Ad Code

បញ្ហា​ឧបទ្វីប​កូរ៉េ សមុទ្រ​ចិន​ខាងត្បូង និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច ក្លាយជា​ចំណុច​សំខាន់​នៅក្នុង​បទ​អន្តរាគមន៍ នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​



ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ពីថ្ងៃ​ទី​០១ ដល់​០៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​សឹង្ហ​បុរី នេះ​បើតាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស​។



កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោម​មូលបទ “​ភាពរឹងមាំ និង​នវានុវត្តន៍​” គឺជា​ជំនួប​ដ៏​សំខាន់​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដើម្បី​ពិភាក្សា និង​តាមដាន​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​។ កិច្ចប្រជុំ​នេះ​ក៏​ផ្តល់ឱកាស​ដល់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក្នុង​ទំនាក់ទំនង​ប្រកបដោយ​ន័យ​ស្ថាបនា ជាមួយ​សម​ភាគី​ក្នុង​យន្ត​ការដែល​ដឹកនាំ​ដោយ​អាស៊ាន​ផ្សេងទៀត ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ និង​ពង្រឹង​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន​។​



ក្រោយពី​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន ឡុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពិភាក្សា​ប្រកបដោយ​អត្ថន័យ និង​ផ្លាស់ប្តូរ​ទស្សនៈ​ទាក់ទង​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ផលប្រយោជន៍​រួម ដូចជា​ការវិវត្តន៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុលនិយម សន្តិសុខ​លំហ​សមុទ្រ ក៏ដូចជា​សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី​ផ្សេងទៀត​។



ដោយឡែក នៅក្នុង​រយៈពេល​កិច្ចប្រជុំ​៤​ថ្ងៃនេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើ​បទ​អន្តរាគមន៍ លើ​បញ្ហា​ជាច្រើន ដែល​រួមមាន ទី​១, អំពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​៖ ដោយ​លោក​ទេសរដ្ឋមន្ត្រី​បាន​ស្វាគមន៍​លទ្ធផល​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ នៅក្នុង​ខែមេសា និង​ឧសភា ឆ្នាំ​២០១៨ កិច្ចប្រជុំ​កំពូល​បី​លើក រវាង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ចិន និង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នៅ​ខែមិថុនា ឆ្នាំ​២០១៨​។



លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្វាគមន៍ “​សេចក្តី​ប្រកាស បាន​មុន​ចម (Panmunjeom) ដើម្បី​សន្តិភាព វិបុលភាព និង​ឯកភាព​ឧបទ្វីប​កូរ៉េ​” និង “ សេចក្តី​ថ្លែងការណ៍​រួម​រវាង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​” ដែល​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។ ស្រប​ជាមួយនឹង​ទស្សនៈ​របស់​រដ្ឋមន្ត្រី​ផ្សេងទៀត​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ការប្តេជ្ញាចិត្ត​នានា ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រេច​ឲ្យ​បាន​សន្តិភាព និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។



ទី​២, ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៖ លោក​ទេសរដ្ឋមន្ត្រី​បាន​ទទួលស្គាល់​ថា ការវិវឌ្ឍន៍ជា​វិជ្ជមាន ដោយ​បាន​ឯកភាព​នូវ “​សេចក្តី​ព្រាង​អត្ថបទ​ចរចា​រួម​មួយ​ស្តី​ពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​”​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ឡើងវិញ​ថា អាស៊ាន និង​ចិន បាន​បង្ហាញថា ទំនុកចិត្ត​រួមជាមួយ​កិច្ចសហប្រតិបត្តិការ​លំ​ហ​សមុទ្រ​ជាក់ស្តែង វិធានការ​ទទួលផល​ឆាប់រហ័ស និង​ការកសាង​ទំនុកចិត្ត​អាច​នាំមក​នូវ​លទ្ធផល​ជា​វិជ្ជមាន​។ ក្នុង​ដំណើរ​ទៅមុខ​ក្នុង​កិច្ចចរចា​ស្តីពី​ក្រម​ប្រតិបត្តិ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ភាគី​ទាំងអស់​បន្ត​គោរព​តាម “​ស្មារតី​បាលី​-​សៀមរាប​” ។​


​ទី​៣, ក្នុងពេលដែល​ធ្វើការ​កត់សំគាល់​ពី​ការព្រួយបារម្ភ​នានា ជុំវិញ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម រវាង​មហាអំណាច​សេដ្ឋកិច្ច​សំខាន់ៗ លោក​ទេសរដ្ឋមន្ត្រី​បាន​យល់ស្រប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ផ្សេងទៀត ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បញ្ចប់​ការចរចា​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (Regional Comprehensive Economic Partnership-RCEP) នៅក្នុង​ដំណាច់​ឆ្នាំនេះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា RCEP ដែលមាន​គោលបំណង​បង្កើត​កិច្ចព្រមព្រៀង​ទំនើប គ្រប់​ជ្រុងជ្រោយ មាន​គុណភាព​ខ្ពស់ និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក នឹង​ជួយ​ទប់ស្កាត់​និន្នាការ​គាំពារ​និយម​ដែល​ចេះតែ​កើនឡើង នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។​

​ទី​៤, ចំពោះ​ទស្សនទាន​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក ដែល​ស្នើ​ឡើង​ជាច្រើន លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់ ពី​ភាព​ចាំបាច់​ក្នុង​ការ​តម្កល់​មជ្ឈភាព​អាស៊ាន ជា​បេះដូង​នៃ​គំនិត​ផ្តួចផ្តើម​និម្មាបនកម្ម​តំបន់​។ ដោយ​ទទួលស្គាល់​ថា ​សំណើ​ទស្សនទាន​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក នឹង​ត្រូវ​យក​មក​ពិភាក្សា​ថែមទៀត​នា​ពេល​អនាគត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថា គំនិត​ផ្តួចផ្តើម​នេះ ត្រូវមាន​លក្ខណៈ​បើកចំហរ បរិ​យា​ប័ន្ន និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទៀត និង​ត្រូវ​ជំរុញ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ ជៀស​ជាង​ការបង្កើត​ការប្រកួតប្រជែង​។

ទី​៥, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស បាន​កត់​សម្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​កសាង​សហគមន៍​អាស៊ាន ការអនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន និង​ផែនការ​ការងារ​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ដំណាក់កាល​ទី​៣​។ រដ្ឋមន្ត្រី​បានបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការលើក​កំពស់​ថែមទៀត អំពី​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជំរុញ​ការតភ្ជាប់​ឌីជីថល និង​ន​វា​នុ​វត្ត​ន៍។​



ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន មានការ​លើកឡើង​នូវ​ទស្សនៈ​ជាច្រើន​ក្នុងការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ការ​លើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន​ក្នុងចំណោម​ប្រជាជន​អាស៊ាន ទាក់ទង​យុវជន​អាស៊ាន ដើម្បី​ពង្រឹង​កិច្ច​សន្ទនា និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​យុវជន​ដែល​មាន​ជំនឿ​ផ្សេងគ្នា​។ រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​កំណើន​នៃ​ការប្រើប្រាស់​ន​វា​នុ​វត្តន៍ និង​បច្ចេកវិទ្យា ដើម្បី​កែលំអ​ជីវភាព​របស់​ប្រជាជន​។ រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ថា បណ្តាញ​ទីក្រុង​ឆ្លាត​របស់​អាស៊ាន គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ ដែល​អាច​ជា​វេទិកា​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ដល់​កិច្ចប្រឹងប្រែង​អភិវឌ្ឍ ការ​ចែករំលែក​ការអនុវត្ត​ល្អៗ និង​បង្កើត​ឱកាស​ថែមទៀត​សម្រាប់​កំណើន​ន​វា​នុ​វត្តន៍ ការកសាង​សមត្ថភាព និង​ការ​អភិវឌ្ឍ​ន៍ប្រកបដោយ​ស្ថិរភាព និង​បរិ​យា​ប័ន្ន​។​

​ក្រៅពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏មាន​កិច្ចប្រជុំ​៤​ដោយឡែក​ផ្សេងទៀត​ស្តី​ពី​យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ រួមមាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​គង្គា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​៨ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួច​ផ្តើម​មេគង្គ​ក្រោម​លើក​ទី​១១ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១១​។

នៅឯ​ប្រទេស​សឹង្ហ​បុរី ក្រៅពី​កិច្ចប្រជុំ លោក​ទេសរដ្ឋមន្ត្រី ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី និង​ប្រធាន​គណប្រតិភូ​ពី​ប្រទេស​ជាច្រើន រួមមាន រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី រដ្ឋមន្ត្រីការបរទេស​ចិន រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេស​ជប៉ុន រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេស​ណូ​វែ​ល​ហ្សេ​ឡង់ រដ្ឋមន្ត្រីការបរទេស​ណ័​រ​វែ​ស្ស រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ រដ្ឋមន្ត្រីការបរទេស​រុស្សី រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត រដ្ឋមន្ត្រីការបរទេស​ថៃ និង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​។ កិច្ចប្រជុំ​ទ្វេភាគី​ទាំងនេះ ផ្តោត​សំខាន់​លើ​ការពង្រឹង​ចំណង​ទ្វេភាគី និង​ពិភាក្សា​ពី​ផលប្រយោជន៍ និង​ការព្រួយបារម្ភ​រួម៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu