Ad Code

ថៅកែ​ក្លិប​សូល​ទី​ឡូ​អង្គរ Keisuke Honda ផ្ទេរ​ទៅលេង​នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ផុត​កុងត្រា​នៅ​ម៉ិចស៊ីកូ



តារាបាល់ទាត់​អន្តរជាតិ​របស់​ជប៉ុន​ និង ​ជា​ម្ចាស់​ភាគហ៊ុន​ពាក់​កណ្តាល​របស់​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) របស់​កម្ពុជា គឺ Keisuke Honda បាន​ចុះ​កិច្ចសន្យា​ចូលរួម​ក្នុង​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អូស្ដ្រាលី Melbourne Victory ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប Pachuca សមាជិក​លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​។

​បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ ​បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ ខណៈ​រូបគេ​ធ្លាប់បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចុះ​កុងត្រា​ថ្មី​របស់​ខ្លួន Honda បានលើកឡើង​ពី​ការប្តូរ​ទ្រនំ​ថា «​ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ជាមួយ Melbourne Victoty​។ ពេលដែល​ខ្ញុំ​បានដឹងថា ​ពួកគេ​ចាប់អារម្មណ៍ ខ្ញុំ​បន្ទាប់ពី​ចប់ World Cup មួយ​អាទិត្យ ខ្ញុំ​ពិតជា​ចង់​ប្រកួតប្រជែង​អ្វី​ដែល​ថ្មី​។ នោះ​ហើយ​គឺជា​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​ទទួលស្គាល់​គ្រប់យ៉ាង​ហើយ ខ្ញុំ​ពិតជា​មិនអាច​នឹងរង់​ចាំ​ការចូល​លេង​នៅពេល​ឆាប់ៗ​នេះ​ទេ​»​។



កីឡាករ​រូប​នេះ​មាន​ជំនួញ​ផ្សេងៗ​ជាច្រើន​ក្រៅពី​អាជីព​បាល់ទាត់​របស់​ខ្លួន បូក​ទាំង​ងារ​ជា​ប្រធាន​ក្លិប​បាល់ទាត់​ទាំង​៣ បូក​ទាំង​ក្លិប​សូល​ទី​ឡូ​អង្គរ សមាជិក​ពានរង្វាន់​លី​គ​កំពូល​នៅ​កម្ពុជា ផងដែរ​។ គេ​ក៏​មាន​សាលា​បាល់ទាត់​បង្ហាត់​គិតថ្លៃ​ផងដែរ​។ យ៉ាងណា​ក្តី​ទោះបី​ជា​មាន​អាជីវកម្ម​ផ្សេង​ក៏ដោយ​តែ​គេ​នៅ​មិនទាន់​នឿយណាយ​ពី​អាជីព​បាល់ទាត់​នោះទេ ស្របពេល​អាយុ​របស់ខ្លួន​ក៏​កាន់តែ​ជ្រេ​ណាស់​ទៅហើយ​។

​កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្របពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុងប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​រដូវ​កាល​២០១៧​នេះ​ប្តូរ​ទៅលេង​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​។

​បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើសជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23 ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​ជាប់​ក្នុង​ជម្រើសជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះគេ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ទាំង​ក្នុងប្រទេស ប្រចាំ​តំបន់​ទ្វីបអាស៊ី និង​កម្រិត​ពិភពលោក​ផងដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu