Ad Code

គ្រោះ​រញ្ជួយ​ដី​ និង​ការ​បាក់​ដី​នៅ​ជប៉ុន​សម្លាប់​មនុស្ស​យ៉ាងតិច​៨​នាក់



ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​កម្រិត​៦.៦​រ៉ិ​ច​ទ័​រ​ បាន​រញ្ជួយ​នៅ​កោះ​ហុក​កៃ​ដូ ​របស់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៨​នាក់​ និង​ធ្វើ​ឲ្យ​ផ្ទះ​ដួល​រលំ​ហើយ​បង្ក​ឲ្យ​មានការ​បាក់​ដី​ដែល​បាន​បន្សល់ទុក​មនុស្ស​រា​ប់​សិប​នាក់​ទៀត​បាត់​ខ្លួន។

​ការបាក់​ដី​ទ្រង់ទ្រាយ​ធំ​ជាច្រើន​បាន​វាយប្រហារ​តំបន់​ជនបទ​ដែលមាន​ប្រជាជន​ជន​ច្រើន​។ ទីនោះ​ក៏​ជា​កន្លែង​ដែល​រងគ្រោះ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​បាន​បោកបក់​កាត់​ប្រទេស​ជប៉ុន​កាលពីដើម​សប្ដាហ៍​នេះ​ផងដែរ​។​

លំនៅដ្ឋាន​ប្រហែល​៣​លាន​ខ្នង​បាន​បាត់បង់​អគ្គិសនី​បន្ទាប់ពី​ការរញ្ជួយ​ដី​បានធ្វើ​ឲ្យ​ខូចខាត​រោងចក្រ​ថាមពល​ដ៏​ធំ​មួយ​ដែល​ផ្គត់ផ្គង់​ដល់​តំបន់​នេះ​។​

បន្ទាប់ពី​ការរញ្ជួយ​ដី​លើកដំបូង ការរញ្ជួយ​ដី​មួយ​ដែលមាន​រង្វាស់​៥.៣​រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​រញ្ជួយ​តំបន់​នេះហើយ​មានការ​រញ្ជួយ​ដី​ជាច្រើន​ទៀត​បាន​កើតឡើង​ពេញ​មួយ​យប់​និង​ឆ្លង​ដល់​ព្រឹក​។​

ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​ការប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ​ទេ​បន្ទាប់ពី​ការរញ្ជួយ​ដី​ជម្រៅ​រាក់​ដែល​បាន​វាយប្រហារ​ចម្ងាយ​៦២​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Sapporo ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​និយាយថា កម្មករ​សង្គ្រោះ​ប្រហែល​២០,០០០​នាក់​រួមទាំង​ប៉ូលិស​និង​សមាជិក​នៃ​កងកម្លាំង​ស្វ័យការពារ (SDF) ផងដែរ​គឺ​កំពុង​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​នេះ​។ កងទ័ព SDF ប្រមាណ​២០,០០០​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។​

លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​គ្រា​ជា​បន្ទាប់​មួយ​ថា “​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​សង្គ្រោះ​ជីវិត​”​។​

ទូរទស្សន៍ NHK បាន​រាយការណ៍​ថា មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់​ដោយ​៦​នាក់​ក្នុងចំណោម​នេះ​គឺ​បាន​ស្លាប់​នៅក្នុង​ភូមិ Atsuma ដែលជា​កន្លែង​បំណាក់​ដី​បាន​លេប​ត្របាក់​លំនៅដ្ឋាន​។ NHK បាន​បន្ថែមថា មនុស្ស​ជិត​៤០​នាក់​នៅតែ​បាត់​ខ្លួន​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា អ្នកស្លាប់​ក៏​រួមមាន​ទាំង​លោកតា​អាយុ​៨២​ឆ្នាំ​ម្នាក់​ផងដែរ​ដែល​បាន​ធ្លាក់ចុះ​ពី​ជណ្តើរ​នៅផ្ទះ​របស់គាត់​ក្នុងអំឡុងពេល​នៃ​ការរញ្ជួយ​ដី​ហើយ​មនុស្ស​ប្រហែល​១៣០​នាក់​បាន​រងរបួស​ស្រាល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu