សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានប្រកាសត្រៀមដាក់លក់សំបុត្រសម្រាប់ប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមទីម័រខាងកើត ចាប់ពីដើមខែតុលា តទៅនៅច្រកចូលពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
ប្រភពបានបញ្ជាក់ថា សំបុត្រចូលរួមទស្សនានេះចាប់ផ្តើមលក់នៅថ្ងៃទី ១ តុលា ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ។ ចំណែកការប្រកួតនឹងចាប់ផ្តើមនៅម៉ោង៦និង៣០ ល្ងាច ថ្ងៃទី១២ ខែតុលា លើទីលានពហុកីឡដ្ឋានជាតិ។ សម្រាប់តម្លៃសំបុត្របានបែងចែកជា២ប្រភេទគឺប្រភេទ១ តម្លៃ១០,០០០៛ និងប្រភេទ២តម្លៃ៥,០០០៛។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការមកលេខ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។
សូមបញ្ជាក់ថា ក្រោយប្រកាសតែងតាំងកីឡាករ Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ត្រៀមរៀបចំកម្មវិធីប្រកួតមិត្តភាពអន្តរជាតិចំនួន៤ប្រកួតជាមួយក្រុមជម្រើសជាតិមួយចំនួននៅក្នុងតំបន់ មុនចេញទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ចុងឆ្នាំនេះ។ ប្រកួតមិត្តភាពទាំង៤លើកនេះមានបូកទាំងប្រកួតជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី ថ្មីៗផងដែរ។ ចំណែក៣ប្រកួតផ្សេងទៀតនឹងធ្វើឡើងនៅ១២ ខែតុលា ពោលគឺប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត និងនៅថ្ងៃទី១៦ ខែតុលា ប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី។ ចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា ត្រូវបន្តប្រកួតជាមួយក្រុមបរទេស (មិនទាន់ប្រាកដថាក្រុមណា)។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាមនៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments