ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានស្នើដល់អ្នកភាសាវិទ្យាជួយពង្រឹងភាសាខ្មែរឲ្យបានរីកចម្រើន ដើម្បីភាសាខ្មែរនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសំរាប់បំបែកទៅក្នុងវិទ្យាសាស្ត្រពិត ព្រោះថាគ្មានភាសាអ្វីដែលមិនកំចីនោះទេ ទោះបីជាប្រទេសមហាអំណាច បារាំង រុស្សីដែលមានភាសាចំណាស់ជាងគេក៏នៅតែខ្ចីភាសាឡាទីនដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី”ការបង្ហាញសៀវភៅភាសាខ្មែរ”ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសានៃរាជបណ្ឌិត្យសភាកម្ពុជា។លោកបណ្ឌិតសភាចារ្យបន្តប្រទេសមួយដែលមានការរីកចំរើនគឺប្រទេសនោះត្រូវបានគេយកភាសាអក្សរសាស្ត្រជាតិមកប្រើប្រាស់ជាយាន។ ជាមួយគ្នានេះលោកបណ្ឌិត ប្រធានបញ្ជាក់ថា ភាសាគឺជារបស់យើងទាំងអស់គ្នា ភាសាណាក៏ដូចភាសាណាដែរ តែងតែមានបញ្ហាដូចគ្នា ដើម្បីដោះស្រាយបញ្ហានេះ អ្នកភាសាវិទ្យា អ្នកនយោបាយបានប្រើវិធីផ្សេងៗមានដូចជា ការកំណត់គោលនយោបាយជាតិភាសា វេយ្យករណ៍ វចនានុក្រម ជាដើម។
ហេតុនេះហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រគល់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរឲ្យបំពេញតួនាទីសំខាន់ៗជាច្រើនជាពិសេសគឺ ការៀបចំគោលនយោបាយជាតិស្តីពីភាសាខ្មែរ និងការធ្វើវចនានុក្រម ភាសាខ្មែរ ក្នុងគោលបំនងសុខដុមនីយកម្មការប្រើប្រាស់ភាសាខ្មែរ ឲ្យបានសមស្របតាមគ្រប់វិស័យ។
លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សៀវភៅភាសាខ្មែរដែលគណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំនិពន្ធរយៈពេល៣ឆ្នាំ ដោយមានលោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ជាប្រធាននៃគណៈកម្មការភាសាវិទ្យានេះ។សៀវភៅភាសាខ្មែរនេះត្រូវបានបកស្រាយបង្ហាញដោយវាគ្មិន៤រូបលើប្រធានបទ ១ទិដ្ឋភាពទូទៅនៃសៀវភៅភាសាខ្មែរ ២សូរ សទ្ទតា និងអក្សរខ្មែរ ៣វចនវិទ្យា និង៤ សម្ព័ន្ធវិទ្យា។ លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ គឺជាធាតុចូលយ៉ាងសំខាន់សំរាប់ការផ្សព្វផ្សាយសៀវភៅភាសាខ្មែរ ដែលជាគុណប្រយោជន៍នៃអក្សរសាស្ត្រជាតិយើង៕
Source: Kampuchea Thmey Daily
0 Comments