ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា បានអះអាងថា ខាងក្រសួងមហាផ្ទៃ ស្នើសុំឲ្យម្ចាស់ហត្ថលេខាទាំងអស់ ដែលលោកបានដាក់ទៅក្រសួង ឡើងមកបង្ហាញខ្លួន និងជំហរឲ្យបានច្បាស់លាស់ ហើយក៏យល់ព្រមទទួលយកឯកសារ ដែលស្នើឲ្យធ្វើកោសល្យវិច័យលើគំរូហត្ថលេខាផងដែរ។
ការស្នើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ខណៈដែលលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានកោះហៅលោក សួន សេរីរដ្ឋា ទៅជួបដើម្បីពិភាក្សាពីពាក្យស្នើសុំអន្តរាគមន៍ទៅក្រសួង ពាក់ព័ន្ធការដឹកនាំគណបក្សអំណាចខ្មែរ។
លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ថា “យើងបានស្នើឲ្យក្រសួងមហាផ្ទៃបង្វែរមកពិនិត្យលក្ខន្តិកៈដើម ដែលគណបក្សបានតម្កល់នៅក្រសួងមហាផ្ទៃវិញ ចឹងគាត់យល់ព្រមហើយ គាត់យល់ព្រមទទួលយកនូវការពិនិត្យពិនិត្យលក្ខន្តិកៈដើម ដែលដាក់នៅក្រសួងមហាផ្ទៃស្តីពីការសមាជនេះទី១ ហើយទីពីរ គាត់ស្នើសុំឲ្យម្ចាស់ហត្ថលេខាទាំងអស់ ដែលបានដាក់ទៅក្រសួងមហាផ្ទៃឡើងមកជួបក្រសួងមហាផ្ទៃទាំងអស់គ្នា ដើម្បីបង្ហាញខ្លួន និងបង្ហាញជំហររបស់ខ្លួនច្បាស់លាស់ ទីបី គាត់យល់ព្រមទទួលយកឯកសារ ដែលក្រុមខ្ញុំទាំងអស់បានដាក់ទៅនៅក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីឲ្យវិភាគកោសល្យវិច័យលើគំរូហត្ថលេខា ដែលខ្ញុំបានបញ្ជាក់ថា លិខិតលាលែងនោះ គឺជាលិខិតលាលែងក្លែងក្លាយ ដែលគេបានបង្ហោះ បង្ហាញសមាជិកតាមខេត្ត ក្រុង”។
ទាក់ទងបញ្ហា លោក សួង សុភណ្ឌ ក៏ត្រូវបានក្រសួងមហាផ្ទៃកោះហៅទៅជួបផងដែរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ហើយលោកបានថ្លែងថា ផ្អែកតាមការពិភាក្សាកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ជាមួយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គឺគណបក្សនៅដំណើរការធម្មតា មិនមានបញ្ហាអ្វីទេ គឺរក្សាអ្វីៗនៅដដែល ប៉ុន្តែនឹងមានផ្តល់ឯកសារបន្ថែមពីគណបក្ស ប៉ុន្តែអ្វីគ្មានការប្រែប្រួលទេ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានស្នើឲ្យក្រសួងមហាផ្ទៃផ្អាកសកម្មភាពគណបក្សអំណាចខ្មែរជាបណ្តោះអាសន្ន ដោយសំអាងថា មានការបន្លំស្នាមេដៃរបស់លោក និងបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានស្ថាបនិក និងជាប្រធានគណបក្សអំណាចខ្មែរ លោកមិនដែលបានចុះហត្ថលេខាលើលិខិតលាលែងពីប្រធានគណបក្សទេ តែលោកបានចុះហត្ថលេខាលើលិខិតតែងតាំងលោក សួង សុភ័ណ្ឌ ជាប្រធានស្តីទី ដើម្បីដឹកនាំប្រចាំថ្ងៃតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា “លោក សួង សុភ័ណ្ឌ បានបន្លំហត្ថលេខារបស់ខ្ញុំ ធ្វើលិខិតលាលែងក្លែងក្លាយ កុហកសមាជិក ស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (អចិន្ត្រៃយ៍) សមាជិកក្រុមប្រឹក្សាតំណាងរាជធានី/ខេត្ត និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ព្រមទាំងបន្លំឯកសារដាក់ជូនក្រសួងមហាផ្ទៃ ធ្វើសមាជវិសាមញ្ញចំនួន២លើក ដើម្បីគ្រប់គ្រង់គណបក្សអំណាចខ្មែរ។
មិនតែប៉ុណ្ណោះ លោក សួង សុភ័ណ្ឌ បានតែងតាំងអនុប្រធានគណបក្សចំនួន២រូប ជំនួសអនុប្រធានគណបក្ស ដែលនៅក្នុងតំណែង ប្តូររូបសញ្ញាគណបក្ស និងធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈគណបក្ស ទាំងរំលោភបំពានច្បាប់លក្ខន្តិកៈជាដើម”៕
Source: Kampuchea Thmey Daily
0 Comments