Ad Code

កាណាដា​ដកហូត​សញ្ជាតិ​កិត្តិយស​ពី​លោកស្រី អ៊ួ​ង សាន​ស៊ូ​ជី



សភា​កាណាដា​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដកហូត​សញ្ជាតិ​កាណាដា​កិត្តិយស​ពី​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ួ​ង សាន​ស៊ូ​ជី ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។​

រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បានផ្តល់​កិត្តិយស​ដ៏​កម្រ​មួយ​ក្នុង​ឆ្នាំ​២០០៧​ដល់​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ជាប់​ឃុំឃាំង​យូរអង្វែង​និង​ជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​រូបនេះ​។​

ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ជា​អន្ដរជាតិ​របស់លោក​ស្រី​បាន​វិនាស​ដោយសារតែ​ការបដិសេធ​របស់លោក​ស្រី​ក្នុង​ការបញ្ឈប់​អំពើ​ឃោរឃៅ​ដោយ​កងទ័ព​របស់លោក​ស្រី​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​ក្រុង​អូ​តា​វ៉ា​កាលពី​សប្តាហ៍​មុន​បានប្រកាសថា​ជា​អំពើ​ប្រល័យពូជសាសន៍​។​

លោក Adam Austen អ្នកនាំពាក្យ​រដ្ឋមន្ត្រីក្រសួង​ការបរទេស Chrystia Freeland បាន​និយាយថា “​ក្នុង​ឆ្នាំ​២០០៧ សភា​បានផ្តល់​ឲ្យ​លោកស្រី​អ៊ួ​ង​សាន​ស៊ូ​ជី​នូវ​ឋានៈ​ជា​ពលរដ្ឋ​កាណាដា​កិត្តិយស​ហើយ​ថ្ងៃនេះ សភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សំណើ​មួយ​ដើម្បី​លុបចោល​ឋានៈ​នេះ​”​។​

យុទ្ធនាការ​យោធា​ដ៏​សាហាវ​មួយ​ដែល​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​បាន​បណ្ដេញ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០០,០០០​នាក់​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នៅ​ទីនោះ ពួកគេ​កំពុង​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ដ៏​អាក្រក់​ហើយ​មាន​ភាពភ័យខ្លាច​ក្នុងការ​វិលត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ថ្វីបើ​មាន​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ក៏ដោយ​។​

មនុស្ស​ជាច្រើន​បាន​និយាយ​អំពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ អំពើហិង្សា​ផ្លូវភេទ​និង​ការដុត​បំផ្លាញ​ផ្ទះ​។​
​លោក Austen បានលើកឡើង​ពី​ការបដិសេធ​មិន​ឈប់ឈរ​របស់​លោកស្រី ស៊ូ​ជី ក្នុងការ​ថ្កោលទោស​ការ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​សម្រាប់​ការដកហូត​សញ្ជាតិ​កាណាដា​កិត្តិយស​នេះ​។​

លោក​បាន​បន្ថែមថា “​យើង​នឹង​បន្ត​គាំទ្រ​ដល់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ផ្តល់នូវ​ជំនួយ​មនុស្សធម៌ ដាក់ទណ្ឌកម្ម​ប្រឆាំង​ឧ​ត្ត​ម​សេនីយ៍​មី​យ៉ាន់​ម៉ា​និង​ទាមទារ​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ស្ថាប័ន​អន្តរជាតិ​”​។​

សញ្ជាតិ​កាណាដា​កិត្តិយស​ត្រូវបាន​ផ្តល់​ឲ្យ​មនុស្ស​ត្រឹមតែ​ប្រាំ​នាក់​ទៀត​ប៉ុណ្ណោះ​ដោយ​រួមមាន​ទាំង​សម្តេច​សង្ឃ Dalai Lama, អ្នកតស៊ូ​មតិ​ការអប់រំ​កុមារី​នាង Malala Yousafzai និង​លោក Nelson Mandela ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu