ភ្នំពេញ ៖ តារាសម្តែង និងជាពិធីករស្រស់សង្ហាវីជេ ដាដា ស្របពេលដែលអាជីពសិល្បៈកំពុងទទួលបានជោគជ័យ និង ការគាំទ្រច្រើនពីទស្សនិកជននាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះសព្វថ្ងៃឃើញថា ទីផ្សារសិល្បៈរបស់តារាប្រុសរូបនេះ ហាក់មានយីអ៊ុនស្ទុះឡើងមិនធម្មតានោះឡើយ ពោលនេះគឺក៏ជាឱកាសល្អសម្រាប់ការរកលុយពីទីផ្សារមួយនេះផងដែរ។
ដោយឡែកបើងាកមកចាប់អារម្មណ៍លើការងាររកស៊ីខាងក្រៅឯណោះវិញវីជេ ដាដា ក្រៅតែមមាញឹកលើវិស័យសិល្បៈគឺលោកក៏មានការមមាញឹកផ្នែកភ្លេងតន្ត្រីសម័យនៅតាមកម្មវិធីមួយចំនួនដូចជា៖ មង្គលការ ខួបកំណើតឬពិធីជប់លៀងផ្សេងៗជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺបច្ចុប្បន្នវីជេ ដាដា កំពុងដើមតាមគន្លងរបស់តារារាមច្បងលោក ព្រាម សុវត្ថិ តាមរយៈការរកស៊ីបើកលក់ដីឡូតិ៍រាប់រយហិកតា។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ តារាប្រុសវីជេ ដាដា ស្រាប់តែធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្តិអ្នកសិល្បៈរួមអាជីពរួមទាំងមហាជនអ្នកគាំទ្រដោយសារតារាប្រុសរូបនេះបានប្រកាសបើកចំហតាមរយៈធ្វើពិធីសែនសម្ពោធបើកដំណើរការនៃការលក់ដីឡូតិ៍ដែលមានទីតាំងស្ថិតនៅម្តុំភ្នំរាប។
ពិធីនេះគេសង្កេតឃើញមានវត្តមានអ្នកសិល្បៈមួយចំនួនរួមទាំងអតិថិជនគាំទ្រជាច្រើនចូលរួមអបអរនិងជ្រើសរើសទិញទីតាំងដីឡូតិ៍របស់វីជេ ដាដា ផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីវីជេ ដាដា បាននិយាយថា គម្រោងបើកដំណើរការលក់ដីឡូត៍ដំបូងគឺលោករៀបចំបានចំនួន២ហិកតាដែលមានចំនួនពុះឡូតិ៍លក់(ដី)ប្រមាណ២០០ឡូ។ ប៉ុន្តែបើគិតមកទល់ពេលនេះដីឡូត៍ដំបូងរបស់លោកគឺលក់អស់បានប្រមាណជាង១០០ឡូហើយ ខណៈថ្ងៃនេះ(សែន)ក៏មានអតិថិជនសុំកក់ចំនួនជាង១០ឡូត៍ទៀតផង។
វីជេ ដាដា បានបន្តថា ចំពោះទីតាំងដីឡូត៍ ដែលលោកកំពុងបើកដំណើរការពុះលក់នេះគឺមានទីតាំងល្អហើយក៏ជាតំបន់អភិវឌ្ឍន៍មានទាំងប្រព័ន្ធលូ ទឹក ភ្លេង មណ្ឌលសុខភាព ផ្សារ សាលារៀន វត្ត ជាពិសេសនៅជិតរោងចក្រតែម្តង។ លោកបញ្ជាក់បន្ថែមថា ទីតាំងដីឡូតិ៍នេះគឺស្ថិតនៅភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ហើយបើតាមគម្រោងក្រោយពេលបោះឆ្នោតរួចរាល់នឹងត្រូវបានកាត់ចូលក្រុងទៀតផង។
បន្ទាប់ពីបញ្ចប់គម្រោងលក់ដីឡូតិ៍ចំនួន២ហិកតាដំបូងនេះដោយជោគជ័យនិងមានគម្រោងពង្រីកបន្ថែមនូវចំនួនក្បាលដីរាប់រយហិកតាដើម្បីពុះចេញជាដីឡូតិ៍លក់បំពេញតម្រូវការរបស់អតិថិជិន។ម្យ៉ាងទៀតប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍ចង់ទិញដីឡូតិ៍ខាងលើអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០៩២ ៨៣ ៨៥ ៨៤ ,០៧០ ៨៣ ៨៥ ៨៤។នេះជាសម្តីរបស់វីជេ ដាដា៕
Source: Kampuchea Thmey Daily
0 Comments