Ad Code

ចិន​នឹង​ផ្ដល់​អាហារូបករណ៍​លើ​ជំនាញ​បច្ចេកទេស​សំណង់ អគ្គិសនី និង​អេឡិចត្រូនិក​ដល់​និស្សិត​កម្ពុជា



ភ្នំពេញ ​៖​ សាកលវិទ្យាល័យ​ពហុបច្ចេកទេស Ningbo នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្ដល់​អាហារូបករណ៍ លើ​ជំនាញ​បច្ចេកទេស​សំណង់ អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ក​ដល់​និស្សិត​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន។

ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​នេះ ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោ​ក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក Zhang Huibo សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស Ningbo នៅ​ទីស្តីការក្រសួង​ការងារ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០១៨​។​

លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ថ្លែង​ក្រោយ​ជំនួប​នោះ ឲ្យ​ដឹងថា ​នៅក្នុង​ជំនួប​នោះ លោក អ៊ិត សំហេង បាន​សម្ដែង​ការស្វាគមន៍ និង​ជំរុញ​ក្នុងការ​ផ្ដល់​អាហារូបករណ៍​នេះ ឱ្យបាន​ឆាប់​នាពេល​ខាង​មុខ​នេះ​ផងដែរ​។​

លោក​បាន​បន្តថា ​ទស្សនកិច្ច​សិក្សា​របស់​ប្រតិភូ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស Ningbo នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​៖១៖ ស្វែងរក​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​២៖ បង្កើត​កម្មវិធី​ផ្លាស់ប្ដូរ​និស្សិត និង​គ្រូ​បច្ចេកទេស​។ ​៣៖ ស្វែងរក​កិច្ច​គាំទ្រ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ នៅក្នុង​វិទ្យាស្ថាន​ណាមួយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​៤ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​, វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​, វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះសីហនុ​។​

លោក ឡៅ ហ៊ីម បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នេះ បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​វិស័យ​អាទិភាព​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​លើកកម្ពស់​ជំនាញ​ដែល​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការ​ធានា​បាន​នូវ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារពលកម្ម​ក្នុង​តំបន់ ដែល​កាន់តែ​បើកចំហ និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ឈាន​ឡើង​កម្រិត​ខ្ពស់​មួយទៀត ហើយ​ជាពិសេស​ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​អំណាច ក្នុង​ការ​កំណត់​វាសនា​ជីវិត​របស់ខ្លួន និង​សម្រេច​ក្តី​ប្រាថ្នា​នៅ​កន្លែង​ការងារ។
លោក​បាន​បន្តថា ​​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​គោលដៅ​សេដ្ឋកិច្ច​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​នេះ​។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដែលមាន​ភាព​ប្រទាក់ក្រឡា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក រួមមាន​៖ គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​ជាតិ​ស្តីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥​។​

បច្ចុប្បន្ន​ក្រសួង​ការងារ​មាន​គ្រឹះស្ថាន​ក្រោម​ឱវាទ​ចំនួន ១០២ ក្នុងនោះ​មាន​គ្រឹះស្ថានសាធារណៈ​ក្រោម​ឱវាទ​ចំនួន​៣៩ ទូទាំង​រាជធានី​-​ខេត្ត​។ ក្រសួង​បាន​និង​កំពុង​កែទម្រង់​ស៊ីជម្រៅ​លើ​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ៖ ​១. ពង្រឹងគុណភាព​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ២. បង្កើន​លទ្ធភាព​ទទួល​បានការ​បណ្តុះបណ្តាល​ប្រកបដោយ​សមធម៌​, ៣. លើកទឹកចិត្ត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​៤. លើកកម្ពស់​អភិបាលកិច្ច​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu