Ad Code

កីឡាករ ជ័យ ចិ​ត្រា ប្ដេជ្ញា​លេង​១០០% ក្រោយ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា



​ខ្សែបម្រើ ជ័យ ចិ​ត្រា មកពី​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បាន​អះអាងថា​ខ្លួន​រីករាយ​ចំពោះ​ការកោះហៅ​ចូល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ ហើយ​ថា​នេះ​ជា​ក្ដី​ស្រមៃ​របស់ខ្លួន​តាំងពី​តូច​មក​ផងដែរ​។

អតីត​កីឡាករ​វេ​ស្ទើ​ន​ភ្នំពេញ​និង​ក្រសួងការពារជាតិ រូបនេះ​បាន​លើកឡើងថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ពេល​ឮ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​។ កាលពីមុន​គិត​ដែរ​តើ គិតថា អាចមាន​ឱកាស​ជាប់​ជម្រើសជាតិ​។ ការលេង​របស់​យើង​អាច​អភិវឌ្ឍ​ជាង​មុន ហើយ​លេង​បាន​ត្រឹមត្រូវ អ៊ីចឹង​ប្រហែល​គេ​មើលឃើញ​បែប​ហ្នឹង ទើប​មានឱកាស​ជាប់​ជម្រើសជាតិ​។ ខ្ញុំ​ប្ដេជ្ញា​នឹង​ខិតខំ​អស់ពី​ចិត្ត​ពី​កាយ​១០០​ភាគរយ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ល្អ​»​។



​គេ​ចាំ​បាន​ថា ​កីឡាករ ចិ​ត្រា មានកំណើត​នៅ​ខេត្តតាកែវ តែ​ធំធាត់​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​ទទួល​បាន​អាហារូបករណ៍​រៀនសូត្រ​និង​ហាត់​បាល់ទាត់​នៅ​ប្រទេស​ថៃ នៅ​ថ្នាល​យុវជន​ក្លិប Suphanburi (​សមាជិក​លី​គ​កំពូល​ប្រទេស​ថៃ​)​។​ រូបគេ​បាន​មក​ប្រឡូក​អាជីព​បាល់ទាត់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤​ ដោយ​ចូលរួម​វេ​ស្ទើ​ន​ភ្នំពេញ មុន​ទៅ​ភ្នំពេញ​ក្រោ​ន​ក្នុង​ឆ្នាំ​២០១៥ រួច​ត្រលប់​ទៅ​ថៃ​ក្នុង​ឆ្នាំ​២០១៦ និង​លេង​ឲ្យ​ការពារជាតិ​នៅ​ឆ្នាំ​២០១៧​។

កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​កោះហៅ​កីឡាករ​២៣​នាក់​កាលពីពេល​ថ្មីៗ​បូក​ទាំង​កីឡាករ ជ័យ ចិ​ត្រា ផងដែរ​។ ការកោះហៅ​កីឡាករ​ជម្រើសជាតិ​លើក​នេះ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា ជាមួយ​ម៉ាឡេស៊ី នៅវេលា​ម៉ោង​៦និង៣០​ល្ងាច ក្នុង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu