កាសែត NBC News បានរាយការណ៍ថា ភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកជឿជាក់ថា ប្រទេសកូរ៉េខាងជើងបានបង្កើនការផលិតប្រេងឥន្ធនៈសម្រាប់អាវុធនុយក្លេអ៊ែរនៅតំបន់សម្ងាត់ជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយប្រហែលជាព្យាយាមលាក់បាំងវា ខណៈពេលខ្លួនកំពុងស្វែងរកសម្បទាននៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រ បណ្តាញនេះបាននិយាយថា ការវាយតម្លៃស៊ើបការណ៍ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកហាក់ដូចជាផ្ទុយនឹងការបង្ហាញរបស់លោកត្រាំដែលបានបង្ហោះ Twitter បន្ទាប់ពីជំនួបកំពូលថ្ងៃទី១២ខែមិថុនាជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនថា “មិនមានការគំរាមកំហែងនុយក្លេអ៊ែរទៀតទេពីប្រទេសកូរ៉េខាងជើង”។
NBC បានដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះចំនួន៥នាក់ដែលនិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនការផលិតអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចសម្រាប់អាវុធនុយក្លេអ៊ែរថ្វីបើខ្លួនបានចូលរួមក្នុងវិស័យការទូតជាមួយសហរដ្ឋអាមេរិកក៏ដោយ។
បណ្តាញនេះបានលើកឡើងថា ក្រុមមន្ត្រីអាមេរិកបានសន្និដ្ឋានថា កូរ៉េខាងជើងមានទីតាំងនុយក្លេអ៊ែរសម្ងាត់ច្រើនជាងមួយកន្លែងក្រៅពីរោងចក្រផលិតប្រេងឥន្ទនៈនុយក្លេអ៊ែរដែលគេស្គាល់នៅ Yongbyon ។
NBC បានដកស្រង់សម្តីមន្ត្រីម្នាក់ដែលបាននិយាយថា “មានភស្តុតាងយ៉ាងច្បាស់លាស់ថាពួកគេកំពុងព្យាយាមបញ្ឆោតអាមេរិក”។
ទោះបីជាយ៉ាងណាក៏ដោយ CIA បានបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ NBC ។ ក្រសួងការបរទេសបាននិយាយថា ខ្លួនមិនអាចបញ្ជាក់និងមិនធ្វើអត្ថាធិប្បាយលើបញ្ហាស៊ើបការណ៍សម្ងាត់បានទេ។ ចំណែកសេតវិមានមិនបានឆ្លើយតបនឹងសំណើសុំយោបល់ឡើយ។
កូរ៉េខាងជើងបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលដើម្បីធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយគ្លេអ៊ែរចេញពីឧបទ្វីបកូរ៉េប៉ុន្តែសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយលោកគីមនិងលោកត្រាំមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបឬពេលវេលាដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ៕ REUTERS
[caption id="attachment_939295" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments