ភ្នំពេញ ៖ ការិយាល័យពាណិជ្ជកម្មខេត្តតាមជាយដែនភាគខាងត្បូង នៃប្រទេសថៃ រួមមានខេត្តស៊ង់ខ្លា យ៉ាឡា ប៉ាត់តានី ណារ៉ាធិវ៉ាត និងខេត្តសាទូន បានរៀបចំកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងលក់ផលិតផលថៃរបស់ខេត្តទាំង៥ ដែលកម្មវិធីនេះត្រូវបានប្រសិទ្ធិនាមថា “SOUTHERN THAILAND BEST PRODUCT @ Phnom Penh”មានរយៈ៤ថ្ងៃចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្មវិធីនេះ មានការតាំងពិព័រណ៍ពាណិជ្ជកម្មនិងលក់ផលិតផលដោយផលិតករជាង ៥០ ស្តង់ ដោយមានលក់ផលិតផលក្នុងតម្លៃពិសេស មានដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ ផលិតផលចំណីអាហារ និងផលិតផលសិប្បកម្មមានដូចជា ស្បែកជើងសាញននោងដើម្បីសុខភាព ខ្នើយដើមកៅស៊ូ សាប៊ូសំបកមង្ឃុត និងគ្រឿងអលង្ការដែលផលិតចេញពីស្រការត្រីជាដើម។
លើសពីនេះជារៀងរាល់ថ្ងៃនិងមានកម្មវិធីផ្ដល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រិយមិត្តដែលមកចូលរួមផងដែរ ដូចជាការផ្សងសំណាង ចែករង្វាន់ផ្សេងៗ រួមជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌ថៃភាគខាងត្បូងដែលល្អមើលប្លែកភ្នែកផងដែរ។
ក្នុងកម្មវិធី “SOUTHERN THAILAND BEST PRODUCT @ Phnom Penh” នេះ ក្រៅពីនាំយកផលិតផលគុណភាពឈានមុខពី ៥ ខេត្តភាគខាងត្បូងនៃប្រទេសថៃរួមមាន ខេត្តស៊ង់ខ្លា យ៉ាឡា ប៉ាត់តានី ណារ៉ាធិវ៉ាត និងខេត្តសាទូន ដែលបង្កើនជម្រើសនៃផលិតផលជូនបងប្អូនក៏ដូចជាភ្ញៀវទេសចរហើយនោះ កម្មវិធីនេះធ្វើឡើងក្នុងគោលដៅពង្រឹងមិត្តភាពនៃភាពជាដៃគូជំនួញក្នុងរាជធានីភ្នំពេញជាមួយផលិតករនៃ៥ ខេត្តភាគខាងត្បូងនៃប្រទេសថៃផងដែរ៕
Source: Kampuchea Thmey Daily
0 Comments