ស្លាប់​ដោយសារតែ​លង់ទឹក​ពិតប្រាកដ​មែន។ ចំណែកឯ​សាកសព​ជនរងគ្រោះ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​​​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​វត្ត​សន្សំ​កុសល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu