Ad Code

ជិះ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ ជ្រុល​បុក​ម៉ូតូ និង​បន្ត​ទៅ​បុក​រថយន្ត​កុងតឺន័រ​របួស​បែក​ក្បាល​ធ្ងន់ធ្ងរ



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ និង ​នារី​ជា​សង្សារ​រង​របួស​ស្រាល ខណៈ​ដែរ​គូសង្សារ​មួយគូ​នេះ​ ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច ដែល​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ទាំង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ បណ្តាល​ឲ្យ​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង និង​បន្ត​ទៅបុក​រថយន្ត​កុង​តឺន័​រ​ពីក្រោយ​ពេញទំហឹង​នោះ​។



ហេតុការណ៍​នេះ​ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​មុខ​វិទ្យាល័យ ជាស៊ីម សាមគ្គី ផ្លូវ​២៧១ ស្ថិតក្នុង​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។



ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​គូស្នេហ៍​ប្រុស​ស្រី​មួយគូ​នេះ បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ស្កូពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 1K-4040 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​នារី​ជា​សង្សារ​អង្គុយ​ពីក្រោយ មិនបាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ។ លុះ​មកដល់​ចំណុចកើតហេតុ ដោយ​ឃើញ​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ខាង​មុខ ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ គេ​ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ ហើយ​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-6550 ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ក្នុង​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ម៉ូតូ Zoomer-X ដួល​អូស​ជាង​១០​ម៉ែត្រ រង​ការខូចខាត​បន្តិចបន្តួច​។ ដោយឡែក អ្នកបើកបរ​រង​របួស​រលាត់​ដៃ​រលាត់​ជើង​។



ប្រភព​ដដែល​បន្ត​ថា ភ្លាមៗ​នោះ ម៉ូតូ​បង្ក​ខាងលើ បាន​ព្យាយាម​បើក​គេច​ទៅ​ក្រោយ​ទៀត ទាំង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ និង​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត​កុង​តឺន័​រ​មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9354 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ចេញ​មកពី​ខាងក្រោយ​វិទ្យាល័យ​ជាស៊ីម តាម​បណ្តោយ​ផ្លូវ​២៧១​ស្ទួន ហើយ​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​២៧១ បំណង​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ រីឯ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ និង​នារី​ជា​សង្សារ​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​កុង​តឺន័​រ បាន​គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។



ក្រោយពេល​កើតហេតុ ដោយ​ភាគី​ខាង​ម៉ូតូ Zoomer-X មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​ឲ្យ​មក​យក​ខ្លួន និង​ម៉ូតូ​ចេញទៅ​បាត់​ទៅ​។ ដោយឡែក រថយន្ត​កុង​តឺន័​រ និង​ម៉ូតូ​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu