Ad Code

លោក​ហ៊ឹ​ម​ យ៉ាន ​៖​ គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ប័ណ្ណបើកបរ​របស់​បរទេស



ភ្នំពេញ​ ៖​ នាយ​ឧត្តមសេនីយ៍​ហ៊ឹម យ៉ាន​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​ទទួលបន្ទុក​ផ្នែក​ចរាចរ​បាន​ឲ្យ​លើក​ឡើង​ថា គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ប័ណ្ណបើកបរ​របស់​បរទេស​ ពីព្រោះ​មាន​បរទេស​ខ្លះ មានតែ​ប័ណ្ណបើកបរ​ប្រទេស​គេ​ហើយ​ពុំមាន​ឯកសារ​និង​ប័ណ្ណបើកបរ​នៅ​ស្រុក​ខ្មែរ​ទេ។

ដូច្នេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចាប់​ផ្តើម​រឹតបន្តឹង​ប័ណ្ណបើកបរ​អន្តរជាតិ ហើយ​ខណៈ​មាន​ជនបរទេស​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ហើយ​ពួកគេ​បាន​បើករថយន្ត​ដោយ​ខ្លួនឯង​និង​ជនបរទេស​ខ្លះ​មានតែ​ប័ណ្ណ​បើក​ប្រទេស​ខ្លួន​ ហើយ​ពុំ​មាន​ប័ណ្ណបើកបរ​ខ្មែរ​ទេ។



លោក​ថ្លែង​បែបនេះ​ នៅក្នុង​វគ្គ​ផ្សព្វផ្សាយ ស្តី​ពី​ការ​ត្រួតពិនិត្យ​លើ​ប័ណ្ណ​បើកបរ​អន្តរជាតិ​នៅ​ថ្ងៃទី​២៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការ​នគរបាល​ជាតិ។



លោក​បាន​បន្ត​ថា ចាប់​ពី​ពេល​នេះ​តទៅ​ ជនបរទេស​ណាក៏ដោយ​ ដាច់ខាត​ត្រូវតែមាន ប័ណ្ណបើកបរ​ប្រទេស​ខ្លួន​លិខិតឆ្លងដែន​ផ្សំ​ជាមួយ​ ហើយ​ត្រូវ​មាន​ប័ណ្ណបើកបរ​នៅ​ស្រុក​ខ្មែរ​ផង​ដែរ តែ​ប្រសិនបើ​ពួកគេ​មានតែ​របស់​ខ្លួន ​ហើយ​ពុំ​មាន​របស់​ខ្មែរ​ត្រូវ​ចាត់​វិធានការណ៍​ទៅតាម​ច្បាប់​ជាធរមាន​។



លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់​ទៀត​ថា ​«​ការប្រើប្រាស់​ប័ណ្ណបើកបរ​អន្តរជាតិ ត្រូវ​ភ្ជាប់​ជាមួយ​ប័ណ្ណបើកបរ​ជាតិ​របស់​ជន​បរទេស​នោះ ដោយហេតុថា​ ប័ណ្ណបើកបរ​អន្តរជាតិ​ជា​ឯកសារ​ចម្លង​ពី​ឯកសារ​ដើម​គឺ​ប័ណ្ណបើកបរ​ជាតិ​របស់​ជន​បរទេស​នោះ ហើយ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់ តាម​សៀវភៅ​គំរូ​ប័ណ្ណបើកបរ​របស់​ប្រទេស​នីមួយៗ ហើយ​ករណី​មានការ​សង្ស័យ​ស្នើ​សុំ​ការ​សហការ​បញ្ជាក់​ពី​ស្ថានទូត​ប្រទេស​នោះ​»។



យ៉ាងណាក៏ដោយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន​ពុំបាន បញ្ជាក់ថា​ រហូតមកដល់​ពេលនេះ​គឺ​មាន​ជនបរទេស​ប៉ុន្មាន​នាក់​កំពុង​មាន​ប័ណ្ណបើកបរ នៅ​ខ្មែរ​ទេ​ហើយ​លោក​ក៏​មិនបាន​បញ្ជាក់​ថា ​ប្រសិនបើ​ពួកគេ​ខ្វះ​នូវ​ឯកសារ​ណាមួយ​នឹង​ត្រូវ​ពិន័យ យ៉ាងណា​នោះដែរ​។



សូម​បញ្ជាក់​ថា គោលបំណង​នៃ​ការរៀបចំ​កិច្ចប្រជុំ​នេះ ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ជំនាញ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ក្នុង​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ប័ណ្ណ​បើកបរ​អន្តរជាតិ ព្រមទាំង​ស្វែងយល់​បន្ថែម​ពី​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ដូចជា​អនុសញ្ញា​អន្តរជាតិ ស្តីពី​ប័ណ្ណ​បើកបរ​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទទួលស្គាល់​ប័ណ្ណ​បើកបរ​ទៅវិញទៅមក​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​កម្ពុជា​ជាដើម​។ កិច្ចប្រជុំ​នេះ​គឺ​មាន​ការចូលរួម​ពី​មន្ត្រី​នគរបាល​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ស្នងការ​រង ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន រាជធានី​ខេត្ត​ទាំង​២៥៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu