Ad Code

ឆ្នាំនេះ​បងប្អូន​ខ្មែរឥស្លាម​មាន លទ្ធភាព​ចំណាយ​ថវិកា​ជាង​៣,៥​លាន​ដុល្លារ ដើម្បី​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​គ្រួសារ​កម្ពុជា



​ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ នេះ បងប្អូន​ខ្មែរឥស្លាម​ដែល​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជ នៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ដែល​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៦៤៤​នាក់ តែ​ឆ្នាំនេះ កើនឡើង​រហូតដល់ ១០០៨​នាក់ ដែល​ក្នុងនោះ ៩៩០​នាក់ មានលទ្ធភាព​រ៉ាប់រង​ការចំណាយ​ថវិកា ដោយ​ខ្លួនឯង សរុប​ទាំងអស់​ប្រមាណ ៣,៥៦៤,០០០ ដុល្លារ អាមេរិក​។ នេះ​គឺជា​សញ្ញា​មួយ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា សព្វថ្ងៃ​សាសនិក​ឥស្លាម​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ទទួល​បាន​នូវ​ជីវភាព​ធូរធារ និង​ការវិវត្តន៍​ស្ថានភាព​រស់នៅ​របស់ខ្លួន​ឆ្ពោះទៅ​មុខ ជា​បន្តបន្ទាប់ ដែល​ជា​ចំណែក​មួយ នៃ​ការ​កើនឡើង​នៃ​សេដ្ឋកិច្ចជាតិ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។



ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល លោក រដ្ឋមន្ត្រី​ប្រតិភូ​អូ​ម​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​ខ្មែរឥស្លាម​ចំនួន ៥៣​នាក់ ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជី​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នា​ព្រឹក​ថ្ងៃ​អង្គារ​១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច​សំ​រឹ​ទិ្ធ​ស័ក​ព​.​ស​២៥៦២​ត្រូវ​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៨ នៅឯ​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ។

លោក អូស្មាន ហាស្សាន់ ក៏បាន​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ជា​និច្ចកាល លោក​តែងតែបាន​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន ជាពិសេស​នាពេល​កន្លងមក​ពាក់ព័ន្ធ​នឹង​ចំនួន​កូតា​អ្នក​ទៅធ្វើ​ហា​ជ្ជី ដែល​រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បានដាក់​កម្រិត​សម្រាប់​ប្រទេស​កម្ពុជា​មានតែ​៥០០​នាក់ ទៅ ៦០០​នាក់​ប៉ុណ្ណោះ​។ ដោយ​កត្តា​កូតា​នេះ កាលពី​ឆ្នាំ​២០១៥ បងប្អូន​យើង​បាន​ខកខាន​មិនអាច​ទៅ​ចូលរួម​ប្រមាណ ៥០០​នាក់ ដោយសារ​គេ​មិន​ផ្តល់​ទិដ្ឋាការ​ជូន​។ ដូច្នេះហើយ សម្តេច​តេ​ជោ បាន​ចាត់ លោក​អូស្មាន ហាស្សាន់ ដែលជា​សេនាធិការ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ហា​ជ្ជី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជាបន្ទាន់​។ បន្ទាប់ពី​បាន​ពិនិត្យមើល​ជាក់ស្តែង ដែល​កម្ពុជា​ធ្លាប់បាន​ជួបប្រទះ​នូវ​សង្គ្រាម ខកខាន​មិនបាន​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជ​ជាង ២០​ឆ្នាំ ក្រោយមក សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​មាន​សុខសន្តិភាព ព្រមទាំង​សុខដុម​ប​នីយកម្ម​ផ្នែក​សាសនា ទើប​ក្រសួង​ហា​ជ្ជី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បានសម្រេច​លើកលែង​ការកម្រិត​កូតា រហូតមកដល់​បច្ចុប្បន្ន​។



លោក អូស្មាន ហាស្សាន់ ក៏បាន​ផ្តាំផ្ញើ និង​ការ​ជូនពរ ដល់​បណ្តា​អ្នក ដែល​អញ្ជើញ ទៅ​បំពេញ​កាតព្វកិច្ច បុណ្យ​ហា​ជ្ជ​ទាំងអស់ ទាំង​អ្នក​ដែល​បាន ចេញដំណើរ​ផុត​ទៅ និង​អ្នក​ដែល​ចេញ ដំណើរ​នៅថ្ងៃនេះ ព្រមទាំង​បន្តបន្ទាប់ សូម​ប្រកបដោយ សេចក្តីសុខ​សុវត្ថិភាព និង​បំពេញ​កាតព្វកិច្ច របស់ខ្លួន​គ្រប់លក្ខណៈ តាម​ក្បួនច្បាប់ របស់​សាសនា​ឥស្លាម​។

សូម​បញ្ជាក់​ថា ការ​ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជ គឺជា​កាតព្វកិច្ច​ទី​៥ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ របស់​សាសនា​ឥស្លាម​។ ជា​រៀងរាល់​ឆ្នាំ សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក ពី​គ្រប់ទិសទី ប្រមាណ៣​លាន​អ្នក អញ្ជើញ​ទៅ​ប្រារព្ធ​បុណ្យ​នេះ​នៅ​ឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ឆ្នាំ​២០១៨​នេះ ពិធីបុណ្យ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែសីហា រយៈពេល​មួយ​សប្តាហ៍។ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព ការ​ទៅធ្វើ​បុណ្យ​នេះ មិន​ជាប់​ជា​កាតព្វកិច្ច​សម្រាប់​គេទេ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu