Ad Code

ចាន់ សាន់ និង ប៊ុន សុធា ឈ្នះ ថៃ​ដូចគ្នា​ក្នុង​ជម្រុះ​គូ​បូ​តា​ជុំ​ទី​៣



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ​១​គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​២៨​ កញ្ញា​ ២០១៨ ដែលមាន​អ្នក​ប្រដាល់​៤​រូប ខ្មែរ​២ និង ថៃ​២​រូបនោះ ចាន់ សាន់ និង ប៊ុន សុធា វាយ​ឈ្នះ​ទាំងពីរ​នាក់។

សម្រាប់​ជំនួប​ជុំ​ទី​៣ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Plangthip Por.Yuthphumi ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។​ចាន់ សាន់ នៅក្នុង​ទឹក​ទី​១​ត្រូវ Plangthip ដាល់​ចំ​គុម្ព​ថ្គាម​ស្តាំ បណ្តាលអោយ​ទ្រេតរ​កដួល ហើយ​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ ។ តែ​យ៉ាងណា​ចាន់​សាន់​ក្រោយពី​រាប់​ម្តងនោះ គេ​បាន​ប្រឹង​វាយយក​ប្រៀប​ឈ្នះ​លើ​Plangthip​វិញ ពិសេស​ក្នុង​ទឹក​ទី​៥ គឺ​គេ​ឈ្នះ​ថៃ​ដាច់​តែម្តង ដែល​ធ្វើ​ឲ្យ​ចប់​ការប្រកួត​ចាន់​សាន់​ឈ្នះ Plangthip ដោយ​ពិន្ទុ ។​

ជាមួយនឹង​លទ្ធផល​នេះ បានធ្វើអោយ​ចាន់ សាន់ ក្នុង​៣​ប្រកួត​ឈ្នះ​១​ប្រកួត​និង​ចាញ់​ពីរ​ប្រកួត​បាន​៥​ពិន្ទុ​ប៉ុណ្ណោះ ឯ Plangthip Por.Yuthphumi គេ​បាន​៣​ពិន្ទុ ដោយ​ក្នុង​បី​ប្រកួត​ដូចគ្នា​ចាញ់​ទាំង​៣ ប្រកួត ។

ចំពោះ ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ជួប​អ្នក​ប្រដាល់​ថៃ Kaoreanghom Pctchchinda សម្រាប់​ជំនួប​ជុំ​ទី​៣​នេះដែរ​នោះ សុធា វាយ​ឈ្នះ Kaoreanghom ដោយ​ពិន្ទុ​ដែរ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។

ស្ថានភាព​នៃ​ការប្រកួត ប៊ុន សុធា គឺ​គេ​មានប្រៀប​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ Kaoreanghom សឹងតែ​គ្រប់ទឹក ពោលគឺ Kaoreanghom ចាញ់​ទាំង​កណ្តាប់ដៃ ជើង​ទាត់ និង​ជង្គង់​កែង របស់​សុធា​ទាំងអស់​តែម្តង ។ ទោះជា​យ៉ាងណា Kaoreanghom ស៊ូ​បាន​៥​ទឹក និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

លទ្ធផល​នេះ បានធ្វើអោយ​Kaoreanghom Pctchchinda ទទួលបាន​៥​ពិន្ទុ ក្នុង​បី​ប្រកួត ដោយ​ឈ្នះ​១​ប្រកួត​និង​ចាញ់​២​ប្រកួត ហើយ​ប៊ុន សុធា បាន​៩​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​៣​ជុំ​នេះ ពោលគឺ​គេ​វាយ​ឈ្នះ​ទាំង​៣​ប្រកួត ។​

សូមបញ្ជាក់ថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​កីឡាករ​ខ្លាំង​ចំនួន​១០​រូប ដែល​ចូលរួម​ក្នុងការ​ប្រកួត​នេះ ក្នុងនោះ​អ្នក​ប្រដាល់​កម្ពុ​ជាមាន​ចំនួន​៥​រូប

គឺ​ចាន់ សាន់ ក្លិប​និរោធ​មានជ័យ​-​ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ - ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា - ប៊ុន សុធា សមាគម​កីឡា​ក្រសួងការពារជាតិ និង រិ​ទ្ធ អាទិត្យ ក្លិប​អាណាចក្រ​គុន​ខ្មែរ ។​

ចំពោះ​អ្នក​ប្រដាល់​ថៃ​ដែលមាន​៣​នាក់​វិញ មាន Anuntasak Site Phukhorngyus , Kaoreanghom Pctchchinda និង Plangthip Por.Yuthphumi ហើយ​អ្នក​ប្រដាល់​ឡាវ មាន​២​នាក់​នោះ គឺ Wangngeun Rungreankilanakom Phattom និង Seang Suriyak Site Torkahkart ។

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៤ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu