ភ្នំពេញ ៖ បុរសស្ត្រី៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់ស្ត្រីម្នាក់ ដែលរកស៊ីចងការលុយ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរជនសង្ស័យនៅឡើយនារសៀលថ្ងៃដដែលនេះ។
ជនដៃដល់ទាំង៣នាក់មានឈ្មោះ ១ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង។
២ ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង ( ជាប្ដីប្រពន្ធ )។ ៣ ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃដល់ ដែលសម្លាប់ស្ដ្រីរងគ្រោះនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ហើយដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ង៉ែង ជូ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោក ជាវ វិបុល បានបញ្ជាក់ថា ជនរងគ្រោះក្នុងអំពើឃាតកម្មនេះ មានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានអោយដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ កន្លងមកឈ្មោះ អាត អឿន បានចងការប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនរៀល។ ដោយមើលឃើញជនរងគ្រោះមានម៉ូតូ និងគ្រឿងអលង្ការជាប់ខ្លួននោះ ជនសង្ស័យទាំង៣នាក់ ក៏បានរៀបចំផែនការសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែម្តង។
បន្ទាប់មកនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ អាត អឿន ស្ថិតនៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះពួកជនដៃដល់បានបើកធុងបាសឮខ្លាំងៗ ហើយឈ្មោះ អេត ចាយ បានស្ទុះទៅវាយចាប់ជនរងគ្រោះបោកទៅលើឥដ្ឋ ហើយឈ្មោះ អេត ចាយ ចាប់ដៃ និងឈ្មោះ កែវ សុផានិត ចាប់ជើង។ ដោយឡែក ឈ្មោះ អាត អឿន បានយកទំពក់ខោអាវរឹតកជនរងគ្រោះរហូតស្លាប់។
បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានយកភួយរុំសពជនរងគ្រោះ រួចលើកដាក់ក្នុងកញ្ឆេនំប៉័ងដឹកតាមកង់ យកទៅទម្លាក់ចោលនៅតាមបណ្តោយផ្លូវលេខ៣៧១ ជាប់ស្ថានីយប្រេងតេឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទម្លាក់សពជនរងគ្រោះរួចហើយ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំ នៅម្តុំឃ្លាំងរំសេវបានប្រាក់ចំនួន៥៥០ដុល្លារ និងទូរស័ព្ទដៃអាយហ្វន យកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់៦៥ដុល្លារទៀត។ តែឈ្មោះ អេត ចាយ បានប្រាក់តែ១០០ដុល្លារទេ ចំណែកប្រាក់នៅសល់ គឺជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាអ្នកយក។
លោក ជាវ វិបុល បានឲ្យដឹងទៀតថា មុនឈានដល់ប្រតិបត្តិការចាប់ជនសង្ស័យទាំង៣នាក់នេះ នាយកដ្ឋានព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីបងប្អូនរបស់ជនរងគ្រោះ ដោយអះអាងថា មានការបាត់សមាជិកក្រុមគ្រួសាររយៈពេល១០ថ្ងៃ មិនឃើញ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ខ្លួនជនដៃដល់ទាំង៣នាក់តែម្តង ដោយមានកិច្ចសហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តព្រៃវែង។ ឥឡូវនេះជនដៃដល់ត្រូវបានបញ្ជូនដល់ដៃតុលាការហើយនៅតែសម្រេចតាមនីតិវិធីប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments