Ad Code

ពលរដ្ឋ​ប្រឆាំង​តវ៉ា មិន​អោយ​បង្កើត​ស្ថានីយប្រេងឥន្ធនៈ​នៅ​ទីប្រជុំជន



បាត់ដំបង ៖ ទីតាំង​មួយកន្លែង​ដែល​ម្ចាស់ផ្ទះ​បានរៀបចំ​តាមបែប​ជា​លក្ខណៈ ស្ថានីយ​ប្រេង​ឥន្ធនៈ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រឆាំង​តវ៉ា មិនអោយ​បង្កើតជា​ដាច់ខាត ដោយ​ពួកគាត់​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ហា​និភ័យ ដែល​អាច​កើតមានឡើង​បាន​គ្រប់ពេលវេលា។

ទីតាំង​ដែលមាន​ការប្រឆាំង​រារាំង​នេះ ស្ថិតនៅ​ភូមិ​អូរ​តាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ម្ចាស់​ទីតាំង​មានឈ្មោះ ងិន ឆប ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​បុគ្គល​រូបនេះ​ បាន​ប្រឹងប្រែង និង​ព្យាយាម​យ៉ាង​ស្ងាត់កំបាំង​ដើម្បី​ប្រឆាំង​នឹង​ផ្លូវច្បាប់។

គួរ​បញ្ជាក់​ដែរ​ថា ស្ថានីយ​នេះ បាន​កសាង​ឡើង​នា​ឆ្នាំ​២០១៣ ដោយ​គេ​បាន​បញ្ចុះ​ស៊ីទែន​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ដើម្បី​បំបាំងភ្នែក​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដោយសារតែ​ទីតាំង​នេះ​មិន​សមជា​កន្លែង​សម្រាប់​បង្កើត​ជា​ស្ថានីយប្រេងឥន្ធនៈ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ជាន់​នឹង​កាប៊ីន​ភ្លើង​ផង និង​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ជាប់ៗ​គ្នា​ផង ព្រោះ​តាមផ្លូវ​ច្បាប់ ស្ថានីយ​នីមួយៗ​ត្រូវមាន​ទំហំ​ជាង​៣០០ ម៉ែត្រ​ការេ និង​មាន​គម្លាត​ពី​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងតិច ៣៥ ម៉ែត្រ។

កាលនោះ​ក៏​មាន​ការ​តវ៉ា​មិន​អោយ​សាងសង់​ដែរ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ផ្តិតមេដៃ​សរុប​ចំនួន ១៦៨ នាក់ ដោយ​ក្រោយមក​ក៏​មាន​ការ​កោះហៅ​អោយ​ចូលរួម​ប្រជុំ​នៅ​សាលាក្រុង​ ដែល​កាលនោះ ​ មាន​លោក សៀង​ឯម វូ​ន​ស្ហ៊ី ជា​អភិបាលក្រុង ដោយ​លោក​មិន​អនុញ្ញាត​អោយ​សាងសង់​ឡើង ប៉ុន្តែ​បើ​ទោះ​បីជា​បុគ្គល​ដែល​ជា​ម្ចាស់​ធ្លាប់​បាន​ផ្តិត​មេដៃ​បញ្ឈប់​ការសាងសង់​ក៏ដោយ ក៏​គេ​នៅតែ​លប់​បន្តសកម្មភាព ដឹក​សម្ភារៈ និង​បរិក្ខារ​ដែល​ពាក់ព័ន្ធ​ចូល​យ៉ាង​ស្ងៀមស្ងាត់​នៅពេល​យប់។

ដោយសារតែ​បញ្ហា​នេះ​ទើប​នៅ​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ទីតាំង ដើម្បី​រារាំង​ការបង្កើត​ស្ថានីយ​នេះ ហើយក៏​មានការ​ចុះ​មក​សម្របសម្រួល​ពី​សំណាក់ លោក​អភិបាលរងក្រុង លាង វាសនា​ផងដែរ ដោយ​លោក​បាន​លើកឡើងថា សុំ​អោយ​ប្រជាពលរដ្ឋ​មានការ​ស្ងប់ចិត្ត ព្រោះ​តុលាការ​បាន​លុបចោល នូវ​ច្បាប់​សុំ​សិទ្ធិ​រក្សា​ការពារ​ហើយ និង​ស្អែក​នេះ ទាំង​អាជ្ញាធរ​ក៏ដូចជា​ខាង​តុលាការ នឹង​ធ្វើការ​កោះ​អញ្ជើញ​ម្ចាស់​ទីតាំង​អោយ​ចូលរួម​ស្តាប់​អំពី​ចំណាត់ការ ហើយ​គ្មាន​សិទ្ធិ​សាងសង់ និង​បង្កើតជា​ស្ថានីយប្រេងឥន្ធនៈ​តទៅទៀត​ជាដាច់ខាត ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu