Ad Code

អាស៊ី​អឺរ៉ុប បន្ថែម​បាន​កីឡាករ​ខ្មែរ​២​នាក់​ និង​បរទេស​២​នាក់ ជំនួស​កីឡាករ​ផ្សេង​ ដែល​ចាកចេញ​នៅ​ជើង​ទី​២



ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បាន​បន្ថែម​សមាជិក​ចំនួន​៤​នាក់​ ពោលគឺ​កីឡាករ​ខ្មែរ​២​នាក់​និង​កីឡាករ​បរទេស​២​នាក់ ដើម្បី​ត្រៀម​ប្រកួត​នៅក្នុង​ជើង​ទី​២ នេះ​ស្របពេល​ដែលមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​បាន​ចាកចេញ​កាលពីពេល​ថ្មីៗ​។​

​លោក សុក វាសនា គ្រូបង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប ថា​កីឡាករ​ថ្មី​ដែល​មក​ចូលរួម​ក្នុង​ក្រុម​របស់លោក​មាន ឡាយ រស្មី និង ម៉ម កក្កដា ដែល​ខ្ចី​ជើង​មកពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ចំណែក​កីឡាករ​បរទេស​គឺ​George Kelchi Stanley ជនជាតិ នី​ហ្សេ​រី​យ៉ា និង​កីឡាករ​Chigozie Nwaokorie ជនជាតិ​នី​ហ្សេ​រី​យ៉ា ជា​ខ្សែប្រយុទ្ធ​ដូចគ្នា​។

​ចំណែក​កីឡាករ​ដែល​បាន​ចាក​ចេញពី​ក្លិប​នាពេល​កន្លងទៅ​មាន​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Hedayati Mohamad ដែល​ក្លិប​បានសម្រេច​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ក្រោយ​បង្ហាញខ្លួន​មិនបាន​សូវ​ល្អ​កាលពី​ជើង​ទី​១​។ ចំណែក​កីឡាករ​ដែល​ចាកចេញ​១​រូប​ទៀត​គឺ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy ដែល​សម្រេច​ទៅលេង​នៅ​លី​គ​លំដាប់​ទី​២​ប្រទេស​ម៉ាឡេស៊ី កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

​ចំណែក​ទីផ្សា​ដោះដូរ​ជើង​ទី​២​សម្រាប់​លី​គ​កំពូល​កម្ពុជា នឹង​ចាប់ផ្តើម​បើកទ្វា​ចាប់ពី​ថ្ងៃទី​១៥ ដល់​៣០ ខែមិថុនា​។ គណៈកម្មការ​ប្រកួត​កីឡាបាល់ទាត់​កម្ពុជា (CNCC) បាន​កំណត់ថា​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា អាច​ដោះដូរ​កីឡាករ​បាន​ចំនួន​៦​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​ខ្មែរ​៣​នាក់​និង​កីឡាករ​បរទេស​ចំនួន​៣​នាក់​ដែរ​។

​ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៥​បណ្ដោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​១១​លើក ឈ្នះ​បាន​៥​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៣​លើក មាន​១២​ពិន្ទុ​ក្នុង​ដៃ​។ កាលពី​រដូវ​កាល​ចាស់​ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​៥​លើក ស្មើ​៣​លើក​និង​ចាញ់​១៤​លើក​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​នៅ​រដូវ​កាល​នេះ​មាន​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​ថ្នាក់ជាតិ ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu