Ad Code

សាស្ត្រាចារ្យ​ និង​និស្សិត​កូរ៉េ ជាង​៣០​នាក់មក​ផ្តល់​ចំណេះដឹង​ស្តីពី​ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​សុខសន្តិភាព​ដល់​កុមារ​កម្ពុជា​



​ភ្នំពេញ ​៖​ សាស្ត្រាចារ្យ​និង​និស្សិត​កូ​រ៉​ចំនួន​៣១​នាក់​សហការ​ជាមួយ​អង្គការ​សេវាកម្ម​ដើម្បី​សន្តិភាព​កម្ពុជា​ បាន​ចុះ​ផ្តល់​ចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និង​ការចេះ​រួមរស់​ជាមួយគ្នា​ដល់​កុមារ​កម្ពុជា​ដើម្បី​ឲ្យ​កុមារ​ទាំងអស់​បាន​ចូលរៀន​ប្រកបដោយ​សុវត្ថិភាព​ និង​សន្តិភាព​ក៏ដូចជា​ជំរុញ​ឲ្យ​កុមារ​បាន​ចូលរួម​សកម្មភាព​ជាមួយ​សហគមន៍ ​និង​សង្គម​កាន់តែច្រើន​។​

សាស្ត្រាចារ្យ​និង​និស្សិត​កូរ៉េ​ជាង​៣០​នាក់​នេះ​ ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ ចាង ហូ​ស៊ុ​ង​( CHANG HOSUNG)​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ដាង​គុក​មក​ទស្សនកិច្ច​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​23 ខែ មិថុនា ឆ្នាំ​201៨ ដល់​ថ្ងៃទី​០២ ខែ កក្កដា​ឆ្នាំ​២០១៨ ដើម្បី​មក​យក​បទពិសោធន៍ និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ព្រមទាំង​ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​នៅក្នុង​សាលាបឋមសិក្សា តាទក ដែលមាន​ទីតាំងនៅ​ភូមិ តាទក ឃុំ ពួក ស្រុក ពូក ខេត្តសៀមរាប​។

ក្រៅពីនេះ​សាស្ត្រាចារ្យ​និង​និស្សិត​កូរ៉េ​មិន​ត្រឹមតែ​ជួយ​ផ្តល់នូវ​ការអប់រំ​ប៉ុណ្ណោះ​ទេ​ក៏បាន​ជួយ​គាំទ្រ​ទ្រង់​ដល់​បរិស្ថាន​សាលារៀន ដោយ​ជួយ​ជួសជុល​ដំបូល​សាលា លាបថ្នាំ គូ​គំនូរ និង​ជួយ​ឧបត្ថម្ភ​នូវ​សម្ភារៈ​សិក្សា​មួយចំនួន ដូចជា សម្ភារៈ​សំរាប់​សិស្ស​សិក្សា សម្ភារ​កីឡា និង​សម្ភារ​រស់នៅ​មួយចំនួនទៀត​ដល់​សាលា និង សិស្សានុសិស្ស​ផងដែរ​។

រាល់​សកម្មភាព​ទាំងអស់នេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិ​វ​ឌ្ឈ និង​ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រ​ទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ ទោះបី​ជាមាន​សញ្ជាតិ និង​ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ​ប្រយោជន៍​គឺ​បង្កើត​នូវ​ស​និ្ត​ភាពជា​សាកល​នៅលើ​ពិភពលោក​។តាំងតែ​ពី​ឆ្នាំ​2009 ដល់​បច្ចុប្បន្ន​សាកលវិទ្យាល័យ ដាង​កុគ ( Dankook University) នៃ​ប្រទេស​កូរ៉េខាងត្បូង​ បាន​ចុះមក​ទស្សនកិច្ច​សិក្សា​សាលាបឋមសិក្សា​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​១០​ដង​រួចមកហើយ​។

ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ​ បាន​ចុះ​មកជួយ​អប់រំ​ផ្នែក​អនាម័យ សិក្សា​សង្គម កីឡា​កាយសម្ព័ន្ធ គណិតវិទ្យា វិទ្យាសាស្ត្រ​សង្គម គំនូរ និង​បាន​សហការ​​ជាមួយ​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​មាន​បរិស្ថាន​ស្អាត និង​ធ្វើជា​ឧទាហរណ៍​ល្អ​ដល់​ប្រជាជន​នៅក្នុង​ខេត្ត​ផងដែរ​។​

គួរ​បញ្ជាក់ថា​ កាលពីមុន​សាកលវិទ្យាល័យ​ជួយ​ដល់​សាលាបឋមសិក្សា ដោយ​ផ្តោតទៅលើ​ការសាងសង់​បង្គន់​អនាម័យ និង​ប្រព័ន្ធ​ទឹកស្អាត​សម្រាប់​សិស្សានុសិស្ស​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ ដែល​អាច​ពិសា​បាន​នៅក្នុង​សាលា ហើយក៏​បាន​ចុះជួយ​សហគមន៍​ក្រីក្រ​ដូចជា​មជ្ឈមណ្ឌល​កុមារ​កំព្រា មជ្ឈមណ្ឌល​ជនពិការ មជ្ឈមណ្ឌល​ពេទ្យ​កុមារ​រស់នៅ​ដោយមាន​ផ្ទុកមេរោគ​អេដស៍​ជាដើម​៕​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu