មេធាវីសិទ្ធិមនុស្សដ៏លេចធ្លោលោកស្រី Amal Clooney បានអំពាវនាវដល់លោកស្រី អ៊ួង សានស៊ូជី កាលពីថ្ងៃសុក្រឲ្យលើកលែងទោសដល់អ្នកសារព័ត៌មានរ៉យទ័រពីរនាក់ដែលត្រូវជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយនិយាយថា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលរូបនេះកំពុងកាន់កូនសោក្នុងការដោះលែងពួកគេ។
អ្នកទាំងពីរដែលត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់របស់រដ្ឋមីយ៉ាន់ម៉ាដោយសារ រាយការណ៍អំពីការសម្លាប់រង្គាលលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំកាលពីដើមខែនេះដែលជាហេតុបញ្ឆេះកំហឹងជាអន្ដរជាតិ។
លោកស្រី Clooney បាននិយាយថា ក្រុមគ្រួសាររបស់អ្នកកាសែតទាំងពីរបានដាក់សំណើសុំការលើកលែងទោសរបស់ពួកគេរួចទៅហើយ។ លោកស្រីបានបន្ថែមថា ប្រធានាធិបតីអាចផ្តល់ការលើកលែងទោសមួយបន្ទាប់ពិភាក្សាជាមួយលោកស្រី ស៊ូជី។
មេធាវីកូនកាត់អង់គ្លេស-លីបង់រូបនេះបានប្រាប់ព្រឹត្តិការណ៍មួយដែលឧទ្ទិសដល់សេរីភាពសារព័ត៌មាននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា “រដ្ឋាភិបាលអាចធ្វើបានប្រសិនបើខ្លួនចង់ធ្វើ”។
លោកស្រីបានរំលឹកអំពីការលើកឡើងរបស់លោកស្រីស៊ូជីដែលបានបញ្ជាក់ពីអាទិភាពនៃការដោះលែងអ្នកទោសនិងការនិយាយអំពីសេចក្តីត្រូវការនៃសេរីភាពសារព័ត៌មានប្រសិនបើប្រទេសនេះផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ។
លោកស្រី Clooney បានថ្លែងថា “លោកស្រីដឹងថា ការសម្លាប់រង្គាលមិនមែនជារឿងសម្ងាត់របស់រដ្ឋទេហើយថា ការបង្ហាញវាមិនបានធ្វើឲ្យអ្នកកាសែតក្លាយទៅជាចារកម្មទេ”។
លោកស្រី Clooney គឺជានិស្សិតនៅមហាវិទ្យាល័យ St Hugh ក្នុងទីក្រុង Oxford ដែលជាកន្លែងម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពបានសិក្សានៅមហាវិទ្យាល័យដូចគ្នានេះកាលពី៣០ឆ្នាំមុន។
លោកស្រីបាននិយាយថា “លោកស្រី អ៊ួង សានស៊ូជី ដឹងច្រើនជាងនរណាទាំងអស់អំពីអ្វីទៅជាអ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកស្រីធ្លាប់ដេកនៅក្នុងបន្ទប់ឃុំឃាំងនៅឯពន្ធនាគារដែល Wa Lone និង Kyaw Soe Oo ដេកនាពេលឥឡូវនេះ”។
លោកស្រីអ៊ួងសានស៊ូជីដែលធ្លាប់ជាអ្នកការពារសិទ្ធិមនុស្សសកលលោកត្រូវបានរងសម្ពាធយ៉ាងខ្លាំងឲ្យប្រើប្រាស់សិទ្ធិអំណាចខាងសីលធម៌របស់លោកស្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីទាមទារឲ្យមានការលើកលែងទោសពីប្រធានាធិបតីសម្រាប់អ្នកសារព័ត៌មានទាំងពីរ៕ AFP
Source: Kampuchea Thmey Daily
0 Comments