ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋទួរគី នៅថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី។
នៅទីនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបប្រជុំផ្លូវការជាមួយឯកឧត្តម ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋទួរគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភនិងយកចិត្តទុកដាក់រួមក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទេ្វភាគី តំបន់ និងអន្តរជាតិ ព្រមទាំងផ្តោតលើកិច្ចខិតខំប្រឹងប្រែងនានាដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកសក្តានុពលថ្មីៗក្នុងការជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋទួរគី ហើយបន្ទាប់មកនឹងមានសន្និសីទព័ត៌មាន។
លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កំរងផ្កានៅវិមានអានីតកាបៀ (វិមានគោរពវិញ្ញាណក្ខន្ធ) ហើយនឹងជួបពិភាក្សាជាមួយសមាជិកគណៈកម្មាធិការកិច្ចការបរទេស និងមិត្តភាពនៃរដ្ឋសភាទួរគី។
អាស្រ័យដោយមានកំណើនផលប្រយោជន៍រវាងប្រទេសទាំងពីរ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី ក្នុងឆ្នាំ២០១៩ ដែលនឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments