Ad Code

ប៉ា​រ៉ា​ហ្គា​យ រើ​ស្ថានទូត​របស់​ខ្លួន​នៅ អ៊ីស្រាអែល ត្រឡប់​ទៅ​ទីក្រុង តែ​ល​អា​វីវ វិញ



ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​រើ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​ទីក្រុង​យេ​រូ​សា​ឡឹម​ទៅ​ទីក្រុង​តែ​ល​អា​វីវ​វិញ​ ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បញ្ជា​ឲ្យ​បិទ​បេសកកម្ម​របស់​ប្រទេស​គាត់​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​ដើម្បី​ជា​ការ​សងសឹក។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​លោក Mario Abdo Benitez ដែល​បាន​ឡើងកាន់តំណែង​កាលពី​ពាក់កណ្តាល​ខែសីហា​បានសម្រេច​ចិត្ត​រួមចំណែក​ដល់​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ក្នុង​តំបន់​និង​អន្តរជាតិ​ដែលមាន​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​ទូលំទូលាយ​និង​យូរអង្វែង​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋាភិបាល​របស់គាត់​។​

ការសម្រេច​ពីដំបូង​ដើម្បី​ផ្លាស់​ទី​ស្ថានទូត​នៅ​ទីក្រុង​តែ​ល​អា​វីវ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​កាន់តំណែង​មុន​របស់លោក Abdo Benitez គឺ​លោក Horacio Cartes ភ្លាមៗ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​។​

លោក Cartes បាន​ចូលរួម​ជាមួយ​លោក Netanyahu ក្នុង​ពិធី​បើក​ស្ថានទូត​ថ្មី​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​កាលពី​ខែឧសភា​។​

លោក Abdo Benitez គឺជា​ប្រធានាធិបតី​ជាប់ឆ្នោត​រួចទៅហើយ​នៅពេលនោះ ហើយ​បាន​ចោទសួរ​អំពី​ការសម្រេចចិត្ត​នេះ​ដោយ​តវ៉ា​ថា គាត់​មិន​ត្រូវបាន​គេ​ពិគ្រោះ​យោបល់​ជាមួយ​។​

ក្នុងការ​ប្រកាស​អំពី​ការផ្លាស់ប្តូរ​នេះ រដ្ឋាភិបាល​របស់លោក​បាន​និយាយថា ខ្លួន​ចាត់ទុកថា​ការវិលត្រឡប់​ទៅ​ទីក្រុង​តែ​ល​អា​វីវ​វិញ​គឺជា​រឿង​សមរម្យ​ប៉ុន្តែ​ការិយាល័យ​របស់លោក Netanyahu ឆ្លើយតប​ថា ការសម្រេចចិត្ត​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

គួរបញ្ជាក់​ជាថ្មី​ថា លោក Trump បាន​បំបាត់ចោល​គោលនយោបាយ​រយៈពេល​ច្រើន​ទសវត្សរ៍​របស់​សហរ​ដ្ឋ​អាមេរិក​តាមរយៈ​ការផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក​ទៅកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​នៅ​ថ្ងៃទី​១៤​ខែឧសភា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ខឹងសម្បា​និង​ធ្វើ​ឲ្យ​មាន​ការតវ៉ា​កាន់តែខ្លាំង​ឡើង​នៅ​ព្រំដែន​ហ្គា​ហ្សា​ដោយមាន​មនុស្ស​៦០​នាក់​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​នៅថ្ងៃនោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu