Ad Code

គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង លើកឡើង​ពី​បញ្ហា​អាជ្ញា​កណ្តាល​ដែល​ក្រុម​ខ្លួន​ជួបប្រទះ



យោង​តាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បញ្ជាក់​ទស្សនៈ​របស់​លោក Conor Nestor គ្រូបង្វឹក​ប្រចាំ​ក្លិប​លើកឡើង​ជុំវិញ​បញ្ហា​ដែល​ក្រុម​ជួបប្រទះ​ជាមួយនឹង​ការ​កាត់សេចក្តី​ពី​សំណាក់​អាជ្ញាកណ្ដាល​ក្នុង​ប្រកួត​កន្លងមក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018​។



​នៅក្រោយ​ជំនួប​បរាជ័យ ភ្នំពេញ​ក្រោ​ន ២​ទល់​១ ក្នុង​សប្តាហ៍​ទី​១៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៨ លោក Conor Nestor បាន​ពេល​ថា «​ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ថា​ មិន​និយាយ​អំពី​អាជ្ញាកណ្តាល​ក្នុងនាម​ជា​គ្រូបង្វឹក​។ ប៉ុន្តែ​បើសិនជា​មើល​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​យើង​បានឃើញ​ការ​កាត់សេចក្តី​ដោយ​របូត​គ្រាប់​បាល់​ពេល​ប៉ះ វិសាខា (​គួរតែ​ពិន័យ​ដោយសារ​ប៉ះទង្គិច​អ្នកចាំទី​), គួរតែ​កាត​លឿង​២​ដង​ពេល​ជួប​អង្គ​រថា​យ​ហ្គឺ​រ និង​សប្តាហ៍​មុនពេល​ជួប​ក្រសួងការពារជាតិ គួរតែ​មិន​អី​ទេ ខណៈ​គ្រាប់​តាម​ស្មើ​របស់​ភ្នំពេញ​ក្រោ​ន គឺជា​កាត់សេចក្តី​ខុស​ម្តងទៀត​។ អាជ្ញាកណ្តាល​ក៏​ជា​មនុស្ស​ដែល​យើង​គិតថា​សុទ្ធតែ​ធ្លាប់មាន​កំហុស​និង​ធ្វើ​ខុស ប៉ុន្តែ​យើង​ពិបាក​នឹង​ទទួលយក​ដោយសារតែ​ដល់​ទៅ​៥​ប្រកួត​ជាប់​គ្នា​។ កីឡាករ​របស់ខ្ញុំ​បាន​លេង​នៅលើ​ទីលាន ខណៈ​អាជ្ញាកណ្តាល​ទាត់​បញ្ចូល​ទី​៥​គ្រាប់​ពេល​ជួប​យើង​»​។



គ្រូបង្វឹក​ជនជាតិ​អៀក​ឡង់​រូបនេះ​បាន​បន្តថា «​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) មាន​ចំណាត់ការ​ខ្លាំងណាស់​លើ​ការដាក់ពិន័យ​កីឡាករ​។ ខ្ញុំ​ក៏​ចង់​អោយ ស​.​ប​.​ក ធ្វើការ​ច្បាស់លាស់​ជាមួយ​អាជ្ញាកណ្តាល​ដើម្បី​កាត់សេចក្តី​បានល្អ ពីព្រោះ​ខ្ញុំ​ក៏​មិនដឹង​និយាយ​យ៉ាងណា​ជាមួយ​កីឡាករ​របស់ខ្ញុំ​ដោយ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ស្របពេល​រៀងរាល់​សប្តាហ៍​អាជ្ញាកណ្តាល​តែងតែ​ទាត់​បញ្ចូល​ទី​ពួកយើង​មួយ​គ្រាប់​»​។



​គ្រូបង្វឹក​កាន់​វ័យ​៣៣​ឆ្នាំ​រូបនេះ​បញ្ជាក់ទៀត​ថា​ ​«​ខ្ញុំ​គិតថា​បើសិន​រឿងនេះ​កើតឡើង ១ រឺ ២​លើក នេះ​គឺជា​បាល់ទាត់​។ ប៉ុន្តែ​នេះ​៥​ប្រកួត​ជាប់​គ្នា​មកលើ​ពួកយើង​។ បើសិន​ទៅ​មើល​ក្រុម​ផ្សេង​លេង​ធាក់​គ្នា​គ្មាន​វីដេអូ​ភស្តុតាង​ដើម្បី​មើល​នោះទេ ប៉ុន្តែ​បើសិន​ក្រុម​យើង​ធ្វើ​ខុស​គឺមាន​វីដេអូ​ដើម្បី​ពិនិត្យមើល​ឡើងវិញ​» ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទើបតែ​ផ្លាស់ប្តូរ​គ្រូបង្វឹក​កាលពីពេល​ថ្មីៗ​ដោយ​ចុះកិច្ចសន្យា​១​រដូវ​កាល​ជាមួយ​លោក Conor Nestor កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A License ជំនួស​លោក សំ វ៉ាន់​ដេ​ត ដែលជា​គ្រូ​ចាស់​គ្រោង​នឹង​បន្ត​រៀន​វគ្គ​គ្រូបង្វឹក AFC “A” License​។ ក្រុម​នេះ​បានបញ្ចប់​រដូវ​កាល​ចាស់​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017 ដែលមាន​សមាជិក​១២​ក្រុម ហើយ​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​គ្រង​តំណែង​ជើងឯក​តែម្តង​។

​ចំណែក​ប្រកួត​សប្ដាហ៍​ទី​១៧​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​បន្ត​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ដោយ​ត្រូវ​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦និង០០​នាទី​រសៀល​ថ្ងៃសៅរ៍​ ទី១១ ខែសីហា ឆ្នាំ២០១៨ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu